២ សាំយូអែល 11:6-16
២ សាំយូអែល 11:6-16 ពគប
នោះដាវីឌចាត់គេឲ្យទៅឯយ៉ូអាប់ប្រាប់ថា ចូរចាត់អ៊ូរី ជាសាសន៍ហេត ឲ្យមកឯយើង ដូច្នេះយ៉ូអាប់ក៏ឲ្យអ៊ូរីទៅឯដាវីឌ កាលគាត់បានទៅដល់ហើយ នោះដាវីឌសាកសួរដំណឹងពីយ៉ូអាប់ ហើយពីបណ្តាទ័ព នឹងពីការសង្គ្រាមបានជាយ៉ាងណា រួចដាវីឌមានបន្ទូលទៅអ៊ូរីថា ចូរចុះទៅផ្ទះ ហើយលាងជើងឯងទៅ លុះគាត់ចេញពីដំណាក់ស្តេចហើយ នោះក៏មានគេនាំយកម្ហូបម្ហាពីស្តេចទៅជូនគាត់ ប៉ុន្តែអ៊ូរីគាត់ទៅដេកជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួន នៅត្រង់មុខមាត់ទ្វារដំណាក់វិញ ឥតបានចុះទៅឯផ្ទះខ្លួនទេ កាលគេទូលដាវីឌថា អ៊ូរីមិនបានចុះទៅឯផ្ទះគាត់ទេ នោះទ្រង់សួរអ៊ូរីថា តើឯងមិនបានមកពីឆ្ងាយទេឬអី ដូច្នេះ ម្តេចក៏មិនចុះទៅឯផ្ទះ នោះអ៊ូរីទូលឆ្លើយថា ហឹបនៃព្រះ នឹងពួកអ៊ីស្រាអែល ហើយពួកយូដាសុទ្ធតែនៅក្នុងបង្ហារ ព្រមទាំងយ៉ូអាប់ជាចៅហ្វាយទូលបង្គំ នឹងពួកពលផងទ្រង់ ជាម្ចាស់នៃទូលបង្គំ ក៏សុទ្ធតែដេកនៅវាលដែរ ដូច្នេះ តើឲ្យទូលបង្គំចូលទៅឯផ្ទះនឹងទទួលទាន ហើយដេកនៅជាមួយនឹងប្រពន្ធទូលបង្គំដូចម្តេចកើត ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ នឹងព្រលឹងទ្រង់ដ៏មានជីវិតរស់នៅថា ទូលបង្គំមិនព្រមធ្វើដូច្នោះឡើយ នោះដាវីឌមានបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត កាលដាវីឌទ្រង់ហៅគាត់មក នោះគាត់ក៏បរិភោគនៅចំពោះទ្រង់ ហើយទ្រង់បំផឹកឲ្យគាត់ស្រវឹង តែដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែ ជាមួយនឹងពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត ឥតមានចុះទៅឯផ្ទះឡើយ។ ដល់ព្រឹកឡើង ដាវីឌទ្រង់ធ្វើសំបុត្រផ្ញើទៅយ៉ូអាប់ដោយសារអ៊ូរី ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលវាទៅឲ្យគេបានវាយសំឡាប់ចេញ ដូច្នេះយ៉ូអាប់ក៏សង្កេតមើលទីក្រុង រួចចាត់អ៊ូរីឲ្យទៅឯកន្លែង១ ដែលលោកដឹងថា មានមនុស្សក្លាហាននៅ


