២ របាក្សត្រ 26:6-23
២ របាក្សត្រ 26:6-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ និងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ និងនៅកណ្ដាលពួកភីលីស្ទីន ព្រះក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ ដែលនៅស្រុកគើរ-បាល និងពួកម៉ាអូនផង ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយព្រះបាទអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង មួយទៀត ព្រះបាទអូសៀសទ្រង់សង់ប៉មនៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់ ទ្រង់ក៏សង់ប៉មនៅទីរហោស្ថានជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប និងស្រុកវាល ក៏មានពួកអ្នកធ្វើចម្ការ និងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ និងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះហឫទ័យខាងឯការក្សេត្រកម្ម មួយទៀត ព្រះបាទអូសៀសទ្រង់មានពលទ័ពសុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេដែលយីអែល ជាស្មៀន និងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួនពីរពាន់ប្រាំមួយរយនាក់ ហើយនៅក្រោមអំណាចគេ មានពលទ័ពបីសែនប្រាំពីរពាន់ប្រាំរយនាក់ ដែលចេញទៅច្បាំងដោយមានកម្លាំងយ៉ាងរឹងរបឹង សម្រាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ ព្រះបាទអូសៀសក៏ចាត់ចែងធ្វើខែល លំពែងមួកសឹក និងអាវក្រោះ ព្រមទាំងធ្នូ និងក្រួសសម្រាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សម្រាប់បាញ់ព្រួញ និងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកម្លាំងខ្លាំង។ ពេលស្ដេចមានកម្លាំងហើយ នោះមានព្រះហឫទ័យប៉ោងធំឡើង ត្រឡប់ជាខូចអស់ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប។ ប៉ុន្តែ សង្ឃអ័សារាចូលទៅតាមក្រោយស្ដេច ដោយមានពួកសង្ឃនៃព្រះយេហូវ៉ាចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែមានចិត្តមុតមាំទៅជាមួយ។ សង្ឃទាំងនោះបានឃាត់ព្រះបាទអូសៀស ដោយពាក្យថា៖ «ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា មិនមែនជាតួនាទីរបស់ទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅសង្ឃអើរ៉ុន ដែលបានញែកជាបរិសុទ្ធ សម្រាប់ដុតកំញាន ចូរចេញពីទីបរិសុទ្ធនេះទៅ ព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ»។ ដូច្នេះ ព្រះបាទអូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តរបស់ទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ ក៏លេចឡើងត្រង់ថ្ងាស នៅចំពោះមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ អ័សារា ជាសម្ដេចសង្ឃ និងពួកសង្ឃឯទៀត លោកបានពិនិត្យមើលឃើញទ្រង់កើតឃ្លង់នៅថ្ងាសដូច្នោះ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់ចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់។ ព្រះបាទអូសៀសមានរោគឃ្លង់រហូតដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងដាច់ពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជម្រះពួកអ្នកស្រុកផង។ រីឯកិច្ចការផ្សេងទៀតពីព្រះបាទអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់។ ព្រះបាទអូសៀសផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយបុព្វបុរសរបស់ទ្រង់ទៅ ដ្បិតគេថាទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
