២ សាំយូអែល 20
20
សេបាបះបោរប្រឆាំងនឹងព្រះបាទដាវីឌ
1នៅគ្រានោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី កុលសម្ព័នបេនយ៉ាមីន បានផ្លុំត្រែឡើងពោលថា៖
«យើងរាល់គ្នាគ្មានចំណែកខាងដាវីឌទេ
ក៏គ្មានមត៌កជាមួយកូនអ៊ីសាយដែរ
ឱអ៊ីស្រាអែលអើយ
ចូរយើងត្រឡប់ទៅទីលំនៅរបស់យើង
គ្រប់គ្នាវិញទៅ»។
2ពេលនោះ ពួកអ៊ីស្រាអែលទាំងអស់ក៏បោះបង់ចោលព្រះបាទដាវីឌ ទៅតាមសេបាជាកូនប៊ីគ្រីវិញ តែពួកយូដាបានតាមស្តេចរបស់គេជាប់ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។
3ព្រះបាទដាវីឌបានយាងមកដល់ដំណាក់របស់ទ្រង់នៅក្រុងយេរូសាឡិមវិញ ស្តេចយកពួកអ្នកម្នាងទាំងដប់នាក់ ដែលបានទុកឲ្យនៅចាំដំណាក់ទៅបង្ខាំងទុក ហើយចិញ្ចឹមរក្សាដោយស្បៀងអាហារ តែមិនបានយាងចូលទៅរកនាងណាមួយទេ ដូច្នេះ នាងទាំងនោះត្រូវបង្ខាំងទុកឲ្យនៅជាមេម៉ាយ រហូតដល់ថ្ងៃស្លាប់។
4បន្ទាប់មក ស្តេចមានរាជឱង្ការទៅអ័ម៉ាសាថា៖ «ចូរកេណ្ឌពួកយូដា ឲ្យមកជួបយើងក្នុងរយៈពេលបីថ្ងៃ ហើយអ្នកត្រូវនៅទីនេះដែរ»។ 5អ័ម៉ាសាក៏ចេញទៅកេណ្ឌពួកយូដា តែលោកបង្អង់នៅហួសវេលាកំណត់ដែលស្តេចបានបង្គាប់។ 6ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយថា៖ «ឥឡូវនេះ សេបាជាកូនប៊ីគ្រី ធ្វើដាក់យើងលើសជាងអាប់សាឡុមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយរបស់អ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយគេចពីយើងបាត់ទៅ»។ 7ដូច្នេះ កងទ័ពរបស់យ៉ូអាប់ ព្រមទាំងពួកកេរេធីម និងពួកពេលេធីម និងពួកខ្លាំងពូកែទាំងអស់ ក៏ចេញទៅជាមួយលោក គេចេញពីក្រុងយេរូសាឡិម ទៅដេញតាមសេបាជាកូនប៊ីគ្រី។ 8ពេលបានទៅដល់ថ្មធំនៅស្រុកគីបៀន នោះអ័ម៉ាសាក៏មកប្រទះនឹងគេ ឯយ៉ូអាប់លោកបានពាក់អាវក្រោះ ហើយនៅចង្កេះមានដាវស៊កក្នុងស្រោមនៅខ្សែក្រវាត់ កំពុងដែលលោកដើរទៅមុខ នោះកាំបិតក៏របូតចេញ 9រួចលោកសួរទៅអ័ម៉ាសាថា៖ «បងអើយ សុខសប្បាយទេ?» យ៉ូអាប់ក៏លូកដៃស្តាំទៅចាប់ពុកចង្កាអ័ម៉ាសា ដើម្បីនឹងថើប 10ឯអ័ម៉ាសាមិនបានចាប់អារម្មណ៍នឹងដាវ ដែលនៅដៃយ៉ូអាប់ទេ ដូច្នេះ យ៉ូអាប់ក៏ចាក់វះពោះលោកឲ្យធ្លាយពោះវៀន ចេញទ្រេលដល់ដី ឥតមានចាក់ម្តងទៀតទេ ហើយលោកក៏ស្លាប់ទៅ។
បន្ទាប់មក យ៉ូអាប់ និងអ័ប៊ីសាយជាប្អូន ក៏ដេញតាមសេបាជាកូនប៊ីគ្រីទៀត។ 11មានម្នាក់ក្នុងចំណោមពួកយ៉ូអាប់ ឈរជិតលោកប្រកាសថា៖ «អ្នកណាដែលស្ម័គ្រចិត្តនៅខាងយ៉ូអាប់ និងនៅខាងដាវីឌ ចូរមកតាមយ៉ូអាប់ចុះ»។ 12ឯអ័ម៉ាសាដេកក្នុងថ្លុកឈាមនៅកណ្ដាលផ្លូវ ពេលអ្នកនោះឃើញថា មនុស្សទាំងប៉ុន្មានឈប់មើល នោះគាត់ក៏យកអ័ម៉ាសាចេញពីផ្លូវទៅដាក់នៅវាលវិញ ហើយយកអាវធំមួយគ្របពីលើ។ 13ពេលបានយកលោកចេញពីផ្លូវហើយ នោះបណ្ដាទ័ពក៏ដើរតាមយ៉ូអាប់ទៅ ដើម្បីនឹងដេញតាមសេបាជាកូនប៊ីគ្រី។
14សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។ 15ពលទ័ពខាងយ៉ូអាប់ បានមកឡោមព័ទ្ធសេបា នៅក្រុងអេបិល តំបន់បេត-ម្អាកា គេលើកដីឲ្យខ្ពស់ស្មើនឹងកំផែងក្រុង ហើយពួកទ័ពក៏បុកកំផែងក្រុង ដើម្បីរំលំចោល។ 16នៅគ្រានោះ មានស្រីប្រាជ្ញាម្នាក់ ស្រែកមកពីក្នុងទីក្រុងថា៖ «សូមស្តាប់! សូមស្តាប់! សូមជម្រាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ខ្ញុំមានការចង់ជម្រាបលោក»។ 17លោកក៏ចូលទៅជិតនាង រួចនាងសួរថា៖ «តើលោកឈ្មោះយ៉ូអាប់ឬ?» លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ» រួចនាងពោលថា៖ «សូមស្តាប់ពាក្យរបស់ខ្ញុំជាអ្នកបម្រើលោកសិន» លោកឆ្លើយថា៖ «ខ្ញុំកំពុងស្តាប់ហើយ»។ 18នោះនាងនិយាយថា៖ «កាលដើមដំបូងគេធ្លាប់ពោលថា "ឲ្យគេទៅស៊ើបសួរពួកក្រុងអេបិលសិន" ធ្វើដូច្នោះទើបពួកគេសម្រេចកិច្ចការបាន។ 19ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?» 20យ៉ូអាប់ឆ្លើយតបថា៖ «សូមឲ្យបំណងចង់លេបបំបាត់ និងបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំទៅ។ 21មិនមែនដូច្នោះទេ គឺមានមនុស្សម្នាក់ដែលមកពីស្រុកភ្នំអេប្រាអិម ឈ្មោះសេបា ជាកូនប៊ីគ្រី វាបានលើកដៃក្បត់ចំពោះព្រះបាទដាវីឌ ចូរប្រគល់តែខ្លួនវាមួយមកប៉ុណ្ណោះ នោះយើងនឹងថយចេញពីទីក្រុងនេះទៅហើយ» ស្រីនោះឆ្លើយមកយ៉ូអាប់ថា៖ «ចាំមើល គេនឹងបោះក្បាលវារំលងកំផែងមកជូនលោក»។ 22ពេលនោះ នាងបានទៅបញ្ចុះបញ្ចូលមនុស្សទាំងឡាយ ដោយប្រាជ្ញារបស់នាង ហើយគេក៏បានកាត់ក្បាលសេបា ជាកូនប៊ីគ្រី បោះទៅជូនយ៉ូអាប់ រួចលោកផ្លុំត្រែឡើង ហើយនាំគ្នាថយចេញពីទីក្រុងនោះ ត្រឡប់ទៅទីលំនៅរបស់គេគ្រប់ៗគ្នាវិញទៅ។ ចំណែកយ៉ូអាប់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីចូលគាល់ស្តេច។
23យ៉ូអាប់ជាមេបញ្ជាការលើពួកពលទ័ពនៃសាសន៍អ៊ីស្រាអែលទាំងអស់ ហើយបេណាយ៉ាជាកូនយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម 24អ័ដូរ៉ាមជាអ្នកទទួលខុសត្រូវលើកំណែន ឯយេហូសាផាតជាកូនអ័ហ៊ីលូឌ ជាអ្នកកត់ត្រាពង្សាវតារ 25សេរ៉ាយ៉ាជាស្មៀនហ្លួង សាដុក និងអ័បៀថើរ ជាសង្គ្រាជ 26ហើយអ៊ីរ៉ា ពូជយ៉ាអ៊ារ ក៏ជាសង្ឃផ្ទាល់របស់ព្រះបាទដាវីឌដែរ។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies