២ ពង្សាវតារក្សត្រ 23:21-27

២ ពង្សាវតារក្សត្រ 23:21-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្ដេច​បង្គាប់​ដល់​បណ្ដា‌ជន​ទាំង‌ឡាយ​ថា៖ «ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ដូច​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​នៃ​សេចក្ដី​សញ្ញា​នេះ»។ ដ្បិត​គេ​មិន​ដែល​បាន​ប្រារព្ធ​ពិធី​បុណ្យ​រំលង​បែប​នេះ តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ​ដែល​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល ឬ​គ្រា​របស់​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​រហូត​មក គឺ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំបី​នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស ដែល​គេ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម។ មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ កាល​ពី​មុន មិន​ដែល​មាន​ស្តេច​ណា​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​ក្រោយ​មក​ទៀត ក៏​មិន​ដែល​មាន​ដែរ។ ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៅ​តែ​មិន​បាន​ដក​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះ‌អង្គ ដែល​ឆួល​ឡើង​ទាស់​នឹង​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​ចាក់​រុក ដែល​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ​នោះ​ឡើយ។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ដក​ពួក​យូដា​ពី​មុខ​យើង​ចេញ ដូច​ជា​យើង​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​យើង​នឹង​បោះ‌បង់​ក្រុង​យេរូ‌សាឡិម​នេះ ដែល​យើង​បាន​រើស និង​ព្រះ‌វិហារ​ដែល​យើង​បាន​ថា ឈ្មោះ​យើង​នឹង​នៅ​ទី​នេះ»។

២ ពង្សាវតារក្សត្រ 23:21-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌រាជា​បង្គាប់​ដល់​ប្រជា‌ជន​ទាំង​មូល​ថា៖ «ចូរ​នាំ​គ្នា​ប្រារព្ធ​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី»។ តាំង​ពី​ជំនាន់​ពួក​ចៅហ្វាយ និង​ក្នុង​ជំនាន់​ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​ទេ។ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស គេ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​បែប​នេះ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​គ្រូ​បញ្ជាន់​រូប គ្រូ​ទាយ​ជោគ‌រាសី រូប​តេរ៉ា‌ភីម*​សម្រាប់​បូល រូប​ព្រះ​ក្លែងក្លាយ និង​វត្ថុ​ទាំង​ប៉ុន្មាន​គួរ​ស្អប់​ខ្ពើម ដែល​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ចែង​ទុក​ក្នុង​គម្ពីរ ដែល​លោក​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា​បាន​រក​ឃើញ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។ ប៉ុន្តែ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​បណ្ដេញ​ជន‌ជាតិ​យូដា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង ដូច​យើង​បាន​បណ្ដេញ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ យើង​នឹង​បោះ​បង់​ចោល​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស​រើស ព្រម​ទាំង​បោះ​បង់​ចោល​ដំណាក់ ជា​កន្លែង​ដែល​យើង​សម្តែង​នាម​របស់​យើង»។

២ ពង្សាវតារក្សត្រ 23:21-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តាជន​ទាំង‌ឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រាអែល រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រាអែល នឹង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូ‌សាឡិម។ មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ នឹង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រិត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។ ប៉ុន្តែព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្ដី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រាអែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡិម​នេះ ដែល​អញ​បាន​រើស នឹង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។