២ សាំយូអែល 20:1-26
២ សាំយូអែល 20:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី កុលសម្ព័នបេនយ៉ាមីន បានផ្លុំត្រែឡើងពោលថា៖ «យើងរាល់គ្នាគ្មានចំណែកខាងដាវីឌទេ ក៏គ្មានមត៌កជាមួយកូនអ៊ីសាយដែរ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅទីលំនៅរបស់យើង គ្រប់គ្នាវិញទៅ»។ ពេលនោះ ពួកអ៊ីស្រាអែលទាំងអស់ក៏បោះបង់ចោលព្រះបាទដាវីឌ ទៅតាមសេបាជាកូនប៊ីគ្រីវិញ តែពួកយូដាបានតាមស្តេចរបស់គេជាប់ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។ ព្រះបាទដាវីឌបានយាងមកដល់ដំណាក់របស់ទ្រង់នៅក្រុងយេរូសាឡិមវិញ ស្តេចយកពួកអ្នកម្នាងទាំងដប់នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅរកនាងណាមួយទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។ បន្ទាប់មក ស្តេចមានរាជឱង្ការទៅអ័ម៉ាសាថា៖ «ចូរកេណ្ឌពួកយូដា ឲ្យមកជួបយើងក្នុងរយៈពេលបីថ្ងៃ ហើយអ្នកត្រូវនៅទីនេះដែរ»។ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់។ ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយថា៖ «ឥឡូវនេះ សេបាជាកូនប៊ីគ្រី ធ្វើដាក់យើងលើសជាងអាប់សាឡុមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយរបស់អ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយគេចពីយើងបាត់ទៅ»។ ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម និងពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី។ ពេលបានទៅដល់ថ្មធំនៅស្រុកគីបៀន នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានដាវស៊កក្នុងស្រោមនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ រួចលោកសួរទៅអ័ម៉ាសាថា៖ «បងអើយ សុខសប្បាយទេ?» យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប ឯអ័ម៉ាសាមិនបានចាប់អារម្មណ៍នឹងដាវ ដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ។ បន្ទាប់មក យ៉ូអាប់ និងអ័ប៊ីសាយជាប្អូន ក៏ដេញតាមសេបាជាកូនប៊ីគ្រីទៀត។ មានម្នាក់ក្នុងចំណោមពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា៖ «អ្នកណាដែលស្ម័គ្រចិត្តនៅខាងយ៉ូអាប់ និងនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ»។ ឯអ័ម៉ាសាដេកក្នុងថ្លុកឈាមនៅកណ្ដាលផ្លូវ ពេលអ្នកនោះឃើញថា មនុស្សទាំងប៉ុន្មានឈប់មើល នោះគាត់ក៏យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវធំមួយគ្របពីលើ។ ពេលបានយកលោកចេញពីផ្លូវហើយ នោះបណ្ដាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។ សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។ ពលទ័ពខាងយ៉ូអាប់ បានមកឡោមព័ទ្ធសេបា នៅក្រុងអេបិល តំបន់បេត-ម្អាកា គេលើកដីឲ្យខ្ពស់ស្មើនឹងកំផែងក្រុង ហើយពួកទ័ពក៏បុកកំផែងក្រុង ដើម្បីរំលំចោល។ នៅគ្រានោះ មានស្រីប្រាជ្ញាម្នាក់ ស្រែកមកពីក្នុងទីក្រុងថា៖ «សូមស្តាប់! សូមស្តាប់! សូមជម្រាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ខ្ញុំមានការចង់ជម្រាបលោក»។ លោកក៏ចូលទៅជិតនាង រួចនាងសួរថា៖ «តើលោកឈ្មោះយ៉ូអាប់ឬ?» លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ» រួចនាងពោលថា៖ «សូមស្តាប់ពាក្យរបស់ខ្ញុំជាអ្នកបម្រើលោកសិន» លោកឆ្លើយថា៖ «ខ្ញុំកំពុងស្តាប់ហើយ»។ នោះនាងនិយាយថា៖ «កាលដើមដំបូងគេធ្លាប់ពោលថា "ឲ្យគេទៅស៊ើបសួរពួកក្រុងអេបិលសិន" ធ្វើដូច្នោះទើបពួកគេសម្រេចកិច្ចការបាន។ ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?» យ៉ូអាប់ឆ្លើយតបថា៖ «សូមឲ្យបំណងចង់លេបបំបាត់ និងបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំទៅ។ មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះព្រះបាទដាវីឌ ចូរប្រគល់តែខ្លួនវាមួយមកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ» ស្រីនោះឆ្លើយមកយ៉ូអាប់ថា៖ «ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក»។ ពេលនោះ នាងបានទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេក៏បានកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយនាំគ្នាថយចេញពីទីក្រុងនោះ ត្រឡប់ទៅទីលំនៅរបស់គេគ្រប់ៗគ្នាវិញទៅ។ ចំណែកយ៉ូអាប់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចូលគាល់ស្តេច។ យ៉ូអាប់ជាមេបញ្ជាការលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ ហើយបេណាយ៉ាជាកូនយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម អ័ដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន ឯយេហូសាផាតជាកូនអ័ហ៊ីលូឌ ជាអ្នកកត់ត្រាពង្សាវតារ សេរ៉ាយ៉ាជាស្មៀនហ្លួង សាដុក និងអ័បៀថើរ ជាសង្គ្រាជ ហើយអ៊ីរ៉ា ពូជយ៉ាអ៊ារ ក៏ជាសង្ឃផ្ទាល់របស់ព្រះបាទដាវីឌដែរ។
២ សាំយូអែល 20:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ នៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។ ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់បោះបង់ចោលព្រះបាទដាវីឌ នាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្ដេចរបស់គេ ហើយតាមដង្ហែស្ដេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។ ពេលព្រះបាទដាវីឌវិលទៅដល់ដំណាក់នៅក្រុងយេរូសាឡឹមវិញ ស្ដេចចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលស្ដេចបានទុកឲ្យនៅថែរក្សាដំណាក់។ ស្ដេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្ដេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។ លោកអម៉ាសាចេញទៅប្រមូលកងទ័ពយូដាតាមបញ្ជារបស់ស្ដេច ប៉ុន្តែ លោកមកមិនទាន់ពេលដែលស្ដេចបានកំណត់ទុក។ ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅលោកអប៊ីសាយថា៖ «សេបាជាកូនរបស់លោកប៊ីគ្រីនឹងនាំអន្តរាយមកលើយើង ខ្លាំងជាងអាប់សាឡុមទៅទៀត។ ដូច្នេះ ចូរលោកនាំទាហានរបស់យើងផ្ទាល់ចេញទៅដេញតាមអ្នកនោះ មុនពេលដែលគេរកបានជម្រកតាមក្រុងដែលមានកំពែងដ៏រឹងមាំ ហើយគេចបាត់ពីយើង»។ ដូច្នេះ ទាហានរបស់លោកយ៉ូអាប់ ព្រមទាំងពួកកេរេធីម ពួកពេលេធីម និងពលទាហានដ៏ខ្លាំងពូកែ នាំគ្នាចេញពីក្រុងយេរូសាឡឹមជាមួយលោកអប៊ីសាយ ដេញតាមលោកសេបាជាកូនរបស់លោកប៊ីគ្រី។ នៅពេលដែលពួកគេទៅដល់ផ្ទាំងថ្មធំនៅក្រុងគីបៀន លោកអម៉ាសាក៏មកជួបនឹងពួកគេ។ លោកយ៉ូអាប់ពាក់អាវក្រោះ ព្រមទាំងពាក់ខ្សែក្រវាត់ដែលមានដាវស៊កក្នុងស្រោមភ្ជាប់ជាមួយផង។ នៅពេលលោកយ៉ូអាប់ដើរទៅមុខ ដាវនោះក៏ជ្រុះ។ លោកយ៉ូអាប់មានប្រសាសន៍ទៅកាន់លោកអម៉ាសាថា៖ «សុខសប្បាយជាទេ លោកប្អូន!»