២ ពង្សាវតារក្សត្រ 23
23
ការកែទម្រង់នៅរជ្ជកាលព្រះបាទយ៉ូសៀស
(២ របាក្សត្រ ៣៤.២៩-៣៣, ៣–៧)
1ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ 2បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ 3ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយ ព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។
4 #
២ពង្ស. ២១.៣; ២របា. ៣៣.៣ ស្ដេចចេញបញ្ជាដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា និងពួកបូជាចារ្យថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារ ឲ្យយកវត្ថុទាំងប៉ុន្មានដែលគេថ្វាយព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះអម្ចាស់។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។ 5ស្ដេចលុបបំបាត់ពួកបូជាចារ្យដែលស្ដេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្ដេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបថ្វាយព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។ 6ស្ដេចយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកម្ទេចបង្គោលនោះឲ្យទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។ 7ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។#២៣.៧ ខ ៤-៦ សូមអាន ២១.៣។ 8ស្ដេចកោះហៅបូជាចារ្យទាំងអស់ពីក្រុងទាំងឡាយ ក្នុងស្រុកយូដា។ ស្ដេចបានបំផ្លាញកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ចាប់ពីក្រុងកេបារហូតដល់បៀរសេបា ជាកន្លែងដែលបូជាចារ្យទាំងនោះធ្លាប់ដុតគ្រឿងក្រអូប។ ស្ដេចក៏រំលំកន្លែងសក្ការៈនៅតាមទ្វារក្រុងយេរូសាឡឹម ដូចជាកន្លែងសក្ការៈដែលស្ថិតនៅខាងឆ្វេងទ្វារលោកយ៉ូស្វេ ជាអភិបាលក្រុង។ 9ពួកបូជាចារ្យនៃកន្លែងសក្ការៈតាមទួលខ្ពស់ៗ គ្មានសិទ្ធិឡើងទៅថ្វាយយញ្ញបូជានៅលើអាសនៈរបស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹមទេ តែពួកគេអាចបរិភោគនំបុ័ងឥតមេជាមួយបូជាចារ្យដទៃទៀតបាន។
10 #
លវ. ១៨.២១; យរ. ៧.៣១, ១៩.១-៦, ៣២.៣៥ ព្រះបាទយ៉ូសៀសបានបំផ្លាញកន្លែងធ្វើបូជាយញ្ញនៅតូផេត ក្នុងជ្រលងភ្នំហ៊ិនណម ដើម្បីកុំឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួន ទៅធ្វើបូជាយញ្ញថ្វាយព្រះម៉ូឡុកទៀតឡើយ។ 11ព្រះបាទយ៉ូសៀសយករូបសេះទាំងប៉ុន្មាន ដែលស្ដេចស្រុកយូដាធ្វើថ្វាយព្រះអាទិត្យ ចេញពីមាត់ទ្វារព្រះដំណាក់របស់ព្រះអម្ចាស់។ រូបទាំងនោះស្ថិតក្បែរបន្ទប់របស់លោកមហាតលិកនេថាន-មេឡេក គឺនៅក្នុងបន្ទប់អម។ ស្ដេចក៏បានដុតរទេះរបស់ព្រះអាទិត្យចោលដែរ។ 12#២ពង្ស. ២១.៥; ២របា. ៣៣.៥ស្ដេចរំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទអហាស់ និងស្ដេចនានានៃស្រុកយូដាបានសង់ នៅតាមថែវនៃបន្ទប់ខាងលើ។ ស្ដេចក៏រំលំអាសនៈទាំងប៉ុន្មានដែលព្រះបាទម៉ាណាសេបានសង់ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ បន្ទាប់ពីបំផ្លាញអាសនៈទាំងនោះហើយ ស្ដេចយកកម្ទេចទៅបោះចោលនៅជ្រលងភ្នំកេដ្រូន។ 13#១ពង្ស. ១១.៧ស្ដេចបំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងប៉ុន្មាន ដែលនៅទល់មុខនឹងក្រុងយេរូសាឡឹម ប៉ែកខាងត្បូងភ្នំដើមអូលីវ។ ព្រះបាទសាឡូម៉ូន ជាស្ដេចស្រុកអ៊ីស្រាអែល បានសង់កន្លែងសក្ការៈទាំងនោះថ្វាយព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិស៊ីដូន ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិម៉ូអាប់ ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមនៃជនជាតិអាំម៉ូន។ 14ស្ដេចវាយបំបាក់ស្តូប និងកាប់រំលំបង្គោលរបស់ព្រះអាសេរ៉ា ហើយយកធាតុមនុស្សមករាយពាសពេញទីនោះវិញ។
