២ សាំយូអែល 21:1-7

២ សាំយូអែល 21:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ព្រះបាទ​ដាវីឌ​កើត​មាន​គ្រោះ​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ ហើយ​ព្រះបាទ​ដាវីឌ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា រួច​ព្រះ‌យេហូវ៉ា​បាន​ឆ្លើយ​ថា៖ «គឺ​ដោយ​ព្រោះ​ស្តេច​សូល និង​ញាតិ‌វង្ស​របស់​ស្ដេចសូល ដែល​បាន​កម្ចាយ​ឈាម ដ្បិត​ទ្រង់​បាន​សម្លាប់​ពួក​គីបៀន»។ ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ហៅ​ពួក​គីបៀន​មក​សួរ​គេ (ពួក​គីបៀន​មិន​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​សេស‌សល់ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្បថ​នឹង​គេ តែ​ស្តេច​សូល​ចង់​សម្លាប់​គេ​ឲ្យ​ផុត​ពូជ ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​យូដា​វិញ)។ ព្រះបាទ​ដាវីឌ​បាន​សួរ​ពួក​គីបៀន​ថា៖ «តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​ប្រជា‌រាស្រ្ត​របស់​ព្រះ‌យេហូវ៉ា?» ពួក​គីបៀន​ទូល​ឆ្លើយ​ថា៖ «បញ្ហា​របស់​យើង​ខ្ញុំ និង​ស្តេច​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់​នោះ មិន​មែន​រឿង​មាស ឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សម្លាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែរ» ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «តើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា​ចង់​ឲ្យ​យើង​សម្រេច​នោះ?» ពួក​គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា៖ «ឯ​មនុស្ស​ដែល​មាន​បំណង​កម្ទេច​យើង​ខ្ញុំ ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំដែន​ស្រុក​អ៊ីស្រា‌អែល សូម​ប្រគល់​កូន​ចៅ​របស់​អ្នក​នោះ​ប្រាំពីរ​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គី‌បៀរ ជា​ទី​ក្រុង​របស់​ស្ដេចសូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង» ហើយ​ស្តេច​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ឲ្យ»។ ប៉ុន្តែ ស្តេច​បាន​ប្រណី​ដល់​មេភី‌បូសែត ជា​កូន​យ៉ូណា‌ថាន​បុត្រ​របស់​ស្ដេចសូល ដោយ​ព្រោះ​ដាវីឌ និង​យ៉ូណា‌ថាន​បុត្រា​របស់​ស្ដេចសូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

២ សាំយូអែល 21:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​រជ្ជ‌កាល​ព្រះ‌បាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះ‌បាទ​ដាវីឌ​ទូល​សួរ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សូល និង​ពូជ‌ពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​គីបៀន»។ ព្រះ‌រាជា​បាន​កោះ​ហៅ​អ្នក​ស្រុក​គីបៀន​មក ដើម្បី​សាក​សួរ (អ្នក​ស្រុក​ពុំ​មែន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​ជា​ជន‌ជាតិ​អាម៉ូរី​ដែល​នៅ​សេស‌សល់។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ស្បថ​ថា ទុក​ជីវិត​ឲ្យ​ពួក​គេ ប៉ុន្តែ ព្រះ‌បាទ​សូល​រក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ដើម្បី​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ឃើញ​ថា​ស្ដេច​ស្នេហា​ជាតិ)។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​សួរ​ពួក​គេ​ថា៖ «តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ពិធី​ណា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់»។ អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះ‌បាទ​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។ អ្នក​ស្រុក​គីបៀន​ទូល​ស្ដេច​ថា៖ «ព្រះ‌បាទ​សូល​មាន​គោល​បំណង​កម្ទេច និង​ប្រល័យ​យើង​ខ្ញុំ​ឲ្យ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​ឲ្យ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ឡើយ។ ដូច្នេះ សូម​ព្រះ‌ករុណា​ប្រគល់​មនុស្ស​ប្រាំ‌ពីរ​នាក់ ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​សូល មក​ឲ្យ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះ‌បាទ​សូល ជា​ស្ដេច​ដែល​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។ ព្រះ‌បាទ​ដាវីឌ​សន្ដោស​ប្រណី​ដល់​លោក​មេភី‌បូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណា‌ថាន និង​ជា​ចៅ​របស់​ព្រះ‌បាទ​សូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះ‌រាជា​បាន​ស្បថ​ជា​មួយ​សម្ដេច​យ៉ូណា‌ថាន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

២ សាំយូអែល 21:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​ស្តេច​ដាវីឌ នោះ​មាន​អំណត់​អត់​អស់​ពេញ​៣​ឆ្នាំ ហើយ​ដាវីឌ​ទ្រង់​រក​ព្រះ‌យេហូវ៉ា ដើម្បី​ទូល​សួរ​ហេតុ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​សូល នឹង​វង្ស‌ញាតិ​ទ្រង់ ដែល​កំចាយ​ឈាម ដ្បិត​ទ្រង់​បាន​សំឡាប់​ពួក​គីបៀន ដូច្នេះស្តេច​ដាវីឌ​ទ្រង់​ហៅ​ពួក​គីបៀន​មក​សួរ​គេ (រីឯ​ពួក​គីបៀន​គេ​មិន​មែន​ជា​ពូជ​កូន​ចៅ​អ៊ីស្រាអែល​ទេ គឺ​ជា​សំណល់​នៃ​ពូជ​អាម៉ូរី​វិញ ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ស្បថ​នឹង​គេ តែ​សូល​ទ្រង់​រក​សំឡាប់​គេ​ដោយ​មាន​សេចក្ដី​ខ្នះ‌ខ្នែង ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​យូដា​វិញ) ដាវីឌ​ទ្រង់​សួរ​ពួកគីបៀន​ថា តើ​ចង់​ឲ្យ​យើង​សង​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ឲ្យ​ធួន​នឹង​ការ​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ពរ​ដល់​មរដក​នៃ​ព្រះ‌យេហូវ៉ា​ផង ពួក​គីបៀន​ទូល​ឆ្លើយ​ថា ឯ​រឿង​របស់​យើង​ខ្ញុំ នឹង​សូល ព្រម​ទាំង​រាជ‌វង្ស​របស់​ទ្រង់ នោះ​មិន​មែន​ចំពោះ​មាសឬ​ប្រាក់​ទេ ក៏​មិន​ស្រេច​ឲ្យ​យើង​ខ្ញុំ​សំឡាប់​អ្នក​ណា​មួយ​ក្នុង​ពួក​អ៊ីស្រាអែល​ដែរ ទ្រង់​មាន​បន្ទូល​តប​ថា ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ថា នោះ​យើង​នឹង​សំរេច​ឲ្យ គេ​ទូល​ឆ្លើយ​ទៅ​ស្តេច​ថា ឯ​មនុស្ស​នោះ​ដែល​បាន​ពង្រឹង​យើង​ខ្ញុំ​រាល់​គ្នា ហើយ​បាន​បង្កើត​ហេតុ​នឹង​បំផ្លាញ​យើង​ខ្ញុំ មិន​ឲ្យ​មាន​នៅ​ក្នុង​ព្រំ‌ដែន​ស្រុក​អ៊ីស្រាអែល​ណា​ឡើយ នោះ​សូម​ប្រគល់​កូន​ចៅ របស់​អ្នក​នោះ​៧​នាក់​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ចង​ក​គេ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​គីបៀរ ជា​ទី​ក្រុង​របស់​សូល ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស​តាំង ឯ​ស្តេច​ទ្រង់​មាន​បន្ទូល​ថា យើង​នឹង​ប្រគល់​ឲ្យ។ ស្តេច​ទ្រង់​ប្រណី​ដល់​មភីបូសែត ជា​កូន​យ៉ូណា‌ថាន​ដែល​ជា​បុត្រ​សូល ដោយ​ព្រោះ​ដាវីឌ នឹង​យ៉ូណា‌ថាន ជា​បុត្រា​សូល បាន​ស្បថ​គ្នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា