២ របាក្សត្រ 35
35
ព្រះបាទយ៉ូសៀសរៀបចំពិធីបុណ្យចម្លង*
(២ ពង្សាវតារក្សត្រ ២៣.២-២៣)
1ព្រះបាទយ៉ូសៀសប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម។ គេបានសម្លាប់កូនចៀមធ្វើពិធីបុណ្យចម្លង នៅថ្ងៃទីដប់បួន ក្នុងខែទីមួយ។ 2ស្ដេចបានតែងតាំងក្រុមបូជាចារ្យ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 3ស្ដេចបង្គាប់ក្រុមលេវី ដែលគេញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ហើយមានភារកិច្ចប្រៀនប្រដៅប្រជាជននៅស្រុកអ៊ីស្រាអែលទាំងមូលថា៖ «ចូរដាក់ហិបដ៏វិសុទ្ធនៅក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ស្ដេចស្រុកអ៊ីស្រាអែល បានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហិបនេះទៀតទេ ឥឡូវនេះ ចូរបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គទៅ។ 4#២របា. ៨.១៤ចូររៀបចំខ្លួនតាមក្រុមគ្រួសារ និងតាមជាន់ថ្នាក់របស់អ្នករាល់គ្នា ដូចព្រះបាទដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូន ជាបុត្រ បានចងក្រងជាក្បួនតម្រាទុកមកស្រាប់។ 5ចូរនាំគ្នាឈរនៅក្នុងទីសក្ការៈតាមលំដាប់លំដោយ គឺក្រុមគ្រួសារលេវីនីមួយៗធ្វើជាតំណាងឲ្យក្រុមគ្រួសារផ្សេងៗនៃជនជាតិអ៊ីស្រាអែល។ 6ចូរសម្លាប់សត្វដែលត្រូវថ្វាយសម្រាប់ពិធីបុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីរៀបចំពិធីបុណ្យចម្លងជូនបងប្អូនរបស់អ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងតាមរយៈលោកម៉ូសេ»។
7ព្រះបាទយ៉ូសៀសយកកូនចៀម និងកូនពពែ ៣០ ០០០ក្បាល និងគោ ៣ ០០០ក្បាល ពីហ្វូងសត្វរបស់ស្ដេចផ្ទាល់ ដើម្បីថ្វាយជាយញ្ញបូជាក្នុងពិធីបុណ្យចម្លងសម្រាប់ប្រជាជនដែលនៅទីនោះ។ 8ពួកមន្ត្រីរបស់ស្ដេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២ ៦០០ក្បាល ព្រមទាំងគោ ៣០០ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។ 9លោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាបយ៉ា លោកយីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំក្រុមលេវី យកចៀម ៥ ០០០ក្បាល ព្រមទាំងគោ ៥០០ក្បាល ប្រគល់ជូនក្រុមលេវី សម្រាប់ពិធីបុណ្យចម្លង។
10ពិធីបុណ្យចាប់ផ្ដើមដូចតទៅ: ក្រុមបូជាចារ្យឈរតាមកន្លែងរបស់គេរៀងៗខ្លួន ហើយក្រុមលេវីក៏ឈរតាមជាន់ថ្នាក់របស់ខ្លួន ស្របតាមបញ្ជារបស់ស្ដេច។ 11គេសម្លាប់សត្វដែលត្រូវថ្វាយក្នុងឱកាសបុណ្យចម្លង។ ក្រុមលេវីប្រគល់ឈាមសត្វទៅក្រុមបូជាចារ្យ ហើយបូជាចារ្យក៏ធ្វើពិធីប្រោះឈាមនោះនៅលើអាសនៈ។ បន្ទាប់មក ក្រុមលេវីនាំគ្នាបកស្បែកសត្វ។ 12គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ប្រគល់ទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។ ចំពោះសាច់គោក៏គេធ្វើដូច្នោះដែរ។ 13#នក. ១២.៨-៩គេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើង ស្របតាមវិន័យ រីឯចំណែកសាច់ដ៏សក្ការៈវិញ គេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។ 14បន្ទាប់មក ក្រុមលេវីចម្អិនសាច់ដែលជាចំណែករបស់ពួកគេ និងចំណែករបស់ក្រុមបូជាចារ្យ ដ្បិតក្រុមបូជាចារ្យជាប់រវល់ថ្វាយតង្វាយដុតទាំងមូល និងខ្លាញ់រហូតដល់យប់។ ហេតុនេះហើយបានជាក្រុមលេវីរៀបចំអាហារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមបូជាចារ្យ ដែលជាពូជពង្សរបស់លោកអើរ៉ុនផង។
15 #
១របា. ២៥.១
ក្រុមចម្រៀង ជាពូជពង្សរបស់លោកអេសាភ បំពេញមុខងារតាមកន្លែងរបស់គេរៀងៗខ្លួន ដូចព្រះបាទដាវីឌ លោកអេសាភ លោកហេម៉ាន និងលោកយេឌូថិន ជាគ្រូទាយរបស់ស្ដេច បានបង្គាប់ទុក។ រីឯឆ្មាំទ្វារក៏ឈរនៅតាមកន្លែងរបស់ខ្លួនដែរ គ្មាននរណាចាកចេញពីកន្លែងរបស់ខ្លួនឡើយ ព្រោះក្រុមលេវីរៀបចំអាហារជូនពួកគេ។ 16នៅថ្ងៃនោះ គេបានចាត់ចែងពិធីបុណ្យថ្វាយព្រះអម្ចាស់តាមរបៀបនេះឯង គឺគេប្រារព្ធធ្វើពិធីបុណ្យចម្លង ដោយថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ នៅលើអាសនៈ ស្របតាមបញ្ជារបស់ព្រះបាទយ៉ូសៀស។ 17#នក. ១២.១-២០ប្រជាជនអ៊ីស្រាអែលដែលនៅទីនោះ នាំគ្នាប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេ អស់រយៈពេលប្រាំពីរថ្ងៃ។ 18តាំងពីជំនាន់ព្យាការីសាំយូអែល គេមិនដែលប្រារព្ធបុណ្យចម្លងរបៀបនេះនៅស្រុកអ៊ីស្រាអែលទេ ហើយក៏ពុំមានស្ដេចស្រុកអ៊ីស្រាអែលអង្គណា ប្រារព្ធបុណ្យចម្លងដូចព្រះបាទយ៉ូសៀស ក្រុមបូជាចារ្យ ក្រុមលេវី រួមជាមួយនឹងអ្នកស្រុកយូដា និងស្រុកអ៊ីស្រាអែល ព្រមទាំងអ្នកក្រុងយេរូសាឡឹម នៅពេលនោះដែរ។ 19គេប្រារព្ធពិធីបុណ្យចម្លងនេះនៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស។
ដំណាក់ចុងក្រោយនៃរាជ្យព្រះបាទយ៉ូសៀស
(២ ពង្សាវតារក្សត្រ ២៣.២៨-៣០)
20ក្រោយព្រឹត្តិការណ៍ទាំងនោះមក គឺក្រោយពេលព្រះបាទយ៉ូសៀសជួសជុលព្រះដំណាក់របស់ព្រះអម្ចាស់ ព្រះចៅនេកោ ជាស្ដេចស្រុកអេស៊ីប បានលើកទ័ពទៅវាយក្រុងកើកេមីស នៅតាមដងទន្លេអឺប្រាត ព្រះបាទយ៉ូសៀសបានលើកទ័ពមកវាយស្ទាក់ផ្លូវ។ 21ប៉ុន្តែ ព្រះចៅនេកោចាត់អ្នកនាំសារឲ្យមកទូលព្រះបាទយ៉ូសៀសថា៖ «បពិត្រព្រះមហាក្សត្រស្រុកយូដា តើទូលបង្គំ និងព្រះករុណាមានរឿងអ្វីនឹងគ្នា? ទូលបង្គំលើកទ័ពមកថ្ងៃនេះ មិនមែនដើម្បីច្បាំងនឹងព្រះករុណាទេ គឺទូលបង្គំទៅច្បាំងជាមួយខ្មាំងសត្រូវរបស់ទូលបង្គំទេតើ។ ព្រះជាម្ចាស់បង្គាប់ទូលបង្គំឲ្យទៅយ៉ាងរូតរះ។ ដូច្នេះ សូមកុំជំទាស់នឹងព្រះជាម្ចាស់ដែលគង់នៅជាមួយទូលបង្គំឡើយ ក្រែងលោព្រះអង្គធ្វើឲ្យព្រះករុណាវិនាស»។ 22ប៉ុន្តែ ព្រះបាទយ៉ូសៀសនៅតែចង់តទល់នឹងព្រះចៅនេកោ គឺស្ដេចមិនព្រមស្ដាប់ពាក្យរបស់ព្រះចៅនេកោ ដែលជាពាក្យមកពីព្រះជាម្ចាស់ឡើយ។ ស្ដេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្ដេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។ 23ទាហានបាញ់ព្រួញរបស់ទ័ពអេស៊ីបបានបាញ់ចំព្រះបាទយ៉ូសៀស។ ស្ដេចបញ្ជាទៅរាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិតយើងត្រូវរបួសខ្លាំងណាស់»។ 24រាជបម្រើលើកស្ដេចចេញពីរាជរថដែលស្ដេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្ដេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្ដេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។ 25លោកយេរេមាបានតែងបទទំនួញមួយ រំឭកដល់ព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីនាំគ្នាស្មូត្រទំនួញរំឭកដល់ព្រះបាទយ៉ូសៀស រហូតដល់សព្វថ្ងៃ ហើយក៏ក្លាយជាទំនៀមទម្លាប់មួយនៅស្រុកអ៊ីស្រាអែល។ ទំនុកនេះមានចងក្រងនៅក្នុងសៀវភៅទំនួញ។
26រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយ៉ូសៀស និងភក្ដីភាពដែលស្ដេចសម្តែងចំពោះព្រះបន្ទូលដែលមានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ 27គឺកិច្ចការផ្សេងៗដែលស្ដេចបានធ្វើតាំងពីដើមដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 35: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.