។ លោកក៏លូកដៃស្ដាំទៅចាប់ពុកចង្ការបស់លោកអម៉ាសា ដើម្បីឱប។ លោកអម៉ាសាពុំបានចាប់អារម្មណ៍នឹងដាវ ដែលស្ថិតក្នុងដៃឆ្វេងរបស់លោកយ៉ូអាប់ទេ។ លោកយ៉ូអាប់ក៏ចាក់មួយដាវ ចំត្រង់ពោះ ហើយធ្លាយពោះវៀនចេញមកដល់ដី។ លោកស្លាប់ដោយមិនបាច់ឲ្យលោកយ៉ូអាប់ថែមមួយដាវទៀតឡើយ។ បន្ទាប់មក លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន នាំគ្នាបន្តដំណើរទៅមុខ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។ មានទាហានម្នាក់របស់លោកយ៉ូអាប់ ដែលឈរនៅជិតសពរបស់លោកអម៉ាសា ពោលឡើងថា៖ «អ្នកណានៅខាងលោកយ៉ូអាប់ និងនៅខាងព្រះបាទដាវីឌ ចូរទៅតាមលោកយ៉ូអាប់ចុះ!»។ លោកអម៉ាសាដេកក្នុងថ្លុកឈាម នៅកណ្ដាលផ្លូវ។ ទាហាននោះសង្កេតឃើញថា ទាហានទាំងអស់នាំគ្នាឈប់ស្ងៀម។ ដូច្នេះ គេក៏ទាញសពចេញពីផ្លូវ ដាក់ក្នុងស្រែមួយក្បែរនោះ ហើយបោះអាវធំមួយគ្របពីលើ។ នៅពេលទាហាននោះទាញសពចេញពីផ្លូវហើយ ទាហានទាំងអស់នាំគ្នាបន្តដំណើរតាមពីក្រោយលោកយ៉ូអាប់ ដេញតាមលោកសេបា ជាកូនរបស់លោកប៊ីគ្រី។ លោកយ៉ូអាប់ដើរកាត់ទឹកដីរបស់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងមូល ឆ្ពោះទៅក្រុងអេបិល-បេតម៉ាកា។ រីឯជនជាតិបេរីទាំងប៉ុន្មានក៏ប្រមូលគ្នាទៅតាមលោកដែរ។ លោកយ៉ូអាប់ ព្រមទាំងពលទាហានឡោមព័ទ្ធលោកសេបា ដែលស្នាក់នៅទីក្រុងនេះ។ ពួកទាហាននាំគ្នាលើកដីឲ្យខ្ពស់ ស្មើនឹងកំពែងក្រុង។ ពួកគេជីករម្លើងកំពែងក្រុងឲ្យរលំ។ គ្រានោះ មានស្ត្រីឈ្លាសវៃម្នាក់ស្រែកពីក្នុងក្រុងមកថា៖ «សូមមេត្តាស្ដាប់សិន! សូមអញ្ជើញលោកយ៉ូអាប់មកទីនេះ នាងខ្ញុំមានការចង់ជម្រាបលោក»។ លោកយ៉ូអាប់ចូលទៅជិត ស្ត្រីនោះសួរលោកថា៖ «តើលោកជាលោកយ៉ូអាប់ឬ?» លោកយ៉ូអាប់តបថា៖ «គឺខ្ញុំនេះហើយ»។ ស្ត្រីនោះពោលថា៖ «សូមលោកម្ចាស់មេត្តាស្ដាប់នាងខ្ញុំសិន»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «និយាយមកចុះ!»។ ស្ត្រីនោះពោលបន្តទៀតថា៖ «ពីដើម គេមានទម្លាប់ពោលថា ត្រូវតែពិគ្រោះគ្នាជាមួយអ្នកក្រុងអេបិលសិន ទើបកិច្ចការបានសម្រេច។ ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។ លោកយ៉ូអាប់តបថា៖ «ទេ! ខ្ញុំគ្មានបំណងនឹងកម្ទេច ឬបំផ្លាញក្រុងនេះទាល់តែសោះ។ ពួកយើងគ្មានបំណងដូច្នេះទេ! ប៉ុន្តែ មានបុរសម្នាក់នៅតំបន់ភ្នំអេប្រាអ៊ីម ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានបះបោរប្រឆាំងនឹងព្រះបាទដាវីឌ។ ចូរប្រគល់អ្នកនោះមកឲ្យខ្ញុំ ខ្ញុំនឹងដកទ័ពចេញពីក្រុងនោះភ្លាម»។ ស្ត្រីនោះពោលថា៖ «ដូច្នេះ យើងខ្ញុំនឹងបោះក្បាលអ្នកនោះពីលើកំពែងទៅជូនលោក»។ នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់កលោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅគាល់ស្ដេច នៅក្រុងយេរូសាឡឹមវិញដែរ។ លោកយ៉ូអាប់ជាមេបញ្ជាការកងទ័ពអ៊ីស្រាអែលទាំងមូល។ លោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការកងពលកេរេធីម និងពេលេធីម។ លោកអដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន។ លោកយ៉ូសាផាតជាកូនលោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្ដេច។ លោកសេរ៉ាយ៉ាជាលេខាធិការ លោកសាដុក និងលោកអបៀថើរ ជាបូជាចារ្យ។ លោកអ៊ីរ៉ាពីអំបូរយ៉ាអៀរ ក៏ជាបូជាចារ្យផ្ទាល់របស់ព្រះបាទដាវីឌដែរ។
