២ ពង្សាវតារក្សត្រ 25

25
1រួច​មក សេដេគា​ទ្រង់​បះ‌បោរ​នឹង​ស្តេច​ស្រុក​បាប៊ីឡូន ហើយ​ដល់​ឆ្នាំ​ទី​៩ក្នុង​រាជ្យ​ទ្រង់ នៅ​ថ្ងៃ​១០ខែ​បុស្ស នោះ​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​បាប៊ីឡូន​ក៏​មក នាំ​ទាំង​ពួក​ពល‌ទ័ព​របស់​ទ្រង់​ទាំង​ប៉ុន្មាន មក​បោះ​ទ័ព​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម ក៏​លើក​បន្ទាយ​នៅ​ព័ទ្ធ​ជុំវិញ 2ដូច្នេះ ទី​ក្រុង​ក៏​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង រហូត​ដល់​ឆ្នាំ​ទី​១១ក្នុង​រាជ្យ​ស្តេច​សេដេគា 3ហើយ​ដល់​ថ្ងៃ​៩ ខែ​អាសាធ នោះ​អំណត់​អត់​បាន​ខ្លាំង​ណាស់ នៅ​ក្នុង​ទី​ក្រុង ដល់​ម៉្លេះ​បាន​ជា​គ្មាន​នំបុ័ង​សំរាប់​ពួក​ជន​បរិភោគ​ឡើយ 4វេលា​នោះពួក​ខ្មាំង ក៏​បំបាក់​ទំលាយ​កំផែង​ក្រុង​១​ដុំ រួច​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ​ទាំង​យប់ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្តាល​កំផែង​ទាំង​២ ជិត​ច្បារ​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​គេ​ឡោម‌ព័ទ្ធ​ទី​ក្រុង 5ហើយ​ពួក​ទ័ព​ខាល់ដេ​ដេញ​តាម​ស្តេច​ទាន់ នៅ​ត្រង់​វាល​ក្រុង​យេរីខូរ ហើយ​ពួក​ពល​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​រលីង 6គេ​ចាប់​ស្តេច​នាំ​ឡើង​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា រួច​គេ​កាត់​ទោស​ទ្រង់ 7ក៏​សំឡាប់​ពួក​បុត្រា​របស់​សេដេគា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន ដឹក‌នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បាប៊ីឡូន​ទៅ។
8ដល់​ថ្ងៃ​៧ ខែ​ស្រាពណ៍ គឺ​នៅ​ឆ្នាំ​ទី​១៩ ក្នុង​រាជ្យ​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ជា​មេ‌ទ័ព​ធំ​របស់​ស្តេច​បាប៊ីឡូន បាន​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម 9ក៏​ដុត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នឹង​ព្រះ‌រាជ‌វាំង ហើយ​ផ្ទះ​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ លោក​ដុត​ចោល​អស់​ទាំង​ផ្ទះ​ធំៗ 10រួច​ពួក​ទ័ព​ខាល់ដេ​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​មេ‌ទ័ព​ធំ ក៏​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម​គ្រប់​ជុំវិញ 11ហើយ​សំណល់​ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង នឹង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ីឡូន នឹង​មនុស្ស​ឯ​ទៀត​ដែល​នៅៗ​ឡើយ នោះ​នេប៊ូ‌សា‌រ៉ា‌ដាន ក៏​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ 12តែ​បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក​ឲ្យ​គេ​រក្សា​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចំការ​វិញ។
13រីឯ​សសរ​លង្ហិន នឹង​ជើង​កំណល់ ហើយ​សមុទ្រ​លង្ហិន ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ពួក​ខាល់ដេ​ក៏​បំបែក​ជា​ដុំៗ ដឹក​យក​លង្ហិន​ទាំង​នោះ​ទៅ​ដល់​ស្រុក​បាប៊ីឡូន 14ហើយ​ឆ្នាំង ចប‌ចូក ដង្កៀប កូន​ចាន នឹង​គ្រឿង​ប្រដាប់​លង្ហិន ទាំង​ប៉ុន្មាន ដែល​សំរាប់​ការ‌ងារ​នោះ​គេ​ក៏​យក​ទៅ​ដែរ 15ឯ​ជើង‌ក្រាន នឹង​ចាន‌ក្លាំ គឺ​របស់​ដែល​ធ្វើ​ពី​មាស នឹង​របស់​ដែល​ធ្វើ​ពី​ប្រាក់​ផង នោះ​មេ‌ទ័ព​ធំ លោក​ក៏​យក​ទាំង​អស់​ទៅ 16ចំណែក​សសរ​ទាំង​២ នឹង​សមុទ្រ​សិទ្ធ ហើយ​ជើង​កំណល់​ទាំង​ប៉ុន្មាន​ដែល​សាឡូម៉ូន​ធ្វើ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​ពី​លង្ហិន មាន​ទំងន់​ថ្លឹង​មិន​បាន​ឡើយ 17សសរ​១​កំពស់​១៨​ហត្ថ ហើយ​ក្បាល​សសរ​លង្ហិន នៅ​ពី​លើ​នោះ​ក៏​កំពស់​៣​ហត្ថ​ទៀត មាន​ទាំង​ក្បាច់​ក្រឡា​អួន នឹង​ផ្លែ​ទទឹម​នៅ​ជុំវិញ ធ្វើ​សុទ្ធ​តែ​ពី​លង្ហិន​ផង ឯ​សសរ​ទី​២​ក៏​ដូច​គ្នា មាន​ទាំង​ក្បាច់​ក្រឡា​អួន​ដែរ។
18ឯ​មេ‌ទ័ព​ធំ លោក​ចាប់​យក​សេរ៉ាយ៉ា ជា​សំដេច​សង្ឃ នឹង​សេផានា ជា​សង្ឃ​បន្ទាប់ ហើយ​ពួក​ឆ្មាំ​ទ្វារ​ទាំង​៣​នាក់ 19ក៏​ចាប់​យក​មេ‌ទ័ព​ម្នាក់​ពី​ទី​ក្រុង ជា​អ្នក​ត្រួត​លើ​ពល‌ទ័ព នឹង​មនុស្ស​៥​នាក់ ជា​អ្នក​ធ្លាប់​ឃើញ​ព្រះ‌ភក្ត្រ​ស្តេច ដែល​ឃើញ​មាន​នៅ​ក្នុង​ក្រុង ហើយ​ស្មៀន​របស់​មេ‌ទ័ព ជា​អ្នក​ធ្វើ​បញ្ជី​កត់​ពួក​អ្នក​ស្រុក ព្រម​ទាំង​ពួក​អ្នក​ស្រុក​៦០​នាក់ ដែល​ឃើញ​មាន​ក្នុង​ក្រុង​ដែរ 20លោក​នាំ​ទៅ​ឯ​ស្តេច​បាប៊ីឡូន នៅ​ត្រង់​រីបឡា 21ស្តេច​បាប៊ីឡូន​ក៏​សំឡាប់​អ្នក​ទាំង​នោះ នៅ​ត្រង់​រីបឡា ក្នុង​ស្រុក​ហាម៉ាត​ទៅ ដូច្នេះ ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ ក្រៅ​ពី​ស្រុក​របស់​ខ្លួន។
22ឯ​ពួក​ជន ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន​បាន​ទុក​ឲ្យ​សល់​នៅ​ក្នុង​ស្រុក​យូដា នោះ​ទ្រង់​ក៏​តាំង​កេដាលា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​លើ​គេ 23រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន នឹង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​ដូច្នោះ នោះ​គេ​ក៏​មក​ឯ​កេដាលា នៅ​ក្រុង​មីសប៉ា គឺ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា​១ យ៉ូហា‌ណាន​ជា​កូន​ការា​១ សេរ៉ាយ៉ា ជា​កូន​ថាន‌ហ៊ូមែត ជា​អ្នក​ស្រុក​នថូផា​១ នឹង​យ្អាសានា ជា​កូន​របស់​អ្នក​ស្រុក​ម៉ាកាធី​ម្នាក់​១ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ​ផង 24កេដាលា​ក៏​ស្បថ​នឹង​គេ ហើយ​នឹង​ពួក​គេ​ទាំង​ប៉ុន្មាន ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច ដោយ​ព្រោះ​ពួក​អ្នក​ដែល​ចុះ​ចូល​ខាង​ពួក​ខាល់ដេ​ឡើយ ចូរ​នៅ​ក្នុង​ស្រុក ហើយ​ចុះ​ចូល​ចំពោះ​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្ដី​សុខ 25ប៉ុន្តែដល់​ខែ​អស្សុជ នោះ​អ៊ីស‌ម៉ាអែល កូន​នេថានា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​១០​នាក់​មក​ជា​មួយ ប្រហារ​ជីវិត​កេដាលា​ទៅ ព្រម​ទាំង​ពួក​យូដា នឹង​ពួក​ខាល់ដេ ដែល​នៅ​ជា​មួយ​នឹង​លោក នៅ​ក្រុង​មីសប៉ា​ផង 26នោះ​ពួក​បណ្តាជន​ទាំង‌ឡាយ ទាំង​តូច ទាំង​ធំ នឹង​ពួក​មេ‌ទ័ព ក៏​នាំ​គ្នា​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ។
27រីឯ​នៅ​ឆ្នាំ​ទី​៣៧ ដែល​យ៉ូយ៉ា‌គីន ជា​ស្តេច​យូដា​នៅ​ជាប់​ជា​ឈ្លើយ​នៅ​ឡើយ ក្នុង​ថ្ងៃ​២៧ ខែ​ផល្គុណ នោះ​អេវីល-មេរូដាក ជា​ស្តេច​ស្រុក​បាប៊ីឡូន ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ហើយ​ក៏​ប្រោស​មេត្តា ដល់​យ៉ូយ៉ា‌គីន​ជា​ស្តេច​យូដា ដោះ​ចេញ​ពី​គុក នៅ​ឆ្នាំ​នោះ​ឯង 28ក៏​មាន​បន្ទូល​នឹង​ទ្រង់ ដោយ​ផ្អែម​ពីរោះ ព្រម​ទាំង​តាំង​បល្ល័ង្ក​ទ្រង់​ឲ្យ​ខ្ពស់​ជាង​ពួក​ស្តេច ដែល​នៅ​ជា​មួយ នៅ​ក្រុង​បាប៊ីឡូន​ផង 29ហើយ​បំផ្លាស់​សំលៀក‌បំពាក់​គុក ពី​ទ្រង់​ចេញ ដូច្នេះ យ៉ូយ៉ា‌គីន​ក៏​សោយ​ព្រះ‌ស្ងោយ​នៅ​ចំពោះ​ទ្រង់​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម 30ស្តេច​បាប៊ីឡូន​ក៏​ផ្គត់‌ផ្គង់​ថ្វាយ​រាល់​តែ​ថ្ងៃ​ជានិច្ច ដរាប​ដល់​អស់​ព្រះ‌ជន្ម​ទ្រង់។:៚

ទើបបានជ្រើសរើសហើយ៖

២ ពង្សាវតារក្សត្រ 25: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល