២ របាក្សត្រ 26
26
ព្រះបាទអូសៀសឡើងគ្រងរាជ្យជាស្ដេចស្រុកយូដា
(២ ពង្សាវតារក្សត្រ ១៤.២១-២២ ១៥.១-៣)
1ប្រជាជនស្រុកយូដាទាំងមូលនាំគ្នាលើកព្រះបាទអូសៀស#២៦.១ ក្នុង ២ ពង្សាវតារក្សត្រ ១៤.២១ស្ដេចអង្គនេះមាននាមថា «អសារីយ៉ា»។ ដែលមានព្រះជន្មដប់ប្រាំមួយវស្សា ឲ្យឡើងគ្រងរាជ្យបន្តពីព្រះបាទអម៉ាស៊ីយ៉ា ជាបិតា។ 2ក្រោយពេលព្រះបាទអម៉ាស៊ីយ៉ាសោយទិវង្គត ព្រះបាទអូសៀសបានសង់ក្រុងអេឡុតឡើងវិញ រួចដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដាដូចពីមុន។ 3ព្រះបាទអូសៀសឡើងសោយរាជ្យលើស្រុកយូដា ក្នុងជន្មាយុដប់ប្រាំមួយព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបពីរឆ្នាំ នៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូលា ជាអ្នកក្រុងយេរូសាឡឹម។ 4ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ដែលជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអម៉ាស៊ីយ៉ា ជាបិតាដែរ។
ព្រះបាទអូសៀសបែកចិត្តចេញពីព្រះអម្ចាស់
5ព្រះបាទអូសៀសយកព្រះហឫទ័យទុកដាក់ស្វែងរកព្រះជាម្ចាស់ ក្នុងពេលដែលលោកសាការីនៅរស់នៅឡើយ ព្រោះលោកណែនាំស្ដេចឲ្យគោរពកោតខ្លាចព្រះជាម្ចាស់#២៦.៥ អត្ថបទហេប្រឺមិនសូវច្បាស់ យើងអាចបកប្រែម្យ៉ាងទៀតថា «លោកអាចស្គាល់និមិត្តហេតុអស្ចារ្យពីព្រះជាម្ចាស់»។។ ដរាបណាស្ដេចស្វែងរកព្រះជាម្ចាស់ ព្រះអង្គប្រទានឲ្យស្ដេចបានចម្រុងចម្រើនជានិច្ច។ 6ស្ដេចលើកទ័ពទៅវាយជនជាតិភីលីស្ទីន ហើយទម្លុះកំពែងក្រុងកាថ ក្រុងយ៉ាប់ណេ និងក្រុងអាសដូឌ។ ស្ដេចបានសង់ក្រុងនៅតំបន់ក្រុងអាសដូឌ និងក្នុងទឹកដីភីលីស្ទីន។ 7ព្រះជាម្ចាស់ជួយស្ដេចនៅពេលធ្វើសង្គ្រាមទល់នឹងជនជាតិភីលីស្ទីន ជនជាតិអារ៉ាប់ដែលរស់នៅក្រុងគើរ-បាល និងជនជាតិម៉ាអូន។ 8ជនជាតិអាំម៉ូននាំយកសួយសារអាករមកថ្វាយព្រះបាទអូសៀស។ ព្រះកិត្តិនាមរបស់ស្ដេចល្បីរន្ទឺ រហូតដល់ទល់ដែនស្រុកអេស៊ីប ដ្បិតទ្រង់មានឫទ្ធិអំណាចយ៉ាងខ្លាំង។ 9ព្រះបាទអូសៀសបានសង់ប៉មដ៏រឹងមាំនៅក្រុងយេរូសាឡឹម ខាងលើខ្លោងទ្វារនៅជ្រុងកំពែងទ្វារជ្រលងភ្នំ និងនៅលើមុមកំពែង។ 10ស្ដេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្ដេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្ដេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរថ្វាយ នៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្ដេចសព្វព្រះហឫទ័យខាងវិស័យកសិកម្ម។ 11ព្រះបាទអូសៀសមានកងទ័ព ដែលត្រៀមខ្លួនជាស្រេចក្នុងការធ្វើសឹកសង្គ្រាម។ កងទ័ពនេះចែកជាកងពលផ្សេងៗ ដូចលោកយីអែល ជាស្មៀនហ្លួង និងលោកម៉ាសេយ៉ា ជាមន្ត្រីរដ្ឋបាល បានជំរឿន ហើយដឹកនាំដោយលោកហាណានា ជាមេទ័ពរបស់ស្ដេច។ 12ទាហានដ៏អង់អាចទាំងនោះស្ថិតនៅក្រោមបញ្ជាមេក្រុមគ្រួសារ ២៦០០រូប 13និងមានចំនួនទាំងអស់ ៣០៧ ៥០០នាក់ ដែលសុទ្ធតែជាទាហានដ៏ខ្លាំងពូកែ មានចិត្តអង់អាច ហើយត្រៀមខ្លួនជាស្រេច ដើម្បីប្រយុទ្ធទល់នឹងខ្មាំងសត្រូវរបស់ព្រះរាជា។ 14ព្រះបាទអូសៀសបានប្រគល់ខែល លំពែង មួកដែក អាវក្រោះ ធ្នូ ព្រមទាំងដង្ហក់សម្រាប់បាញ់គ្រួស ឲ្យទាហានគ្រប់ៗរូប។ 15នៅក្រុងយេរូសាឡឹម ស្ដេចឲ្យជាងដ៏ជំនាញផលិតគ្រឿងសស្ត្រាវុធ ដាក់នៅតាមប៉ម និងតាមមុមកំពែងក្រុង ដើម្បីបាញ់ព្រួញ និងចោលដុំថ្ម។ កិត្តិនាមរបស់ស្ដេចបានល្បីខ្ចរខ្ចាយរហូតដល់ស្រុកឆ្ងាយៗ ដ្បិតព្រះជាម្ចាស់បានជួយស្ដេចយ៉ាងច្រើនបំផុត#២៦.១៥ យើងអាចប្រែឃ្លានេះម្យ៉ាងទៀតថា «ស្ដេចមានសហការីជាជំនួយ…»។ ធ្វើឲ្យស្ដេចពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ។
