២ របាក្សត្រ 35:1-19 - Compare All Versions

២ របាក្សត្រ 35:1-19 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះបាទ​យ៉ូសៀស ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​ទី​ដប់​បួន ក្នុង​ខែ​ទី​មួយ ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែនាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ព្រះ‌វិហារ​ថា៖ «ចូរ​យក​ហិប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ព្រះបាទ​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​អ្នក​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ទ្រង់​ផង ចូរ​បម្រុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​អ្នក​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី​ដែល​ព្រះបាទ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល និង​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ទ្រង់​បាន​កត់​ទុក ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្ដា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី រួច​សម្លាប់​ចៀម​សម្រាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀបចំ​ឲ្យ​ពួក​បង‌ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ»។ ព្រះបាទ​យ៉ូសៀស​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​បី​ម៉ឺន និង​គោ​បី​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ​ដល់​ពួក​អ្នក​ក្នុង​បណ្ដា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាកា‌រី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌ដំណាក់​របស់​ព្រះ ក៏​ឲ្យ​ចៀម​ពីរ​ពាន់​ប្រាំមួយ​រយ និង​គោ​បី​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង ឯ​កូន​ណានា និង​សេម៉ា‌យ៉ា ហើយ​នេថា‌នេល ជា​បង‌ប្អូន​លោក ព្រម​ទាំង​ហា‌សាប‌យ៉ា យីអែល និង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​ប្រាំ​ពាន់ និង​គោ​ប្រាំរយ​ដល់​ពួក​លេវី សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង​ទៀត។ យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច ពួក​លេវី​បាន​សម្លាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក រួច​គេ​រើ​យក​តង្វាយ​ទាំង​នោះ ទៅ​តម្រៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​អស់​អ្នក​ក្នុង​បណ្ដា‌ជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ គេ​អាំង​តង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក​ក្នុង​បណ្ដា‌ជន​ជា​ប្រញាប់ ទើប​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​តង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​លោក​អើរ៉ុន​ដែរ ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូ‌ថិន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង‌ប្អូន​គេ​រៀបចំ​ឲ្យ។ ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​តង្វាយ​ដុត នៅ​លើ​អាស‌នា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ព្រះបាទ​យ៉ូសៀស ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​ប្រាំពីរ​ថ្ងៃ មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ចាប់​តាំង​ពី​គ្រា​ហោរា​សាំយូ‌អែល​រៀង​មក ក៏​មិន​ដែល​មាន​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល​ណា​មួយ បាន​ធ្វើ​បុណ្យ​រំលង ឲ្យ​ដូច​ជា​បុណ្យ​រំលង​ដែល​ព្រះបាទ​យ៉ូសៀស ពួក​សង្ឃ ពួក​លេវី ហើយ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​នោះ​ដែរ គេ​បាន​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ក្នុង​ឆ្នាំ​ដប់​ប្រាំបី​នៃ​រាជ្យ​ព្រះបាទ​យ៉ូសៀស។

២ របាក្សត្រ 35:1-19 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌បាទ​យ៉ូ‌សៀស​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង* ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ គេ​បាន​សម្លាប់​កូន​ចៀម​ធ្វើ​ពិធី​បុណ្យ​ចម្លង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ទី​មួយ។ ស្ដេច​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ស្ដេច​បង្គាប់​ក្រុម​លេវី ដែល​គេ​ញែក​ទុក​ដោយ​ឡែក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​មាន​ភារ‌កិច្ច​ប្រៀន‌ប្រដៅ​ប្រជា‌ជន​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​ដាក់​ហិប​ដ៏វិសុទ្ធ​នៅ​ក្នុង​ព្រះ‌ដំណាក់​ដែល​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ស្ដេច​ស្រុក​អ៊ីស្រា‌អែល