២ សាំយូអែល 6:9-15

២ សាំយូអែល 6:9-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​វិញ​បាន?» យ៉ាង​នោះ ព្រះបាទ​ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ក្រុង​របស់​ដាវីឌ​ទេ គឺ​ទង់​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ។ ហិប​របស់​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ក្រុង​កាថា​នោះរយៈ​ពេល​បី​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដុម ព្រម​ទាំង​គ្រួសារ​គាត់​ទាំង​អស់​គ្នា។ មាន​គេ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ​ថា៖ «ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​គ្រួសារ​អូបិឌ-អេដុម និង​អ្វីៗ​ទាំងអស់​របស់​គាត់ ដោយ​ព្រោះ​ហិបរបស់​ព្រះ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​យាង​ទៅ​យក​ហិប​របស់​ព្រះ​ពី​ផ្ទះ​អូបិឌ-អេដុម ចូល​មក​ក្នុង​ក្រុង​របស់​ព្រះករុណា​វិញ​ដោយ​អំណរ។ កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។ ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។ ព្រះបាទ​ដាវីឌ និង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ បាន​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ និង​សូរ​ផ្លុំ​ត្រែ​ផង។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:9-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ព្រះ‌បាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃ​ព្រះ‌អម្ចាស់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។ ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះ‌អម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះ‌បាទ​ដាវីឌ តែ​ទ្រង់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ។ ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​លោក​អូបេដ‌អេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។ មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ‌អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​ព្រះ‌ជាម្ចាស់»។ ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ក៏​យាង​ទៅ​ផ្ទះ​លោក​អូបេដ‌អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ព្រះ‌បាទ​ដាវីឌ ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។ នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់​ព្រះ‌អម្ចាស់ ដើរ​បាន​ប្រាំ​មួយ​ជំហាន ព្រះ‌បាទ​ដាវីឌ​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា។ ព្រះ‌បាទ​ដាវីឌ​រាំ លោត​កព្ឆោង​ថ្វាយ​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ* ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។ ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់​ព្រះ‌អម្ចាស់​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។

ចែក​រំលែក
អាន ២ សាំយូអែល 6

២ សាំយូអែល 6:9-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ថ្ងៃ​នោះដាវីឌ​ក៏​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​មាន​បន្ទូល​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ចូល​មក​ឯ​អញ​បាន យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ ដូច្នេះ ហឹប​នៃ​ព្រះ‌យេហូវ៉ា​ក៏​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ពី​ក្រុង​កាថ​នោះ​អស់​៣​ខែ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​អូបិឌ-អេដំម ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​គ្នា។ មាន​គេ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ដល់​ពួក​គ្រួ​អូបិឌ-អេដំម នឹង​របស់​គាត់​ទាំង​អស់ ដោយ​ព្រោះ​ហឹប​នៃ​ព្រះ ដូច្នេះ ដាវីឌ​ទ្រង់​ក៏​យាង​ទៅ​នាំ​យក​ហឹប​នៃ​ព្រះ ពី​ផ្ទះ​អូបិឌ-អេដំម ចូល​មក​ក្នុង​ក្រុង​របស់​ទ្រង់​វិញ​ដោយ​អំណរ កាល​ពួក​អ្នក​ដែល​សែង​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​៦​ជំហាន នោះ​ទ្រង់​ថ្វាយ​គោ​ឈ្មោល​១ នឹង​កូន​គោ​១​យ៉ាង​ធាត់ ដាវីឌ​ក៏​លោត‌កញ្ឆេង​អស់​ពី​កំឡាំង​ទ្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស ដូច្នេះ ដាវីឌនឹង​ជំនួរ​វង្ស​នៃ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ បាន​នាំ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ឡើង​មក​ដោយ​សំឡេង​ហ៊ោ​ឡើង នឹង​សូរ​ផ្លុំ​ត្រែ​ផង។

ចែក​រំលែក
អាន ២ សាំយូអែល 6