២ របាក្សត្រ 20:6-7

២ របាក្សត្រ 20:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ? ហើយ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ ជា​ដរាប​ត​ទៅ​ទេ​ឬ?

២ របាក្សត្រ 20:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ! ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះអង្គ រហូត​ត​ទៅ។

២ របាក្សត្រ 20:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ‌ចេស្តានឹង​ឥទ្ធិ‌ឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្រ​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី