២ សាំយូអែល 20:1-2
២ សាំយូអែល 20:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រានោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី កុលសម្ព័នបេនយ៉ាមីន បានផ្លុំត្រែឡើងពោលថា៖ «យើងរាល់គ្នាគ្មានចំណែកខាងដាវីឌទេ ក៏គ្មានមត៌កជាមួយកូនអ៊ីសាយដែរ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅទីលំនៅរបស់យើង គ្រប់គ្នាវិញទៅ»។ ពេលនោះ ពួកអ៊ីស្រាអែលទាំងអស់ក៏បោះបង់ចោលព្រះបាទដាវីឌ ទៅតាមសេបាជាកូនប៊ីគ្រីវិញ តែពួកយូដាបានតាមស្តេចរបស់គេជាប់ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។
២ សាំយូអែល 20:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គ្រានោះ នៅក្រុងគីលកាល់មានមនុស្សពាលម្នាក់ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់ញាតិអ្វីនឹងព្រះបាទដាវីឌទេ ហើយក៏គ្មានពាក់ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជនជាតិអ៊ីស្រាអែលអើយ! សូមវិលត្រឡប់ទៅទីលំនៅរៀងៗខ្លួនវិញ!»។ ពេលនោះ ជនជាតិអ៊ីស្រាអែលទាំងអស់បោះបង់ចោលព្រះបាទដាវីឌ នាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជនជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្ដេចរបស់គេ ហើយតាមដង្ហែស្ដេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡឹម។
២ សាំយូអែល 20:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅទីនោះ មានមនុស្សចោលម្សៀតម្នាក់ឈ្មោះសេបា ជាកូនប៊ីគ្រី ពូជបេនយ៉ាមីន វាក៏ផ្លុំត្រែឡើង ពោលថា យើងរាល់គ្នាគ្មានចំណែកខាងដាវីឌ ក៏គ្មានមរដកខាងកូនអ៊ីសាយទេ ឱអ៊ីស្រាអែលអើយ ចូរយើងត្រឡប់ទៅឯទីលំនៅយើងគ្រប់គ្នាទៅ ដូច្នេះ ពួកអ៊ីស្រាអែលទាំងអស់ ក៏លះបង់ចោលដាវីឌ ទៅតាមសេបា ជាកូនប៊ីគ្រីវិញ តែពួកយូដាគេតាមស្តេចគេជាប់ទៅ ចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូសាឡិម។