២ ពង្សាវតារក្សត្រ 25:22-30
២ ពង្សាវតារក្សត្រ 25:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។ រីឯពួកមេទ័ពទាំងប៉ុន្មាន និងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលាឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលានៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានាមួយ យ៉ូហាណានជាកូនការាមួយ សេរ៉ាយ៉ាជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផាមួយ និងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីមួយ ព្រមទាំងពួកទាហានរបស់គេផង។ កេដាលាក៏ស្បថនឹងគេ ដោយពាក្យថា៖ «កុំខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ»។ ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង នោះពួកបណ្ដាជនទាំងឡាយ ទាំងតូច ទាំងធំ និងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ព្រោះគេខ្លាចពួកខាល់ដេ។ នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃម្ភៃប្រាំពីរ ខែទីដប់ពីរ អេវីល-មេរូដាកជាស្តេចស្រុកបាប៊ីឡូនឡើងសោយរាជ្យ ហើយក៏ប្រោសមេត្តាដល់យេហូយ៉ាគីនជាស្តេចយូដា ដោយដោះចេញពីគុកនៅឆ្នាំនោះ ក៏មានរាជឱង្ការយ៉ាងផ្អែមពីរោះ ព្រមទាំងតាំងបល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយនៅក្រុងបាប៊ីឡូនផង។ ដូច្នេះ យេហូយ៉ាគីនក៏ផ្លាស់សម្លៀកបំពាក់គុកចេញ។ យេហូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះស្ដេចជានិច្ច ដរាបដល់អស់ព្រះជន្ម។ ស្តេចបាប៊ីឡូនបានផ្គត់ផ្គង់ថ្វាយរាល់ថ្ងៃជានិច្ច ដរាបដល់ទ្រង់អស់ព្រះជន្ម។:៚
២ ពង្សាវតារក្សត្រ 25:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ទុកឲ្យប្រជាជនមួយចំនួនរស់នៅក្នុងស្រុកយូដា ហើយតែងតាំងលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផាន ឲ្យគ្រប់គ្រងលើពួកគេ។ កាលពួកមេទាហាន និងពលទាហានទាំងអស់ ដែលមិនបានចុះចូលកងទ័ពបាប៊ីឡូន ឮដំណឹងថា ស្ដេចស្រុកបាប៊ីឡូនតែងតាំងលោកកេដាលាឲ្យគ្រប់គ្រងលើស្រុក ពួកគេក៏នាំគ្នាមកជួបនឹងលោកកេដាលា នៅមីសប៉ា។ អ្នកទាំងនោះ គឺលោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា លោកយ៉ូហាណាន ជាកូនរបស់លោកការ៉ា លោកសេរ៉ាយ៉ា ជាកូនរបស់លោកថាន់ហ៊ូម៉េក ជាអ្នកស្រុកនេថូផា និងលោកយាសានា ជាកូនរបស់ពួកម៉ាកាធី ព្រមទាំងពលទាហានរបស់ពួកគេ។ លោកកេដាលាបានប្រកាសយ៉ាងឱឡារិកចំពោះមេទាហាន និងពលទាហានទាំងនោះថា៖ «កុំខ្លាចមន្ត្រីខាល់ដេធ្វើអ្វី ចូររស់នៅក្នុងស្រុក ហើយបម្រើព្រះចៅក្រុងបាប៊ីឡូនទៅ នោះអស់លោកនឹងបានសុខជាមិនខាន»។ នៅខែទីប្រាំពីរ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ជាចៅរបស់លោកអេលីសាម៉ា ដែលជាប់ពូជស្ដេច បានមកជាមួយទាហានដប់នាក់ ហើយសម្លាប់លោកកេដាលា ព្រមទាំងជនជាតិយូដា និងជនជាតិខាល់ដេ ដែលនៅជាមួយលោកកេដាលា នៅមីសប៉ា។ ពេលនោះ ប្រជាជនទាំងមូល ចាប់ពីអ្នកតូចរហូតដល់អ្នកធំ ព្រមទាំងពួកមេទាហាន នាំគ្នាក្រោកឡើង ភៀសខ្លួនទៅស្រុកអេស៊ីប ព្រោះខ្លាចជនជាតិខាល់ដេ។ នៅថ្ងៃទីម្ភៃប្រាំពីរ ខែដប់ពីរ ក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលព្រះបាទយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលព្រះចៅអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ព្រះចៅអេវីល-មេរ៉ូដាកដោះលែងព្រះបាទយ៉ូយ៉ាគីន ឲ្យមានសេរីភាព។ ស្ដេចមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ ស្ដេចអនុញ្ញាតឲ្យព្រះបាទយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ឈ្លើយសឹក ហើយព្រះបាទយ៉ូយ៉ាគីនសោយព្រះស្ងោយរួមតុជាមួយស្ដេចគ្រប់ពេល រហូតដល់អស់ព្រះជន្ម។ ស្ដេចស្រុកបាប៊ីឡូនតែងតែទំនុកបម្រុងព្រះបាទយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត។
២ ពង្សាវតារក្សត្រ 25:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកជន ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនបានទុកឲ្យសល់នៅក្នុងស្រុកយូដា នោះទ្រង់ក៏តាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើគេ រីឯពួកមេទ័ពទាំងប៉ុន្មាន នឹងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ឲ្យធ្វើជាចៅហ្វាយដូច្នោះ នោះគេក៏មកឯកេដាលា នៅក្រុងមីសប៉ា គឺអ៊ីសម៉ាអែល ជាកូននេថានា១ យ៉ូហាណានជាកូនការា១ សេរ៉ាយ៉ា ជាកូនថានហ៊ូមែត ជាអ្នកស្រុកនថូផា១ នឹងយ្អាសានា ជាកូនរបស់អ្នកស្រុកម៉ាកាធីម្នាក់១ ព្រមទាំងពួកទាហានរបស់គេផង កេដាលាក៏ស្បថនឹងគេ ហើយនឹងពួកគេទាំងប៉ុន្មាន ដោយពាក្យថា កុំឲ្យខ្លាច ដោយព្រោះពួកអ្នកដែលចុះចូលខាងពួកខាល់ដេឡើយ ចូរនៅក្នុងស្រុក ហើយចុះចូលចំពោះស្តេចបាប៊ីឡូនចុះ នោះអ្នករាល់គ្នានឹងបានសេចក្ដីសុខ ប៉ុន្តែដល់ខែអស្សុជ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្ស១០នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា នឹងពួកខាល់ដេ ដែលនៅជាមួយនឹងលោក នៅក្រុងមីសប៉ាផង នោះពួកបណ្តាជនទាំងឡាយ ទាំងតូច ទាំងធំ នឹងពួកមេទ័ព ក៏នាំគ្នាទៅឯស្រុកអេស៊ីព្ទទៅ ពីព្រោះគេខ្លាចពួកខាល់ដេ។ រីឯនៅឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាប់ជាឈ្លើយនៅឡើយ ក្នុងថ្ងៃ២៧ ខែផល្គុណ នោះអេវីល-មេរូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្តា ដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក នៅឆ្នាំនោះឯង ក៏មានបន្ទូលនឹងទ្រង់ ដោយផ្អែមពីរោះ ព្រមទាំងតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងពួកស្តេច ដែលនៅជាមួយ នៅក្រុងបាប៊ីឡូនផង ហើយបំផ្លាស់សំលៀកបំពាក់គុក ពីទ្រង់ចេញ ដូច្នេះ យ៉ូយ៉ាគីនក៏សោយព្រះស្ងោយនៅចំពោះទ្រង់ជានិច្ច ដរាបដល់អស់ព្រះជន្ម ស្តេចបាប៊ីឡូនក៏ផ្គត់ផ្គង់ថ្វាយរាល់តែថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់។:៚