២ សាំយូអែល 11:6-16

២ សាំយូអែល 11:6-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះបាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា៖ «ចូរ​ចាត់​អ៊ូរី​ជា​សាសន៍​ហេត ឲ្យ​មក​ជួប​យើង» ហើយ​យ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​គាត់​ព្រះបាទ​ដាវីឌ។ ពេល​គាត់​បាន​ទៅ​ដល់ ព្រះបាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្ដា​ទ័ព និង​ពី​ការ​សង្គ្រាម​ជា​យ៉ាង​ណា។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អ៊ូរី​ថា៖ «ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ» លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់។ ប៉ុន្តែ អ៊ូរី​គាត់​ទៅ​ដេក​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់ មិន​បាន​ទៅ​ផ្ទះ​ខ្លួន​ទេ។ មាន​គេ​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «អ៊ូរី​មិន​បាន​ចូល​ផ្ទះ​ទេ» ព្រះ​បាទ​ដាវីឌ​សួរ​អ៊ូរី​ថា៖ «តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ? ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ផ្ទះ?» អ៊ូរី​ទូល​ឆ្លើយ​ថា៖ «ហិប​របស់​ព្រះ និង​ពួក​អ៊ីស្រា‌អែល ពួក​យូដា សុទ្ធ​តែ​នៅ​ក្នុង​បង្ហា ព្រម​ទាំង​យ៉ូអាប់​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ និង​ពួក​ពល​របស់​ទ្រង់ ជា​ម្ចាស់​នៃ​ទូល‌បង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូល‌បង្គំ​ចូល​ទៅ​ផ្ទះ និង​ទទួល​ទាន ហើយ​ដេក​ជា‌មួយ​ប្រពន្ធ​ទូល‌បង្គំ​ម្តេច​កើត? ទូល​បង្គំ​ស្បថ បើ​ព្រះ‌ជន្ម និង​ព្រលឹង​ព្រះករុណា​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ​ថា ទូល‌បង្គំ​មិន​ធ្វើ​ដូច្នោះ​ឡើយ»។ ពេល​នោះ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «បើ​ដូច្នេះ ថ្ងៃ​នេះ ឯងស្នាក់​នៅ​ទី​នេះ​ទៀត​ចុះ ហើយ​ដល់​ថ្ងៃ​ស្អែក ឯង​ត្រូវ​ត្រឡប់​ទៅ​វិញ»។ ដូច្នេះ អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត។ ព្រះបាទ​ដាវីឌ​បាន​ហៅ​គាត់​មក ហើយ​គាត់​ក៏​បរិ‌ភោគ​ជា​មួយ​ស្ដេច ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង ដល់​ល្ងាច​គាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ​ជា‌មួយ​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត មិន​បាន​ទៅ​ផ្ទះ​ឡើយ។ ដល់​ព្រឹក​ឡើង ព្រះបាទ​ដាវីឌ​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​តាម​រយៈ​អ៊ូរី ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា៖ «ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​គាត់​ទៅឲ្យ​គេ​បាន​វាយ​សម្លាប់»។ ដូច្នេះ យ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​កន្លែង​មួយ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ។

២ សាំយូអែល 11:6-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​លោក​យ៉ូអាប់​ថា៖ «ចូរ​បញ្ជូន​អ៊ូរី ជា​ជន‌ជាតិ​ហេត មក​ជួប​យើង»។ លោក​យ៉ូអាប់​ក៏​បញ្ជូន​លោក​អ៊ូរី​មក។ លុះ​លោក​អ៊ូរី​មក​ដល់ ព្រះ‌បាទ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​លោក​យ៉ូអាប់ និង​កង‌ទ័ព ព្រម​ទាំង​សភាព​ការណ៍​សឹក។ បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ហើយ​ទៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្រួសារ​ចុះ»។ លោក​អ៊ូរី​ចាក​ចេញ​ពី​ដំណាក់ ហើយ​ស្ដេច​ក៏​ឲ្យ​គេ​យក​អំណោយ​ទៅ​ជូន​លោក​តាម​ក្រោយ។ ប៉ុន្តែ លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​លោក​ទទួល​ទាន​ដំណេក​ជា​មួយ​ពួក​នាយ​ទាហាន នៅ​ខ្លោង​ទ្វារ​ដំណាក់​ស្ដេច។ មាន​គេ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា លោក​អ៊ូរី​ពុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ។ ពេល​នោះ ស្ដេច​សួរ​លោក​អ៊ូរី​ថា៖ «អ្នក​ទើប​នឹង​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​វិល​ទៅ​ផ្ទះ​របស់​អ្នក?»។ លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល និង​យូដា ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ទូលបង្គំ និង​នាយ​ទាហាន ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។ ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។ ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។ ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។ ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។ លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។

២ សាំយូអែល 11:6-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ូអាប់​ប្រាប់​ថា ចូរ​ចាត់​អ៊ូរី ជា​សាសន៍​ហេត ឲ្យ​មក​ឯ​យើង ដូច្នេះយ៉ូអាប់​ក៏​ឲ្យ​អ៊ូរី​ទៅ​ឯ​ដាវីឌ កាល​គាត់​បាន​ទៅ​ដល់​ហើយ នោះ​ដាវីឌ​សាក​សួរ​ដំណឹង​ពី​យ៉ូអាប់ ហើយ​ពី​បណ្តា​ទ័ព នឹង​ពី​ការ​សង្គ្រាម​បាន​ជា​យ៉ាង​ណា រួច​ដាវីឌ​មាន​បន្ទូល​ទៅ​អ៊ូរី​ថា ចូរ​ចុះ​ទៅ​ផ្ទះ ហើយ​លាង​ជើង​ឯង​ទៅ លុះ​គាត់​ចេញ​ពី​ដំណាក់​ស្តេច​ហើយ នោះ​ក៏​មាន​គេ​នាំ​យក​ម្ហូប‌ម្ហា​ពី​ស្តេច​ទៅ​ជូន​គាត់ ប៉ុន្តែអ៊ូរី​គាត់​ទៅ​ដេក​ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន នៅ​ត្រង់​មុខ​មាត់​ទ្វារ​ដំណាក់​វិញ ឥត​បាន​ចុះ​ទៅ​ឯ​ផ្ទះ​ខ្លួន​ទេ កាល​គេ​ទូល​ដាវីឌ​ថា អ៊ូរី​មិន​បាន​ចុះ​ទៅ​ឯផ្ទះ​គាត់​ទេ នោះ​ទ្រង់​សួរ​អ៊ូរី​ថា តើ​ឯង​មិន​បាន​មក​ពី​ឆ្ងាយ​ទេ​ឬ​អី ដូច្នេះ ម្តេច​ក៏​មិន​ចុះ​ទៅ​ឯ​ផ្ទះ នោះ​អ៊ូរី​ទូល​ឆ្លើយ​ថា ហឹប​នៃ​ព្រះ នឹង​ពួក​អ៊ីស្រាអែល ហើយ​ពួក​យូដា​សុទ្ធ​តែ​នៅ​ក្នុង​បង្ហារ ព្រម​ទាំង​យ៉ូអាប់​ជា​ចៅហ្វាយ​ទូលបង្គំ នឹង​ពួក​ពល​ផង​ទ្រង់ ជា​ម្ចាស់​នៃ​ទូលបង្គំ ក៏​សុទ្ធ​តែ​ដេក​នៅ​វាល​ដែរ ដូច្នេះ តើ​ឲ្យ​ទូលបង្គំ​ចូល​ទៅ​ឯ​ផ្ទះនឹង​ទទួល​ទាន ហើយ​ដេក​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ទូលបង្គំ​ដូច​ម្តេច​កើត ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់ នឹង​ព្រលឹង​ទ្រង់​ដ៏​មាន​ជីវិត​រស់​នៅ​ថា ទូលបង្គំ​មិន​ព្រម​ធ្វើ​ដូច្នោះ​ឡើយ នោះ​ដាវីឌ​មាន​បន្ទូល​ថា បើ​ដូច្នេះ ចូរ​ឯង​ទៅ​ឯ​ណេះ​ក្នុង​ថ្ងៃ​នេះ​ទៀត​ចុះ ស្អែក​ឡើងយើង​នឹង​ឲ្យ​ឯង​ទៅ​វិញ នោះ​អ៊ូរី​ក៏​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម​ក្នុង​ថ្ងៃ​នោះ ហើយ​ថ្ងៃ​ស្អែក​ទៀត កាល​ដាវីឌ​ទ្រង់​ហៅ​គាត់​មក នោះ​គាត់​ក៏​បរិភោគ​នៅ​ចំពោះ​ទ្រង់ ហើយ​ទ្រង់​បំផឹក​ឲ្យ​គាត់​ស្រវឹង តែ​ដល់​ល្ងាចគាត់​ចេញ​ទៅ​ដេក​នៅ​គ្រែ ជា​មួយ​នឹង​ពួក​មហា‌តលិក​របស់​ម្ចាស់​ខ្លួន​ទៀត ឥត​មាន​ចុះ​ទៅ​ឯ​ផ្ទះ​ឡើយ។ ដល់​ព្រឹក​ឡើង ដាវីឌ​ទ្រង់​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ​យ៉ូអាប់​ដោយ‌សារ​អ៊ូរី ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​បង្គាប់​ថា ចូរ​ឲ្យ​អ៊ូរី​មាន​កន្លែង​ក្នុង​ពួក​ទ័ព​ខាង​មុខ ត្រង់​កន្លែង​ដែល​កំពុង​ច្បាំង​គ្នា​ជា​ខ្លាំង រួច​ថយ​ចោល​វា​ទៅ​ឲ្យ​គេ​បាន​វាយ​សំឡាប់​ចេញ ដូច្នេះយ៉ូអាប់​ក៏​សង្កេត​មើល​ទី​ក្រុង រួច​ចាត់​អ៊ូរី​ឲ្យ​ទៅ​ឯ​កន្លែង​១ ដែល​លោក​ដឹង​ថា មាន​មនុស្ស​ក្លាហាន​នៅ