២ ពង្សាវតារក្សត្រ 23:1-7
២ ពង្សាវតារក្សត្រ 23:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចបានចាត់គេឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមមកប្រជុំគ្នា។ រួចស្តេចយាងឡើងទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន ពួកសង្ឃ ពួកហោរា និងប្រជាជនទាំងអស់ ទាំងតូច ទាំងធំផង ទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យគេស្តាប់។ ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។ ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។ ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។ ទ្រង់ក៏យករូបព្រះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកម្ទេចជាធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ។ ទ្រង់បានបំផ្លាញកន្លែងរបស់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះអាសេរ៉ាដែរ។
២ ពង្សាវតារក្សត្រ 23:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះរាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធាចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹមមកគាល់។ បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ព្យាការី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ឲ្យប្រជាជនស្ដាប់។ ព្រះរាជាឈរនៅលើវេទិកា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយចងសម្ពន្ធមេត្រីជាមួយ ព្រះអម្ចាស់ ដោយសន្យាថា សុខចិត្តដើរតាមព្រះអម្ចាស់ និងកាន់តាមបទបញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះអង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជាជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធមេត្រីនេះដែរ។ ស្ដេចចេញបញ្ជាដល់លោកមហាបូជាចារ្យហ៊ីលគីយ៉ា និងពួកបូជាចារ្យថ្នាក់បន្ទាប់ ព្រមទាំងក្រុមយាមទ្វារ ឲ្យយកវត្ថុទាំងប៉ុន្មានដែលគេថ្វាយព្រះបាល ព្រះអាសេរ៉ា និងផ្កាយទាំងប៉ុន្មាននៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះអម្ចាស់។ គេយកវត្ថុទាំងនោះទៅដុតចោលនៅក្រៅក្រុងយេរូសាឡឹម ក្នុងជ្រោះកេដ្រូន រួចយកផេះទៅចោលនៅបេតអែល។ ស្ដេចលុបបំបាត់ពួកបូជាចារ្យដែលស្ដេចស្រុកយូដាបានលើកបន្តុប សម្រាប់ដុតគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៃក្រុងទាំងឡាយក្នុងស្រុកយូដា និងនៅជុំវិញក្រុងយេរូសាឡឹម។ ស្ដេចលុបបំបាត់អស់អ្នកដែលដុតគ្រឿងក្រអូបថ្វាយព្រះបាល ព្រះអាទិត្យ ព្រះច័ន្ទ តារានិករ និងហ្វូងតារាទាំងប៉ុន្មាននៅលើមេឃ។ ស្ដេចយកបង្គោលរបស់ព្រះអាសេរ៉ាចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ទៅចោលក្រៅក្រុងយេរូសាឡឹម រួចដុតនៅជ្រោះកេដ្រូន។ គេដុតកម្ទេចបង្គោលនោះឲ្យទៅជាផេះ ហើយយកផេះទៅបាចលើផ្នូររបស់ប្រជាជន។ ព្រះបាទយ៉ូសៀសកម្ទេចកន្លែងសម្រាប់ប្រព្រឹត្តអំពើពេស្យាចារ ដែលស្ថិតក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ ធ្វើសម្លៀកបំពាក់ថ្វាយព្រះអាសេរ៉ាដែរ។
២ ពង្សាវតារក្សត្រ 23:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ស្តេចទ្រង់ក៏ចាត់គេ ឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៃស្រុកយូដា នឹងក្រុងយេរូសាឡិមមកប្រជុំគ្នា រួចស្តេចទ្រង់យាងឡើង ទៅឯព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន នឹងពួកសង្ឃ ពួកហោរា ហើយនឹងអស់ទាំងបណ្តាជន ទាំងតូចទាំងធំផង នោះទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូល នៅក្នុងគម្ពីរជាសេចក្ដីសញ្ញាដែលបានប្រទះឃើញ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ឲ្យគេស្តាប់ ស្តេចទ្រង់ឈរនៅលើទីថ្កល់ ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមក្រិត្យក្រម នឹងសេចក្ដីបន្ទាល់ ហើយនឹងបញ្ញត្តរបស់ទ្រង់ទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីនឹងសំរេចតាមអស់ទាំងពាក្យនៃសញ្ញា ដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្តាជនទាំងឡាយ គេក៏យល់ព្រមតាមដែរ។ ស្តេចទ្រង់បង្គាប់ដល់ហ៊ីលគីយ៉ា ជាសំដេចសង្ឃ នឹងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកអស់ទាំងប្រដាប់ប្រដា ដែលបានធ្វើសំរាប់ព្រះបាល នឹងសំរាប់រូបព្រះ ហើយសំរាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហារនៃព្រះយេហូវ៉ាទៅ រួចទ្រង់ដុតចោលទាំងអស់ នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅឯក្រុងបេត-អែល ទ្រង់បំបាត់ពួកសង្ឃនៃរូបព្រះ ដែលពួកស្តេចយូដាបានតាំង ឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី នឹងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មានផង ទ្រង់ក៏យករូបព្រះចេញពីព្រះវិហារនៃព្រះយេហូវ៉ា ទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកំទេចជាផង់ធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ទ្រង់បានបំផ្លាញអស់ទាំងផ្ទះរបស់ពួកកូនជឹង ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សំរាប់រូបព្រះទាំងប៉ុន្មានចេញ