២ សាំយូអែល 20:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ ក៏លះបង់ចោលដាវីឌ ទៅតាមសេបា ជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។ ដាវីឌក៏យាងមកដល់ដំណាក់ទ្រង់ នៅក្រុងយេរូសាឡិម នោះទ្រង់យកពួកអ្នកម្នាងទាំង១០នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅឯនាងណាមួយទៀតទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។ រួចមក ស្តេចទ្រង់មានបន្ទូលបង្គាប់ ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ ដូច្នេះ អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់ នោះដាវីឌមានបន្ទូលទៅអ័ប៊ីសាយថា ឥឡូវនេះ សេបា ជាកូនប៊ីគ្រី នឹងប្រទូសរ៉ាយដល់យើងលើសជាងអាប់សាឡំមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយនៃអ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយបាត់ពីយើងទៅ ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម នឹងពួកពេលេធីម ហើយពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយនឹងលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី កាលបានទៅដល់ថ្មធំនៅស្រុកគីបៀនហើយ នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានកាំបិតនែបនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ រួចលោកសួរទៅអ័ម៉ាសាថា បងអើយ សុខសប្បាយជាទេឬ យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប ឯអ័ម៉ាសាមិនបានជារវាំងនឹងកាំបិតដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ រួចយ៉ូអាប់ នឹងអ័ប៊ីសាយ ជាប្អូនក៏ដេញតាមសេបា ជាកូនប៊ីគ្រីទៅ មានម្នាក់ក្នុងពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា អ្នកណាដែលស្ម័គ្រចិត្តខាងយ៉ូអាប់ ហើយនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ ឯអ័ម៉ាសាលោកននៀលក្នុងឈាម នាកណ្តាលផ្លូវ កាលអ្នកនោះឃើញថា បណ្តាទ័ពទាំងប៉ុន្មានឈប់ឈរនៅ នោះគាត់យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវ១គ្រប ព្រោះឃើញថាគ្រប់គ្នាដែលមកដល់ទីនោះចេះតែឈប់នៅ កាលបានយកលោកចេញពីផ្លូវហើយ នោះបណ្តាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។ អ្នកនោះដើរកាត់គ្រប់ទាំង ខែត្រនៃពូជអំបូរអ៊ីស្រាអែលទៅ ដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរី ក៏មូលគ្នាទាំងអស់ទៅតាមវាដែរ ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជំរាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់ នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសំរេចការនីមួយៗ ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំទៅពិត មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះស្តេចដាវីឌវិញ ចូរប្រគល់តែខ្លួនវា១មកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ ស្រីនោះឆ្លើយមកយ៉ូអាប់ថា ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក នោះនាងក៏ទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយគេក៏ថយចេញពីទីក្រុងនោះ ត្រឡប់ទៅឯទីលំនៅរបស់គេគ្រប់ៗគ្នាទៅ ចំណែកយ៉ូអាប់លោកក៏វិលត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រួចចូលទៅគាល់ស្តេច។ ចំណែកឯយ៉ូអាប់ លោកជាអ្នកត្រួតលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ បេណាយ៉ា ជាកូនយេហូយ៉ាដា លោកជាមេលើពួកកេរេធីម នឹងពួកពេលេធីម អ័ដូរ៉ាម លោកជាមេកំណែន ឯយ៉ូសាផាតជាកូនអ័ហ៊ីលូឌ លោកជាអ្នកកត់ត្រាពង្សាវតារ សេរ៉ាយ៉ាជាស្មៀនហ្លួង សាដុក នឹងអ័បៀថើរជាសង្គ្រាជ ហើយអ៊ីរ៉ា ជាពូជយ៉ាអ៊ារ លោកជាចាងហ្វាងលើពួកសេនាបតីរបស់ដាវីឌ។