២ ពង្សាវតារក្សត្រ 23:1-20

២ ពង្សាវតារក្សត្រ 23:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា។ រួច​ស្តេច​យាង​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន ពួក​សង្ឃ ពួក​ហោរា និង​ប្រជាជន​ទាំង​អស់ ទាំង​តូច ទាំង​ធំ​ផង ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ ជា​សេចក្ដី​សញ្ញា​ដែល​បាន​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់។ ស្ដេច​ឈរ​នៅ​លើ​វេទិកា ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​បទក្រឹត្យ‌ក្រម បទ​បញ្ជា និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​យល់​ព្រម​តាម​ដែរ។ ស្ដេច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​បាន​ធ្វើ​សម្រាប់​ព្រះ‌បាល សម្រាប់​រូប​ព្រះ និង​សម្រាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ទ្រង់​ដុត​ចោល​ទាំង​អស់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ក្រុង​បេត-អែល។ ទ្រង់​បំបាត់​ពួក​សង្ឃ​របស់​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង​ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី និង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន។ ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កម្ទេច​ជា​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ។ ទ្រង់​បាន​បំផ្លាញ​កន្លែង​របស់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សម្រាប់​រូប​ព្រះ​អាសេរ៉ា​ដែរ។ ទ្រង់​នាំ​ពួក​សង្ឃ​ចេញ​ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ-សេបា។ ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅ‌ហ្វាយ​ក្រុង។ ឯ​ពួក​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ដល់​អាស‌នា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​នៅ​ជា‌មួយ​ពួក​បង‌ប្អូន​គេ​ដែរ។ ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​តំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​ពួក​កូន​ចៅ​ហ៊ីន‌ណម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ។ ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ​ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល។ ឯ​អាស‌នា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ​នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស និង​អាស‌នា​ដែល​ម៉ាណា‌សេ​បាន​ធ្វើ​នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​ចេញ​ពី​នោះ បោះ​កម្ទេច​ចោល​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ។ ស្ដេច​បាន​បំផ្លាញ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​ព្រះបាទសាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន និង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​តង្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្ដេច​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ។ ទ្រង់​ក៏​វាយ​បំបាក់​ស្តូប​ទាំង​អស់ ដែល​សម្រាប់​គោរព ហើយ​រំលំ​បង្គោល​សក្ការៈ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។ អាស‌នា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល និង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម​កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាស‌នា និង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កម្ទេច​ចោល​ជា​ធូលី ហើយ​ដុត​បង្គោល​សក្ការៈ ដែរ។ ព្រះបាទ​យ៉ូសៀស​បែរ​ទត​ទៅ​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាស‌នា