បាន​សង់។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​សែង​ហិប​នេះ​ទៀត​ទេ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​បម្រើ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។ ចូរ​រៀបចំ​ខ្លួន​តាម​ក្រុម​គ្រួសារ និង​តាម​ជាន់​ថ្នាក់​របស់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល និង​ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ចង​ក្រង​ជា​ក្បួន​តម្រា​ទុក​មក​ស្រាប់។ ចូរ​នាំ​គ្នា​ឈរ​នៅ​ក្នុង​ទីសក្ការៈ​តាម​លំដាប់‌លំដោយ គឺ​ក្រុម​គ្រួសារ​លេវី​នីមួយៗ​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ចូរ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង ហើយ​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដើម្បី​រៀបចំ​ពិធី​បុណ្យ​ចម្លង​ជូន​បងប្អូន​របស់​អ្នក​រាល់​គ្នា ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​តាម​រយៈ​លោក​ម៉ូសេ»។ ព្រះ‌បាទ​យ៉ូ‌សៀស​យក​កូន​ចៀម និង​កូន​ពពែ ៣០ ០០០​ក្បាល និង​គោ ៣ ០០០​ក្បាល ពី​ហ្វូង​សត្វ​របស់​ស្ដេច​ផ្ទាល់ ដើម្បី​ថ្វាយ​ជា​យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ចម្លង​សម្រាប់​ប្រជា‌ជន​ដែល​នៅ​ទី​នោះ។ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​ស្ម័គ្រ​ចិត្ត​យក​សត្វ​របស់​ខ្លួន​ប្រគល់​ជូន​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី​ដែរ។ លោក​ហ៊ីល‌គីយ៉ា លោក​សាកា‌រី និង​លោក​យេហ៊ី‌អែល ជា​អ្នក​ទទួល​ខុស​ត្រូវ​កិច្ចការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ យក​ចៀម ២ ៦០០​ក្បាល ព្រម​ទាំង​គោ ៣០០​ក្បាល ប្រគល់​ជូន​ក្រុម​បូជា‌ចារ្យ សម្រាប់​ពិធី​បុណ្យ​ចម្លង។ លោក​កូណា‌នា លោក​សេម៉ាយ៉ា និង​លោក​នេថា‌នេល ជា​ប្អូន​របស់​លោក ព្រម​ទាំង​លោក​ហាសាប‌យ៉ា លោក​យី‌អែល និង​លោក​យ៉ូសា‌បាដ ជា​អ្នក​ដឹក​នាំ​ក្រុម​លេវី យក​ចៀម ៥ ០០០​ក្បាល ព្រម​ទាំង​គោ ៥០០​ក្បាល ប្រគល់​ជូន​ក្រុម​លេវី សម្រាប់​ពិធី​បុណ្យ​ចម្លង។ ពិធី​បុណ្យ​ចាប់​ផ្ដើម​ដូច​ត​ទៅ: ក្រុម​បូជា‌ចារ្យ​ឈរ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ហើយ​ក្រុម​លេវី​ក៏​ឈរ​តាម​ជាន់​ថ្នាក់​របស់​ខ្លួន ស្រប​តាម​បញ្ជា​របស់​ស្ដេច។ គេ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ក្នុង​ឱកាស​បុណ្យ​ចម្លង។ ក្រុម​លេវី​ប្រគល់​ឈាម​សត្វ​ទៅ​ក្រុម​បូជា‌ចារ្យ ហើយ​បូជា‌ចារ្យ​ក៏​ធ្វើ​ពិធី​ប្រោះ​ឈាម​នោះ​នៅ​លើ​អាសនៈ។ បន្ទាប់​មក ក្រុម​លេវី​នាំ​គ្នា​បក​ស្បែក​សត្វ។ គេ​ដាក់​សាច់​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​ដោយ​ឡែក សម្រាប់​ប្រគល់​ទៅ​ក្រុម​គ្រួសារ​ផ្សេងៗ​របស់​ប្រជា‌ជន ដើម្បី​ឲ្យ​ពួក​គេ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។ ចំពោះ​សាច់​គោ​ក៏​គេ​ធ្វើ​ដូច្នោះ​ដែរ។ គេ​អាំង​សាច់​កូន​ចៀម​ដែល​ថ្វាយ​សម្រាប់​ពិធី​បុណ្យ​ចម្លង​នៅ​លើ​ភ្លើង ស្រប​តាម​វិន័យ រីឯ​ចំណែក​សាច់​ដ៏​សក្ការៈ​វិញ គេ​ចម្អិន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​ប្រញាប់‌ប្រញាល់​ចែក​ជូន​ប្រជា‌ជន​ទាំង​អស់។ បន្ទាប់​មក ក្រុម​លេវី​ចម្អិន​សាច់​ដែល​ជា​ចំណែក​របស់​ពួក​គេ និង​ចំណែក​របស់​ក្រុម​បូជា‌ចារ្យ ដ្បិត​ក្រុម​បូជា‌ចារ្យ​ជាប់​រវល់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​ខ្លាញ់​រហូត​ដល់​យប់។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុម​លេវី​រៀបចំ​អាហារ​សម្រាប់​ខ្លួន​ឯង​ផង និង​សម្រាប់​ក្រុម​បូជា‌ចារ្យ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន​ផង។ ក្រុម​ចម្រៀង ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ បំពេញ​មុខងារ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន ដូច​ព្រះ‌បាទ​ដាវីឌ លោក​អេ‌សាភ លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន ជា​គ្រូ​ទាយ​របស់​ស្ដេច បាន​បង្គាប់​ទុក។ រីឯ​ឆ្មាំ​ទ្វារ​ក៏​ឈរ​នៅ​តាម​កន្លែង​របស់​ខ្លួន​ដែរ គ្មាន​នរណា​ចាក​ចេញ​ពី​កន្លែង​របស់​ខ្លួន​ឡើយ ព្រោះ​ក្រុម​លេវី​រៀបចំ​អាហារ​ជូន​ពួក​គេ។ នៅ​ថ្ងៃ​នោះ គេ​បាន​ចាត់​ចែង​ពិធី​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់​តាម​របៀប​នេះ​ឯង គឺ​គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ចម្លង ដោយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ ស្រប​តាម​បញ្ជា​របស់​ព្រះ‌បាទ​យ៉ូ‌សៀស។ ប្រជា‌ជន​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង និង​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ តាំង​ពី​ជំនាន់​ព្យាកា‌រី​សាំយូ‌អែល គេ​មិន​ដែល​ប្រារព្ធ​បុណ្យ​ចម្លង​របៀប​នេះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ទេ ហើយ​ក៏​ពុំ​មាន​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អង្គ​ណា ប្រារព្ធ​បុណ្យ​ចម្លង​ដូច​ព្រះ‌បាទ​យ៉ូ‌សៀស ក្រុម​បូជា‌ចារ្យ ក្រុម​លេវី រួម​ជា​មួយ​នឹង​អ្នក​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល ព្រម​ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម នៅ​ពេល​នោះ​ដែរ។ គេ​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​នេះ​នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូ‌សៀស។

២ របាក្សត្រ 35:1-19 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

យ៉ូសៀស ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម គេ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែ‌នាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ដល់​ព្រះ‌វិហារ​ថា ចូរ​យក​ហឹប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ស្តេច​អ៊ីស្រាអែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​ឯង​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បំរើ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ផង ចូរ​បំរុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​ឯង​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី ដែល​ដាវីឌ ជា​ស្តេច​អ៊ីស្រាអែល នឹង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​បាន​កត់​ទុក ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង​ប្អូន​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្តាជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​និមួយៗ​ក្នុង​ពួក​លេវី រួច​សំឡាប់​ចៀម​សំរាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀបចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។ យ៉ូសៀស​ទ្រង់​ប្រទាន​កូន​ចៀម នឹង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​៣​ម៉ឺន នឹង​គោ​៣​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ ដល់​ពួក​អ្នក​ក្នុង​បណ្តាជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ នឹង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី នឹង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ នឹង​គោ​៣​រយ ដល់​ពួក​សង្ឃ​សំរាប់​ជា​ដង្វាយ​នៃ​បុណ្យ​រំលង ឯ​កូណានា នឹង​សេម៉ាយ៉ា ហើយ​នេថា‌នេល ជា​បង​ប្អូន​លោក ព្រម​ទាំង​ហាសាបយ៉ា យីអែល នឹង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​៥​ពាន់ នឹង​គោ​៥០០​ដល់​ពួក​លេវី សំរាប់​ជា​ដង្វាយ​បុណ្យ​រំលង​ទៀត។ យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច ពួក​លេវី​បាន​សំឡាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក រួច​គេ​រើ​យក​ដង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក នៃ​អស់​អ្នក​ក្នុង​បណ្តាជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ គេ​អាំង​ដង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​ដង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង នឹង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក ក្នុង​បណ្តាជន​ជា​ប្រញាប់ ទើប​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​ដង្វាយ​ដុត នឹង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀបចំ​សំរាប់​ខ្លួន​គេ នឹង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចំរៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន នឹង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀបចំ​ឲ្យ។ ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​ថ្វាយ​ដង្វាយ​ដុត នៅ​លើ​អាសនា​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច​យ៉ូសៀស ឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​ឡើយ ចាប់​តាំង​ពី​គ្រា​ហោរា​សាំយូ‌អែល​រៀង​មក ក៏​មិន​ដែល​មាន​ស្តេច​នៃ​ពួក​អ៊ីស្រាអែល​ណា​មួយ បាន​ធ្វើ​បុណ្យ​រំលង ឲ្យ​ដូច​ជា​បុណ្យ​រំលង ដែល​យ៉ូសៀស ពួក​សង្ឃ ពួក​លេវី ហើយ​ពួក​យូដា នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​ដែល​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ធ្វើ​នោះ​ដែរ គេ​បាន​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ក្នុង​ឆ្នាំ​១៨​នៃ​រាជ្យ​យ៉ូសៀស។