15 #
១ពង្ស. ១២.៣៣
ព្រះបាទយ៉ូសៀសរំលំអាសនៈនៅបេតអែល ជាកន្លែងសក្ការៈតាមទួលខ្ពស់ៗ ដែលព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតបានសង់ ដើម្បីនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាប។ ស្ដេចបានរំលំអាសនៈ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗនេះ គឺស្ដេចដុតឲ្យទៅជាផេះ ហើយក៏ដុតបង្គោលរបស់ព្រះអាសេរ៉ាដែរ។ 16#១ពង្ស. ១៣.២ព្រះបាទយ៉ូសៀសងាកទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ក៏បញ្ជាឲ្យគេយកឆ្អឹងខ្មោចក្នុងផ្នូរទាំងនោះ ទៅដុតនៅលើអាសនៈ។ ស្ដេចធ្វើឲ្យអាសនៈនោះទៅជាសៅហ្មង ស្របតាមព្រះបន្ទូលដែលអ្នកជំនិតរបស់ព្រះអម្ចាស់ថ្លែងទុក។ 17#១ពង្ស. ១៣.៣០-៣២ស្ដេចមានរាជឱង្ការថា៖ «មើល! ផ្នូរនោះជាអ្វី?»។ ពួកអ្នកក្រុងទូលថា៖ «គឺផ្នូរអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដា ដើម្បីថ្លែងពីការទាំងប៉ុន្មាន ដែលព្រះករុណាទើបនឹងប្រព្រឹត្តចំពោះអាសនៈនៅបេតអែលនេះ»។ 18ស្ដេចមានរាជឱង្ការថា៖ «ចូរទុកផ្នូរនេះ កុំប៉ះពាល់ធាតុរបស់លោកឡើយ»។ ដូច្នេះ គេមិនគាស់យកធាតុរបស់លោក ព្រមទាំងធាតុរបស់ព្យាការីដែលមកពីស្រុកសាម៉ារីទេ។#២៣.១៨ ផ្នូររបស់ព្យាការី: សូមអាន ១ពង្ស ១៣.២៩-៣១។
19កាលពីដើម ស្ដេចនានានៃស្រុកអ៊ីស្រាអែលបានសង់កន្លែងសក្ការៈតាមទួលខ្ពស់ៗ ក្នុងក្រុងទាំងឡាយនៅស្រុកសាម៉ារី បណ្ដាលឲ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ព្រះបាទយ៉ូសៀសលុបបំបាត់កន្លែងសក្ការៈទាំងនោះដូចទ្រង់បានធ្វើនៅបេតអែលដែរ។ 20ស្ដេចបានប្រហារបូជាចារ្យទាំងអស់នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រមទាំងដុតឆ្អឹងខ្មោចនៅលើនោះផងដែរ។ បន្ទាប់មក ទ្រង់យាងត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។
ជនជាតិយូដាប្រារព្ធពិធីបុណ្យចម្លង*
(២ របាក្សត្រ ៣៥.១, ១៨–១៩)
21ព្រះរាជាបង្គាប់ដល់ប្រជាជនទាំងមូលថា៖ «ចូរនាំគ្នាប្រារព្ធបុណ្យចម្លងថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរសម្ពន្ធមេត្រី»#២៣.២១ សូមអាន ទក ១៦.១-៨។។ 22តាំងពីជំនាន់ពួកចៅហ្វាយ និងក្នុងជំនាន់ស្ដេចនានានៃស្រុកអ៊ីស្រាអែល និងស្រុកយូដា គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះទេ។ 23នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស គេនាំគ្នាប្រារព្ធពិធីបុណ្យចម្លងបែបនេះថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូសៀស
(២ របាក្សត្រ ៣៥.២០-២៧, ៣៦.១)
24ព្រះបាទយ៉ូសៀសលុបបំបាត់គ្រូបញ្ជាន់រូប គ្រូទាយជោគរាសី រូបតេរ៉ាភីម*សម្រាប់បូល រូបព្រះក្លែងក្លាយ និងវត្ថុទាំងប៉ុន្មានគួរស្អប់ខ្ពើម ដែលមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ដើម្បីឲ្យបានស្របតាមសេចក្ដីទាំងប៉ុន្មាន ចែងទុកក្នុងគម្ពីរ ដែលលោកបូជាចារ្យហ៊ីលគីយ៉ាបានរកឃើញនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