ធ្វើ​បង្អាប់​ដល់​អាស‌នា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ថ្លែងទំនាយ​ប្រាប់​ពី​ការ​ទាំង​នោះ។ បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​ផ្នូរ​អ្វី​ដែល​យើង​ឃើញ​នោះ?» ពួក​អ្នក​ក្រុង​នោះ​ទូល​ឆ្លើយ​ថា៖ «គឺ​ជា​ផ្នូរ​អ្នក​សំណព្វ​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ថ្លែងទំនាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សម្រេច​ដល់​អាស‌នា​បេត-អែល​នេះ»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ» ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់ ព្រម​ទាំង​ឆ្អឹង​របស់​ហោរា​ដែល​មក​ពី​សាម៉ារី​នោះ​ដែរ។ ម្យ៉ាង​ទៀត ព្រះបាទ​យ៉ូសៀស​បាន​លុប​បំបាត់​អស់​ទាំង​ទីសក្ការៈ​តាម​ទី​ខ្ពស់ៗ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ ទ្រង់​បាន​ធ្វើ​ដល់​ទី​ទាំង​នោះ ដូច​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ។ ទ្រង់​សម្លាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់​ដែល​នៅ​ក្នុង​ស្រុក​នោះ នៅ​លើ​អាស‌នា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​អាស‌នា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ។

២ ពង្សាវតារក្សត្រ 23:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌រាជា​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ព្រឹទ្ធា‌ចារ្យ នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម​មក​គាល់។ បន្ទាប់​មក ស្ដេច​យាង​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​មួយ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល គឺ​មាន​អស់​លោក​បូជា‌ចារ្យ ព្យាការី និង​ប្រជា‌ជន​ទាំង​អស់ គ្រប់​ជាន់​ថ្នាក់។ ព្រះ‌រាជា​អាន​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​សម្ពន្ធ‌មេត្រី ដែល​គេ​រក​ឃើញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ឲ្យ​ប្រជា‌ជន​ស្ដាប់។ ព្រះ‌រាជា​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រះ‌អម្ចាស់ ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​ព្រះ‌អម្ចាស់ និង​កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ព្រះអង្គ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្ដី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។ ស្ដេច​ចេញ​បញ្ជា​ដល់​លោក​មហា​បូជា‌ចារ្យ​ហ៊ីល‌គី‌យ៉ា និង​ពួក​បូជា‌ចារ្យ​ថ្នាក់​បន្ទាប់ ព្រម​ទាំង​ក្រុម​យាម​ទ្វារ ឲ្យ​យក​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​គេ​ថ្វាយ​ព្រះ​បាល ព្រះ​អាសេ‌រ៉ា និង​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់។ គេ​យក​វត្ថុ​ទាំង​នោះ​ទៅ​ដុត​ចោល​នៅ​ក្រៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ជ្រោះ​កេដ្រូន រួច​យក​ផេះ​ទៅ​ចោល​នៅ​បេត‌អែល។ ស្ដេច​លុប​បំបាត់​ពួក​បូជា‌ចារ្យ​ដែល​ស្ដេច​ស្រុក​យូដា​បាន​លើក​បន្តុប សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នៃ​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា និង​នៅ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម។ ស្ដេច​លុប​បំបាត់​អស់​អ្នក​ដែល​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​បាល ព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ តារា‌និករ និង​ហ្វូង‌តារា​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ។ ស្ដេច​យក​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ចេញ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ទៅ​ចោល​ក្រៅ​ក្រុង​យេរូ‌សាឡឹម រួច​ដុត​នៅ​ជ្រោះ​កេដ្រូន។ គេ​ដុត​កម្ទេច​បង្គោល​នោះ​ឲ្យ​ទៅ​ជា​ផេះ ហើយ​យក​ផេះ​ទៅ​បាច​លើ​ផ្នូរ​របស់​ប្រជា‌ជន។ ព្រះ‌បាទ​យ៉ូសៀស​កម្ទេច​កន្លែង​សម្រាប់​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដែល​ស្ថិត​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ជា​កន្លែង​ដែល​ពួក​ស្ត្រី​ត្បាញ​ក្រណាត់ ធ្វើ​សម្លៀក‌បំពាក់​ថ្វាយ​ព្រះ‌អាសេ‌រ៉ា​ដែរ។ ស្ដេច​កោះ​ហៅ​បូជា‌ចារ្យ​ទាំង​អស់​ពី​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ស្ដេច​បាន​បំផ្លាញ​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ ចាប់​ពី​ក្រុង​កេបា​រហូត​ដល់​បៀរ‌សេ‌បា ជា​កន្លែង​ដែល​បូជា‌ចារ្យ​ទាំង​នោះ​ធ្លាប់​ដុត​គ្រឿង​ក្រអូប។ ស្ដេច​ក៏​រំលំ​កន្លែង​សក្ការៈ​នៅ​តាម​ទ្វារ​ក្រុង​យេរូ‌សាឡឹម ដូច​ជា​កន្លែង​សក្ការៈ​ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ទ្វារ​លោក​យ៉ូស្វេ ជា​អភិ‌បាល​ក្រុង។ ពួក​បូជា‌ចារ្យ​នៃ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ គ្មាន​សិទ្ធិ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​ទេ តែ​ពួក​គេ​អាច​បរិភោគ​នំបុ័ង​ឥត​មេ​ជា​មួយ​បូជា‌ចារ្យ​ដទៃ​ទៀត​បាន។ ព្រះ‌បាទ​យ៉ូសៀស​បាន​បំផ្លាញ​កន្លែង​ធ្វើ​បូជា​យញ្ញ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ិន‌ណម ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​យក​កូន​ប្រុស កូន​ស្រី​របស់​ខ្លួន ទៅ​ធ្វើ​បូជា​យញ្ញ​ថ្វាយ​ព្រះ​ម៉ូឡុក​ទៀត​ឡើយ។ ព្រះ‌បាទ​យ៉ូសៀស​យក​រូប​សេះ​ទាំង​ប៉ុន្មាន ដែល​ស្ដេច​ស្រុក​យូដា​ធ្វើ​ថ្វាយ​ព្រះ‌អាទិត្យ ចេញ​ពី​មាត់​ទ្វារ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ រូប​ទាំង​នោះ​ស្ថិត​ក្បែរ​បន្ទប់​របស់​លោក​មហា‌តលិក​នេថាន-‌មេឡេក គឺ​នៅ​ក្នុង​បន្ទប់​អម។ ស្ដេច​ក៏​បាន​ដុត​រទេះ​របស់​ព្រះ‌អាទិត្យ​ចោល​ដែរ។ ស្ដេច​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​អហាស់ និង​ស្ដេច​នានា​នៃ​ស្រុក​យូដា​បាន​សង់ នៅ​តាម​ថែវ​នៃ​បន្ទប់​ខាង​លើ។ ស្ដេច​ក៏​រំលំ​អាសនៈ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​ម៉ាណា‌សេ​បាន​សង់ ក្នុង​ទី‌លាន​ទាំង​ពីរ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ បន្ទាប់​ពី​បំផ្លាញ​អាសនៈ​ទាំង​នោះ​ហើយ ស្ដេច​យក​កម្ទេច​ទៅ​បោះ​ចោល​នៅ​ជ្រលង​ភ្នំ​កេដ្រូន។ ស្ដេច​បំផ្លាញ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទាំង​ប៉ុន្មាន ដែល​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម ប៉ែក​ខាង​ត្បូង​ភ្នំ​ដើម​អូលីវ។ ព្រះ‌បាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់​កន្លែង​សក្ការៈ​ទាំង​នោះ​ថ្វាយ​ព្រះ‌អាសថា‌រ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ស៊ីដូន ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​ម៉ូអាប់ ព្រះ​មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​នៃ​ជន‌ជាតិ​អាំម៉ូន។ ស្ដេច​វាយ​បំបាក់​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​យក​ធាតុ​មនុស្ស​មក​រាយ​ពាស‌ពេញ​ទី​នោះ​វិញ។ ព្រះ‌បាទ​យ៉ូសៀស​រំលំ​អាសនៈ​នៅ​បេត‌អែល ជា​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​បាន​សង់ ដើម្បី​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប។ ស្ដេច​បាន​រំលំ​អាសនៈ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​នេះ គឺ​ស្ដេច​ដុត​ឲ្យ​ទៅ​ជា​ផេះ ហើយ​ក៏​ដុត​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា​ដែរ។ ព្រះ‌បាទ​យ៉ូសៀស​ងាក​ទៅ​ឃើញ​កន្លែង​បញ្ចុះ​សព​នៅ​លើ​ភ្នំ ក៏​បញ្ជា​ឲ្យ​គេ​យក​ឆ្អឹង​ខ្មោច​ក្នុង​ផ្នូរ​ទាំង​នោះ ទៅ​ដុត​នៅ​លើ​អាសនៈ។ ស្ដេច​ធ្វើ​ឲ្យ​អាសនៈ​នោះ​ទៅ​ជា​សៅ‌ហ្មង ស្រប​តាម​ព្រះ‌បន្ទូល​ដែល​អ្នក​ជំនិត​របស់​ព្រះ‌អម្ចាស់​ថ្លែង​ទុក។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មើល! ផ្នូរ​នោះ​ជា​អ្វី?»។ ពួក​អ្នក​ក្រុង​ទូល​ថា៖ «គឺ​ផ្នូរ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ដែល​មក​ពី​ស្រុក​យូដា ដើម្បី​ថ្លែង​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ទើប​នឹង​ប្រព្រឹត្ត​ចំពោះ​អាសនៈ​នៅ​បេត‌អែល​នេះ»។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទុក​ផ្នូរ​នេះ កុំ​ប៉ះ‌ពាល់​ធាតុ​របស់​លោក​ឡើយ»។ ដូច្នេះ គេ​មិន​គាស់​យក​ធាតុ​របស់​លោក ព្រម​ទាំង​ធាតុ​របស់​ព្យាការី​ដែល​មក​ពី​ស្រុក​សាម៉ារី​ទេ។ កាល​ពី​ដើម ស្ដេច​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​បាន​សង់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ក្នុង​ក្រុង​ទាំង‌ឡាយ​នៅ​ស្រុក​សាម៉ារី បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ព្រះ‌បាទ​យ៉ូសៀស​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​នោះ​ដូច​ទ្រង់​បាន​ធ្វើ​នៅ​បេត‌អែល​ដែរ។ ស្ដេច​បាន​ប្រហារ​បូជា‌ចារ្យ​ទាំង​អស់​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច​នៅ​លើ​នោះ​ផង​ដែរ។ បន្ទាប់​មក ទ្រង់​យាង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

២ ពង្សាវតារក្សត្រ 23:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ស្តេច​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា រួច​ស្តេច​ទ្រង់​យាង​ឡើង ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន នឹង​ពួក​សង្ឃ ពួក​ហោរា ហើយ​នឹង​អស់​ទាំង​បណ្តាជន ទាំង​តូច​ទាំង​ធំ​ផង នោះ​ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល នៅ​ក្នុង​គម្ពីរជា​សេចក្ដី​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់ ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ក្រិត្យ‌ក្រម នឹង​សេចក្ដី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តាជន​ទាំង‌ឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។ ស្តេច​ទ្រង់​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ នឹង​ពួក​សង្ឃ​ជា​បន្ទាប់ ព្រម​ទាំង​ពួក​អ្នក​ឆ្មាំ​ទ្វារ ឲ្យ​យក​អស់​ទាំង​ប្រដាប់‌ប្រដា ដែល​បាន​ធ្វើ​សំរាប់​ព្រះ‌បាល នឹង​សំរាប់​រូប​ព្រះ ហើយ​សំរាប់​ពួក​ពល​នៅ​លើ​មេឃ ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ទៅ រួច​ទ្រង់​ដុត​ចោល​ទាំង​អស់ នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ត្រង់​វាល​ក្បែរ​ជ្រោះ​កេដ្រុន ហើយ​ក៏​យក​ផេះ​ទៅ​ឯ​ក្រុង​បេត-អែល ទ្រង់​បំបាត់​ពួក​សង្ឃ​នៃ​រូប​ព្រះ ដែល​ពួក​ស្តេច​យូដា​បាន​តាំង ឲ្យ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​ទី​ក្រុង​នៃ​ស្រុក​យូដា ហើយ​នៅ​ទី​ជុំវិញ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ព្រម​ទាំង​ពួក​សង្ឃ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ព្រះ‌អាទិត្យ ព្រះ‌ចន្ទ ចក្រ‌រាសី នឹង​ពួក​ពល​បរិវារ​នៅ​លើ​មេឃ​ទាំង​ប៉ុន្មាន​ផង ទ្រង់​ក៏​យក​រូប​ព្រះ​ចេញ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទៅ​ដល់​ជ្រោះ​កេដ្រុន ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម ដុត​នៅ​ទី​នោះ រួច​វាយ​កំទេច​ជា​ផង់​ធូលី ហើយ​បាច​ទៅ​លើ​ផ្នូរ​របស់​ពួក​អ្នក​ស្រុក ទ្រង់​បាន​បំផ្លាញ​អស់​ទាំង​ផ្ទះ​របស់​ពួក​កូន​ជឹង ដែល​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​កន្លែង​ដែល​ពួក​ស្រីៗ​ត្បាញ​ពិតាន សំរាប់​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចេញ រួច​ទ្រង់​នាំ​ពួក​សង្ឃ​ចេញ ពី​ទី​ក្រុង​ស្រុក​យូដា​ទាំង​អស់ ទៅ​ធ្វើ​បង្អាប់​ដល់​អស់​ទាំង​ទី​ខ្ពស់ ដែល​ពួក​សង្ឃ​បាន​ដុត​កំញាន ចាប់​តាំង​ពី​ក្រុង​កេបា រហូត​ដល់​បៀរ-សេបា ទ្រង់​ក៏​បំផ្លាញ​ទី​ខ្ពស់​នៃ​ទ្វារ​ក្រុង ដែល​នៅ​ខាង​ឆ្វេង​ដៃ​នៃ​ខ្លោង‌ទ្វារ​របស់​យ៉ូស្វេ ជា​ចៅហ្វាយ​ក្រុង ឯ​អស់​ទាំង​សង្ឃ​នៃ​ទី​ខ្ពស់​ទាំង​នោះ គេ​មិន​បាន​ឡើង​ទៅ​ឯ​អាសនា​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​យេរូ‌សាឡិម​ទេ តែ​គេ​បរិភោគ​នំបុ័ង​ឥត​ដំបែ នៅ​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ដែរ ទ្រង់​ក៏​ធ្វើ​បង្អាប់​ដល់​ដំបន់​តូផែត ដែល​នៅ​ក្នុង​ច្រក​ភ្នំ របស់​ពួក​កូន​ចៅ​ហ៊ីនណំ​ម ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី ឆ្លង​កាត់​ភ្លើង​ថ្វាយ​ព្រះ‌ម៉ូឡុក​ទៀត​ឡើយ ទ្រង់​បំបាត់​សេះ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា បាន​ថ្វាយ​ដល់​ព្រះ‌អាទិត្យ ដែល​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្បែរ​បន្ទប់​របស់​នេថាន-មេលេក ជា​មេ​ដែល​នៅ​តំបន់​ក្រៅ ហើយ​ក៏​ដុត​រថ​នៃ​ព្រះ‌អាទិត្យ​ចោល ឯ​អាសនា​ដែល​ពួក​ស្តេច​យូដា​បាន​ធ្វើ នៅ​លើ​ដំបូល​បន្ទប់​ខាង​លើ​របស់​អ័ហាស នឹង​អាសនា​ដែល​ម៉ាន៉ាសេ បាន​ធ្វើ​នៅ​ក្នុង​ទីលាន​ទាំង​២​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នោះ​ស្តេច​ក៏​បំបែក​បំបាក់​យក​ចេញ​ពី​នោះ បោះ​ចោល​ផង់​កំទេច​ទៅ​ក្នុង​ជ្រោះ​កេដ្រុន​ទៅ ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​សាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រាអែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន នឹង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ ក៏​បំបាក់​បំបែក​អស់​ទាំង​បង្គោល ដែល​សំរាប់​គោរព ហើយ​រំលំ​រូប​ព្រះ រួច​យក​ឆ្អឹង​មនុស្ស​មក​រាយ​ពេញ​កន្លែង​នោះ។ ឯ​អាសនា​ដែល​នៅ​ត្រង់​ក្រុង​បេត-អែល នឹង​ទី​ខ្ពស់ ដែល​យេរ៉ូ‌បោម កូន​នេបាត ជា​អ្នក​ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប បាន​ធ្វើ ទ្រង់​ក៏​បំបែក​បំបាក់​អាសនា នឹង​ទី​ខ្ពស់ ព្រម​ទាំង​ដុត​ទី​ខ្ពស់​នោះ វាយ​កំទេច​ជា​ផង់​ធូលី ហើយ​ដុត​រូប​ព្រះ​ផង កាល​យ៉ូសៀស​បែរ​ទត​ទៅ នោះ​ក៏​ឃើញ​ផ្នូរ​ខ្មោច​នៅ​ភ្នំ រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​យក​ឆ្អឹង​ពី​ផ្នូរ​ទាំង​នោះ មក​ដុត​លើ​អាសនា ធ្វើ​បង្អាប់​ដល់​អាសនា​នោះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រកាស​ទុក គឺ​ជា​អ្នក​ដែល​បាន​ទាយ​ប្រាប់​ពី​ការ​ទាំង​នោះ រួច​ទ្រង់​មាន​បន្ទូល​សួរ​ថា តើ​ម៉ុង​អី ដែល​អញ​ឃើញ​ឯ​ណោះ ពួក​អ្នក​ក្រុង​នោះ​គេ​ទូល​ឆ្លើយ​ថា នោះ​គឺ​ជា​ម៉ុង​នៃ​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា ហើយ​បាន​ទាយ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​សំរេច​ដល់​អាសនា​បេត-អែល​នេះ ទ្រង់​មាន​បន្ទូល​ថា ទុក​ចុះ កុំ​ឲ្យ​អ្នក​ណា​ទៅ​រើ​ឆ្អឹង​គាត់​ឡើយ ដូច្នេះ គេ​ក៏​ទុក​ឆ្អឹង​គាត់​នៅ ព្រម​ទាំង​ឆ្អឹង​នៃ​ហោរា ដែល​មក​ពី​សាម៉ារី​នោះ​ដែរ ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រាអែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ នោះ​ស្តេច​យ៉ូសៀស ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះតាម​គ្រប់​ទាំង​សេចក្ដី ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ ទ្រង់​សំឡាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះនៅ​លើ​អាសនា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច នៅ​លើ​អាសនា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។