ព្រះបាទអូសៀសកើតរោគឃ្លង់
16ប៉ុន្តែ ពេលបានអំណាចរឹងប៉ឹងហើយ ស្ដេចក៏មានអំនួត រហូតដល់បណ្ដាលឲ្យស្ដេចត្រូវវិនាស។ ស្ដេចក្បត់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន គឺស្ដេចបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយដុតគ្រឿងក្រអូបនៅលើអាសនៈថ្វាយគ្រឿងក្រអូប#២៦.១៦ មានតែបូជាចារ្យប៉ុណ្ណោះដែលមានសិទ្ធិដុតគ្រឿងក្រអូបនៅលើអាសនៈ(ជគ. ១៧.៥, ១៨.៧; ១របា. ២៣.១៣)។។ 17លោកបូជាចារ្យអសារាចូលមកតាមក្រោយស្ដេច ដោយមានបូជាចារ្យរបស់ព្រះអម្ចាស់ចំនួនប៉ែតសិបនាក់ ដែលសុទ្ធតែជាមនុស្សមានចិត្តអង់អាចមកជាមួយផង។ 18#នក. ៣០.៧-៨; ជគ. ៣.១០លោកទាំងនោះឈរនៅមុខស្ដេច ទូលថា៖ «បពិត្រព្រះករុណាអូសៀស ព្រះរាជាគ្មានសិទ្ធិដុតគ្រឿងក្រអូបថ្វាយព្រះអម្ចាស់ឡើយ គឺមានតែក្រុមបូជាចារ្យជាពូជពង្សរបស់លោកអើរ៉ុនប៉ុណ្ណោះ ដែលបានទទួលពិធីតែងតាំងសម្រាប់ដុតគ្រឿងក្រអូប។ សូមព្រះករុណាយាងចេញពីទីសក្ការៈនេះទៅ ដ្បិតព្រះករុណាក្បត់ព្រះជាម្ចាស់ ហើយព្រះករុណានឹងមិនទទួលកិត្តិយសអ្វីពីព្រះជាអម្ចាស់ឡើយ»។ 19ព្រះបាទអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្ដេចខ្ញាល់ឡើងទាស់នឹងបូជាចារ្យ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមបូជាចារ្យ ក្បែរអាសនៈដុតគ្រឿងក្រអូប ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 20លោកមហាបូជាចារ្យអសារា និងបូជាចារ្យទាំងអស់ បែរទៅឃើញស្ដេចកើតឃ្លង់នៅលើថ្ងាសដូច្នេះ ពួកលោកក៏នាំស្ដេចចេញមកក្រៅជាបន្ទាន់។ រីឯស្ដេចផ្ទាល់ក៏ប្រញាប់ចេញមកដែរ ព្រោះស្ដេចជ្រាបថា ព្រះអម្ចាស់បានវាយប្រហារស្ដេច។ 21ព្រះបាទអូសៀសកើតឃ្លង់ រហូតដល់ថ្ងៃដែលទ្រង់អស់ព្រះជន្ម។ ដោយស្ដេចកើតឃ្លង់ដូច្នេះ ទ្រង់ត្រូវគង់នៅក្នុងដំណាក់មួយដាច់ឡែកពីគេ ហើយមិនអាចចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់បានឡើយ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារកិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង និងទទួលបន្ទុកគ្រប់គ្រងប្រជាជននៅក្នុងស្រុក។ 22ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស បានកត់ត្រាទុកនូវរាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទអូសៀស តាំងពីដើមដល់ចប់។ 23#អស. ៦.១ព្រះបាទអូសៀសសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្នុងទីធ្លានៃផ្នូររបស់រាជវង្ស ដ្បិតស្ដេចកើតឃ្លង់។ ព្រះបាទយ៉ូថាមជាបុត្រ ឡើងស្នងរាជ្យ។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ 26: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.