កិច្ចការ 22:1-21

កិច្ចការ 22:1-21 ពគប

ឱ​អ្នក​រាល់​គ្នា ជា​បង​ប្អូន ហើយ​ជា​ឪពុក​អើយ​សូម​ស្តាប់​សេចក្ដី​ដោះ‌សា​របស់​ខ្ញុំ​សិន (កាល​គេ​ឮ​គាត់​និយាយ​ជា​ភាសា​ហេព្រើរ នោះ​គេ​រឹត‌តែ​នៅ​ស្ងៀម​ទៅ​ទៀត) រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​សាសន៍​យូដា កើត​នៅ​ក្រុង​តើ‌សុស ក្នុង​ស្រុក​គីលីគា តែ​បាន​រៀន​នៅ​ទី​ក្រុង​នេះ ទៀប​ជើង​លោក​កាម៉ា‌លាល ដែល​លោក​បង្រៀន​ខ្ញុំ តាម​ន័យ​ត្រឹម‌ត្រូវ ក្នុង​ក្រិត្យ‌វិន័យ​របស់​ពួក​ឰយុកោ​យើង ហើយ​ខ្ញុំ​មាន​សេចក្ដី​ឧស្សាហ៍​ដល់​ព្រះ ដូច​ជា​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ​ដែរ ពី​ដើម​ខ្ញុំ​ជា​អ្នក​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មនុស្ស ដែល​កាន់​តាម​ផ្លូវ​នេះ ឲ្យ​ដល់​ស្លាប់​ក៏​មាន ព្រម​ទាំង​ចាប់​ចង​គេ​ទាំង​ប្រុស​ទាំង​ស្រី បញ្ជូន​ទៅ​ដាក់​គុក​ដែរ ដូច​ជា​សំដេច​សង្ឃ នឹង​ពួក​ចាស់‌ទុំ​ទាំង​អស់ ជា​ទី​បន្ទាល់​ពី​ខ្ញុំ​ស្រាប់ ហើយ​ខ្ញុំ​បាន​ទទួល​យក​សំបុត្រ​ពី​លោក ទៅ​ឲ្យ​ពួក​សាសន៍​យើង​នៅ​ក្រុង​ដាម៉ាស រួច​ខ្ញុំ​ក៏​ចេញ​ទៅ ដើម្បី​នឹង​នាំ​យក​អស់​អ្នក​ក្នុង​ពួក​នេះ​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​នោះ​ទាំង​ជាប់​ចំណង មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ឲ្យ​គេ​ជាប់​ទោស លុះ​កាល​ខ្ញុំ​កំពុង​តែ​ដើរ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស ក្នុង​ពេល​ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ នោះ​ស្រាប់​តែ​មាន​ពន្លឺ​យ៉ាង​ខ្លាំង​ពី​លើ​មេឃ បាន​ភ្លឺ​មក​នៅ​ជុំ‌វិញ​ខ្ញុំ ខ្ញុំ​ក៏​ដួល​ដល់​ដី ហើយ​ឮ​សំឡេង​មាន​បន្ទូល​មក​ខ្ញុំ​ថា សុល នែ​សុល ហេតុ​អ្វី​បាន​ជា​ធ្វើ​ទុក្ខ​ដល់​ខ្ញុំ ខ្ញុំ​បាន​ឆ្លើយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ណា​នុ៎ះ រួច​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ជា​ព្រះ‌យេស៊ូវ ពី​ភូមិ​ណា‌សារ៉ែត ដែល​អ្នក​បៀត‌បៀន ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​ក៏​ឃើញ​ពន្លឺ​នោះ​ដែរ ហើយ​មាន​សេចក្ដី​ភ័យ​ខ្លាច តែ​មិន​ឮ​សំឡេង​ព្រះ‌អង្គ​ដែល​មាន​បន្ទូល​មក​ខ្ញុំ​នោះ​ទេ ខ្ញុំ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ធ្វើ​ដូច​ម្តេច រួច​ព្រះ‌អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក ពី​អស់​ទាំង​ការ ដែល​បាន​ដំរូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើ នោះ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​បាន​ដឹក​ដៃ​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស ពី​ព្រោះ​ខ្ញុំ​មើល​អ្វី​មិន​ឃើញ​សោះ ដោយ​ព្រោះ​រស្មី​ដ៏​ឧត្តម​នៃ​ពន្លឺ​នោះ រួច​មាន​មនុស្ស​ម្នាក់​ឈ្មោះ​អាន៉្នានាស គឺ​ជា​អ្នក​កោត‌ខ្លាច​ដល់​ព្រះ តាម​ក្រិត្យ‌វិន័យ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​សាសន៍​យូដា​ទាំង​អស់​ដែល​នៅ​ទី​នោះ អ្នក​នោះ​ក៏​មក​ឈរ​ជិត​ខ្ញុំ​និយាយ​ថា អ្នក​សុល​អើយ សូម​ឲ្យ​ភ្នែក​អ្នក​បាន​ភ្លឺ​ឡើង នៅ​វេលា​នោះ​ឯង ខ្ញុំ​ក៏​ងើប​ភ្នែក​ឡើង​ឃើញ​គាត់ រួច​គាត់​និយាយ​មក​ខ្ញុំ​ថា ព្រះ​នៃ​ពួក​ឰយុកោ​យើង​បាន​ដំរូវ​ឲ្យ​អ្នក​ស្គាល់​ចំណង់​នៃ​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​សំឡេង​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដ្បិត​អ្នក​ត្រូវ​ធ្វើ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់ ដល់​មនុស្ស​ទាំង​អស់ ពី​គ្រប់​ការ​ដែល​អ្នក​បាន​ឃើញ​បាន​ឮ ឥឡូវ​នេះ តើ​អ្នក​បង្អង់​ចាំ​អ្វី​ទៀត ចូរ​ក្រោក​ឡើង ទទួល​បុណ្យ​ជ្រមុជ‌ទឹក ហើយ​លាង​បាប​អ្នក​ចេញ​ចុះ ដោយ​ការ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ ហើយ​ក៏​ឃើញ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ប្រញាប់​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ឆាប់ ពី​ព្រោះ​គេ​មិន​ទទួល​ពាក្យ​ដែល​អ្នក​ធ្វើ​បន្ទាល់​ពី​ខ្ញុំ​ទេ ខ្ញុំ​ក៏​ទូល​ថា ព្រះ‌អម្ចាស់​អើយ អ្នក​ទាំង​នោះ​ដឹង​ថា ទូលបង្គំ​បាន​ចាប់​ពួក​អ្នក​ដែល​ជឿ​ដល់​ទ្រង់​ដាក់​គុក​ហើយ ព្រម​ទាំង​វាយ​គេ​នៅ​ក្នុង​គ្រប់​ទាំង​សាលា​ប្រជុំ​ផង កាល​ដែល​ឈាម​ស្ទេផាន ជា​ស្មរ​បន្ទាល់​របស់​ទ្រង់ បាន​ត្រូវ​ខ្ចាយ នោះ​ទូលបង្គំ​ក៏​ឈរ​នៅ​ទី​នោះ​ដែរ បាន​ទាំង​យល់​ព្រម​ឲ្យ​សំឡាប់​គាត់ ហើយ​នៅ​ចាំ​អាវ​នៃ​ពួក​អ្នក ដែល​សំឡាប់​គាត់​ផង នោះ​ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទៅ​ចុះ ដ្បិត​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយ។

អាន កិច្ចការ 22