២ របាក្សត្រ 26:6-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្ដេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។ ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។ ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។ ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។ ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។ ព្រះបាទអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែល ជាស្មៀនហ្លួង និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាល បានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្ដេច។ ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២៦០០រូប និងមានចំនួនទាំងអស់ ៣០៧ ៥០០នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។ ព្រះបាទអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួស ឲ្យទាហានគ្រប់ៗរូប។ នៅក្រុងយេរូសាឡឹម ស្ដេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធ ដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្ដេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្ដេចយ៉ាងច្រើនបំផុត ធ្វើឲ្យស្ដេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។ ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលឲ្យស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប។ លោកបូជាចារ្យអសារាចូលមកតាមក្រោយស្ដេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។ លោកទាំងនោះឈរនៅមុខស្ដេច ទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។ ព្រះបាទអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្ដេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ លោកមហាបូជាចារ្យអសារា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្ដេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្ដេចចេញមកក្រៅជាបន្ទាន់។ រីឯស្ដេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្ដេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្ដេច។ ព្រះបាទអូសៀសកើតឃ្លង់ រហូតដល់ថ្ងៃដែលទ្រង់អស់ព្រះជន្ម។ ដោយស្ដេចកើតឃ្លង់ដូច្នេះ ទ្រង់ត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀស តាំងពីដើមដល់ចប់។ ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។
២ របាក្សត្រ 26:6-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ហើយទ្រង់បំបាក់រំលំកំផែងក្រុងកាថ នឹងកំផែងក្រុងយ៉ាបនេ ហើយកំផែងក្រុងអាសដូឌផង រួចទ្រង់សង់ទីក្រុងក្នុងក្រវល់របស់អាសដូឌ នឹងនៅកណ្តាលពួកភីលីស្ទីន ព្រះទ្រង់ក៏ជួយទាស់នឹងពួកភីលីស្ទីន ពួកអារ៉ាប់ ដែលនៅស្រុកគើរ-បាល នឹងពួកម៉ាអូនផង ឯពួកអាំម៉ូនគេក៏យកសួយអាករមកថ្វាយអូសៀសដែរ ហើយទ្រង់មានកិត្តិនាមល្បីឮទួទៅ រហូតដល់ប្រទល់ដែនចូលស្រុកអេស៊ីព្ទ ដ្បិតទ្រង់មានព្រះចេស្តាកាន់តែខ្លាំងឡើងក្រៃលែង មួយទៀតអូសៀសទ្រង់សង់ប៉ម នៅក្រុងយេរូសាឡិម ត្រង់ទ្វារជ្រុង ទ្វារច្រកភ្នំ ហើយនៅត្រង់រំពត់កំផែង ព្រមទាំងធ្វើឲ្យមាំមួនណាស់ ទ្រង់ក៏សង់ប៉ម នៅទីរហោស្ថាន ជាច្រើនកន្លែង ព្រមទាំងជីកអណ្តូងផង ពីព្រោះទ្រង់មានហ្វូងសត្វយ៉ាងសន្ធឹកនៅស្រុកទំនាប នឹងស្រុកវាល ក៏មានពួកអ្នកធ្វើចំការនឹងពួកអ្នកថែរក្សាដើមទំពាំងបាយជូរ នៅលើភ្នំ នឹងនៅស្រុកកើមែលដែរ ដ្បិតទ្រង់សព្វព្រះទ័យខាងឯការក្សេត្រកម្ម មួយទៀត អូសៀសទ្រង់មានពលទ័ព សុទ្ធតែជាមនុស្សចេះតស៊ូ ដែលចេញទៅច្បាំងដោយកងៗ តាមចំនួនគេ ដែលយីអែល ជាស្មៀន នឹងម្អាសេយ៉ា ជានាយ បានរាប់នៅក្រោមអំណាចហាណានា ជាមេទ័ពរបស់ស្តេច ឯពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេទាំងប៉ុន្មាន គឺជាមនុស្សខ្លាំងពូកែដែលមានចិត្តក្លាហាន នោះមានចំនួន២ពាន់៦រយនាក់ ហើយនៅក្រោមអំណាចគេ មានពលទ័ព៣សែន៧ពាន់៥រយនាក់ ដែលចេញទៅច្បាំងដោយមានកំឡាំងយ៉ាងរឹងរបឹង សំរាប់នឹងជួយស្តេចរាំងរាខ្មាំងសត្រូវ អូសៀសទ្រង់ក៏ចាត់ចែងធ្វើខែល លំពែង មួកសឹក នឹងអាវក្រោះ ព្រមទាំងធ្នូ នឹងក្រួសសំរាប់បាញ់ឲ្យគេ គឺឲ្យពួកពលទ័ពទាំងអស់នោះ ហើយនៅក្រុងយេរូសាឡិមទ្រង់ក៏ធ្វើយន្ត ដែលមនុស្សប៉ិនប្រសប់បានបង្កើតឡើងដាក់លើប៉ម លើកំផែង សំរាប់បាញ់ព្រួញនឹងថ្មធំៗ នោះព្រះនាមទ្រង់ក៏លាន់ឮទួទៅឆ្ងាយ ពីព្រោះទ្រង់មានសេចក្ដីជំនួយយ៉ាងអស្ចារ្យ ដរាបដល់ទ្រង់មានកំឡាំងខ្លាំង។ កាលទ្រង់មានកំឡាំងឡើងហើយ នោះព្រះទ័យទ្រង់ក៏ប៉ោងធំឡើង ត្រឡប់ជាខូចអស់ទៅ ទ្រង់ក៏ប្រព្រឹត្តរំលងនឹងព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដ្បិតទ្រង់បានយាងចូលទៅ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដុតកំញាននៅលើអាសនាគ្រឿងក្រអូប តែអ័សារាដ៏ជាសង្ឃ លោកចូលទៅតាម នាំទាំងពួកសង្ឃនៃព្រះយេហូវ៉ា ដែលសុទ្ធតែមានចិត្តមុតមាំ៨០នាក់ទៅជាមួយ សង្ឃទាំងនោះបានឃាត់ស្តេចអូសៀស ដោយពាក្យថា ឱព្រះករុណាអូសៀសអើយ ការដុតកំញានថ្វាយព្រះយេហូវ៉ា នោះមិនសំរេចនៅទ្រង់ទេ គឺជាការងាររបស់ពួកកូនចៅអើរ៉ុនដ៏ជាសង្ឃដែលបានញែកជាបរិសុទ្ធ សំរាប់នឹងដុតកំញានវិញទេតើ ចូរចេញពីទីបរិសុទ្ធនេះទៅ ពីព្រោះទ្រង់បានរំលងច្បាប់ហើយ ការនេះក៏មិនបានរាប់ជាកិត្តិនាមដល់ទ្រង់ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះដែរ ដូច្នេះ អូសៀសក៏ក្រេវក្រោធ រីឯព្រះហស្តទ្រង់កាន់ពាន ប្រុងនឹងដុតកំញាន ហើយកំពុងដែលទ្រង់ក្រេវក្រោធនឹងពួកសង្ឃដូច្នេះ នោះរោគឃ្លង់ក៏លេចឡើងត្រង់ព្រះនលាដទ្រង់ នៅមុខពួកសង្ឃក្បែរអាសនាគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា អ័សារា ជាសំដេចសង្ឃ នឹងពួកសង្ឃឯទៀត លោកបានពិនិត្យមើល ឃើញទ្រង់កើតឃ្លង់នៅត្រង់ព្រះនលាដដូច្នោះហើយ ក៏ច្រានទ្រង់ចេញពីទីនោះទៅជាប្រញាប់ ឯទ្រង់ក៏ប្រញាប់ប្រញាល់នឹងចេញទៅដែរ ដោយព្រោះព្រះយេហូវ៉ាបានដាក់ទោសដល់ទ្រង់ ស្តេចអូសៀសទ្រង់មានរោគឃ្លង់ ដរាបដល់ថ្ងៃសុគត ក៏គង់នៅក្នុងរោងទីទៃពីគេ ដោយព្រោះកើតឃ្លង់ ដ្បិតទ្រង់បានត្រូវកាត់កាល់ចេញពីព្រះវិហារព្រះយេហូវ៉ា រួចយ៉ូថាម ជាព្រះរាជបុត្រាក៏ត្រួតលើព្រះរាជវាំង ព្រមទាំងជំនុំជំរះពួកអ្នកស្រុកផង រីឯដំណើរឯទៀត ពីអូសៀស ទាំងមុនទាំងក្រោយ នោះហោរាអេសាយ ជាកូនអ័ម៉ូស លោកបានកត់ទុកទាំងអស់ហើយ អូសៀសទ្រង់ផ្ទំលក់ទៅជាមួយនឹងពួកឰយុកោទ្រង់ ហើយគេបញ្ចុះសពទ្រង់ នៅទីបញ្ចុះសពរបស់ពួកស្តេច ជាមួយនឹងពួកឰយុកោទ្រង់ទៅ ដ្បិតគេថា ទ្រង់មានរោគឃ្លង់ រួចយ៉ូថាម ជាព្រះរាជបុត្រា ក៏ឡើងសោយរាជ្យជំនួសព្រះបិតា។