២ សាំយូអែល 21:15-22
២ សាំយូអែល 21:15-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែលមួយលើកទៀត ហើយព្រះបាទដាវីឌបានយាងចុះទៅជាមួយពួកពលទ័ពរបស់ទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ព្រះបាទដាវីឌអស់កម្លាំងយ៉ាងខ្លាំង។ យីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសម្បើម លំពែងរបស់វាមានទម្ងន់ជាលង្ហិនបីរយសេកែល ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សម្លាប់ព្រះបាទដាវីឌ។ តែអ័ប៊ីសាយកូនសេរូយ៉ា បានមកការពារជំនួស ក៏កាប់សម្លាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ព្រះបាទដាវីឌបានស្បថនឹងទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅជាមួយយើងខ្ញុំ ក្នុងទីចម្បាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ»។ ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅពេលនោះ ស៊ីបាកាយជាពូជហ៊ូសាយ បានសម្លាប់សាភកូនរបស់អ្នកមានមាឌធំនោះទៅ។ ពេលនោះ មានចម្បាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន កូនយ្អារេ-អូរគីម អ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំតម្បាញ។ មានចម្បាំងមួយទៀត នៅត្រង់ក្រុងកាថ នៅទីនោះ មានមនុស្សមាឌធំសម្បើមម្នាក់ មានម្រាមដៃប្រាំមួយទាំងសងខាង ហើយជើងទាំងសងខាងក៏មានម្រាមប្រាំមួយដែរ រួមទាំងអស់ម្ភៃបួន គាត់ក៏ជាកូនចៅរបស់អ្នកដែលមានមាឌធំនោះដែរ។ ពេលគាត់ប្រកួតនឹងសាសន៍អ៊ីស្រាអែល យ៉ូណាថានកូនសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌបានសម្លាប់គាត់ចោលទៅ។ អ្នកទាំងបួននេះជាកូនចៅរបស់អ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយបានស្លាប់ដោយដៃព្រះបាទដាវីឌ និងពួកទ័ពរបស់ទ្រង់។
២ សាំយូអែល 21:15-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ជនជាតិភីលីស្ទីនបានមកច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី។ ព្រះបាទដាវីឌនាំពលទាហានចេញទៅវាយជនជាតិភីលីស្ទីន។ ព្រះបាទដាវីឌនឿយហត់ជាខ្លាំង។ ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងធ្វើគុតព្រះបាទដាវីឌ។ ប៉ុន្តែ លោកអប៊ីសាយ ជាកូនរបស់លោកស្រីសេរូយ៉ា ទៅជួយព្រះបាទដាវីឌ ហើយសម្លាប់ជនជាតិភីលីស្ទីននោះ។ ពលទាហានទាំងអស់ទទូចអង្វរព្រះបាទដាវីឌ សូមកុំឲ្យស្ដេចយាងចេញទៅច្បាំងរួមជាមួយពួកគេទៀតឡើយ ដើម្បីកុំឲ្យជនជាតិអ៊ីស្រាអែលបាត់បង់ស្ដេច។ ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ បន្ទាប់មកទៀត មានកើតចម្បាំងសាជាថ្មីជាមួយជនជាតិភីលីស្ទីននៅកូបដែរ។ ពេលនោះ លោកអែលហាណាន ជាកូនរបស់លោកយារេ-អូរេគីម ជាអ្នកភូមិបេថ្លេហិម បានសម្លាប់កូលីយ៉ាត ជាអ្នកក្រុងកាថ។ ដងលំពែងរបស់កូលីយ៉ាតមានរាងដូចផ្សំរបស់កីតម្បាញ។ បន្ទាប់មក ក៏កើតមានចម្បាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំមានម្រាមដៃ និងម្រាមជើង ម្ខាងៗប្រាំមួយ សរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។ គាត់បានបបួលជនជាតិអ៊ីស្រាអែលឲ្យចេញមកតទល់នឹងគាត់។ ដូច្នេះ លោកយ៉ូណាថាន ជាកូនរបស់លោកសាំម៉ា និងជាក្មួយរបស់ព្រះបាទដាវីឌ បានសម្លាប់អ្នកនោះចោលទៅ។ ទាហានភីលីស្ទីនទាំងបួននាក់ ដែលព្រះបាទដាវីឌ និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។
២ សាំយូអែល 21:15-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយនឹងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កំឡាំងជាខ្លាំង ហើយយីសប៊ី-បេណូប ជាកូនរបស់ពួកអ្នកដែលមានមាឌធំសំបើម លំពែងរបស់វាមានទំងន់ជាលង្ហិន៣០០ដំឡឹង ហើយវាក្រវាត់ដាវថ្មី ក៏គិតចង់សំឡាប់ដាវីឌ តែអ័ប៊ីសាយ ជាកូនសេរូយ៉ា បានមកការពារជំនួសទ្រង់ ក៏កាប់សំឡាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ដាវីឌបានស្បថនឹងទ្រង់ថា ទ្រង់មិនត្រូវចេញទៅជាមួយនឹងយើងខ្ញុំរាល់គ្នា ក្នុងទីចំបាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ។ ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ ក៏មានចំបាំងនឹងពួកភីលីស្ទីន នៅត្រង់កូបម្តងទៀត ហើយអែលហាណាន ជាកូនយ្អារេ-អូរគីមពីបេថ្លេហិម គាត់បានសំឡាប់កូលីយ៉ាត ក្នុងពួកកាថទៅ ឯដងលំពែងរបស់អ្នកនោះមានទំហំប៉ុនផ្សំដំបាញ នៅត្រង់ក្រុងកាថក៏មានចំបាំងទៀតដែរ នៅទីនោះមានមនុស្សម្នាក់មានមាឌធំសំបើម មានម្រាមដៃ៦ទាំងសងខាង ឯជើងទាំងសងខាង ក៏មានម្រាម៦ដែរ រួមទាំងអស់ជា២៤ អ្នកនោះក៏កើតពីពូជអ្នកដែលមានមាឌធំនោះ កាលវាប្រកួតនឹងសាសន៍អ៊ីស្រាអែល នោះយ៉ូណាថាន ជាកូនសាំម៉ា ជេដ្ឋានៃដាវីឌបានសំឡាប់វាទៅ អ្នកទាំង៤នេះជាពូជនៃអ្នកមានមាឌធំសំបើម ដែលនៅក្រុងកាថ ហើយក៏ស្លាប់ទៅ ដោយដៃដាវីឌ នឹងពួកទ័ពទ្រង់។