25កាលពីមុន ពុំដែលមានស្ដេចអង្គណាមួយវិលមករកព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត អស់ពីស្មារតី និងអស់ពីកម្លាំង ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគម្ពីរវិន័យរបស់លោកម៉ូសេ ដូចព្រះបាទយ៉ូសៀសឡើយ ហើយក្រោយមកក៏គ្មានដែរ។
26ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ព្រះពិរោធប្រឆាំងនឹងអ្នកស្រុកយូដាយ៉ាងខ្លាំងដូចមុនដដែល ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ 27ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងបណ្ដេញជនជាតិយូដាចេញឲ្យឆ្ងាយពីមុខយើង ដូចយើងបានបណ្ដេញជនជាតិអ៊ីស្រាអែលដែរ។ យើងនឹងបោះបង់ចោលយេរូសាឡឹម ជាក្រុងដែលយើងបានជ្រើសរើស ព្រមទាំងបោះបង់ចោលដំណាក់ ជាកន្លែងដែលយើងសម្តែងនាមរបស់យើង»។
28រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។ 29ក្នុងរជ្ជកាលព្រះបាទយ៉ូសៀស ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅកាន់ទន្លេអឺប្រាត ដើម្បីជួយស្ដេចស្រុកអាស្ស៊ីរី។ ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ តែកាលព្រះចៅផារ៉ោនទតឃើញ ក៏ធ្វើគុតព្រះបាទយ៉ូសៀសនៅមេគីដោ។
30ពួកនាយទាហានលើកសពរបស់ស្ដេចដាក់លើរទេះ នាំពីមេគីដូមកក្រុងយេរូសាឡឹមវិញ ហើយបញ្ចុះនៅក្នុងផ្នូររបស់ស្ដេច។ ប្រជាជននៅស្រុកយូដានាំគ្នាជ្រើសរើសព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយ៉ូសៀស មកចាក់ប្រេងអភិសេកឲ្យស្នងរាជ្យបិតា។
ព្រះបាទយ៉ូអាហាសសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ៣៦.២-៤)
31កាលព្រះបាទអាហាសឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃបីព្រះវស្សា ហើយសោយរាជ្យបានបីខែនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា ហាមូថាល ជាកូនរបស់លោកយេរេមី ជាអ្នកស្រុកលិបណា។ 32ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។ 33ព្រះចៅផារ៉ោននេកោចាប់ព្រះបាទយ៉ូអាហាសដាក់ច្រវាក់នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់ ដើម្បីកុំឲ្យស្ដេចសោយរាជ្យនៅក្រុងយេរូសាឡឹមតទៅទៀត។ ព្រះចៅផារ៉ោននេកោតម្រូវឲ្យស្រុកយូដាបង់សួយសារអាករជាប្រាក់ហាសិបហាប និងមាសកន្លះហាប។ 34#យរ. ២២.១១-១២ព្រះចៅផារ៉ោននេកោតែងតាំងព្រះបាទអេលាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យស្នងរាជ្យបិតា ហើយដូរនាមថា យេហូយ៉ាគីមវិញ។ រីឯព្រះបាទយ៉ូអាហាស់ ព្រះចៅផារ៉ោននាំយកទៅជាឈ្លើយ នៅស្រុកអេស៊ីប ហើយទ្រង់ក៏សោយទិវង្គតនៅទីនោះ។ 35ព្រះបាទយេហូយ៉ាគីមបានហូតពន្ធពីប្រជាជននៅក្នុងស្រុក គឺស្ដេចបង្ខំពួកគេឲ្យបង់ជាមាស ជាប្រាក់ ដូចព្រះចៅផារ៉ោនបានកំណត់ទុក។ លុះបានគ្រប់ចំនួនហើយ ស្ដេចក៏យកទៅថ្វាយព្រះចៅផារ៉ោននេកោ។
ព្រះបាទយេហូយ៉ាគីមសោយរាជ្យនៅស្រុកយូដា
(២ របាក្សត្រ ៣៦.៥-៨)
36 #
យរ. ២២.១៨-១៩, ២៦.១-៦, ៣៥.១-១៩ កាលព្រះបាទយេហូយ៉ាគីមឡើងសោយរាជ្យ ទ្រង់មានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយទ្រង់សោយរាជ្យបានដប់មួយឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា សេប៊ូដា ជាកូនរបស់លោកពេដាយ៉ា ជាអ្នកស្រុករូម៉ា។ 37ព្រះបាទយេហូយ៉ាគីមប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចពួកអយ្យកោ ឥតចន្លោះត្រង់ណាឡើយ។
ទើបបានជ្រើសរើសហើយ៖
២ ពង្សាវតារក្សត្រ 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.