២ របាក្សត្រ 20:5-17
២ របាក្សត្រ 20:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទយេហូសាផាតឈរនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្ដាលជំនុំពួកយូដា និងពួកក្រុងយេរូសាឡិម ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនមែនជាព្រះនៅស្ថានសួគ៌ទេឬ? តើព្រះអង្គមិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬ? ហើយនៅព្រះហស្តរបស់ព្រះអង្គ ក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ បានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងព្រះអង្គបានឡើយ។ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្តរបស់ព្រះអង្គ ជាដរាបតទៅទេឬ? គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សម្រាប់ព្រះនាមព្រះអង្គ ដោយពាក្យថា ប្រសិនបើមានសេចក្ដីអាក្រក់ណាមកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នាឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះព្រះអង្គ (ដ្បិតព្រះនាមព្រះអង្គនៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ព្រះអង្គ ក្នុងសេចក្ដីវេទនារបស់យើង ព្រះអង្គនឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង។ ឥឡូវនេះ មើល៍ មានពួកកូនចៅអាំម៉ូន ម៉ូអាប់ និងពួកភ្នំសៀរ ដែលព្រះអង្គមិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរអាកររបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានមក ទុកជាមត៌កដល់យើងខ្ញុំ។ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គកាត់ទោសដល់គេ ព្រោះយើងខ្ញុំរាល់គ្នាគ្មានកម្លាំងនឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងខ្ញុំរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែ ភ្នែកយើងខ្ញុំទន្ទឹងមើលតែព្រះអង្គទេ»។ ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ និងប្រពន្ធ ហើយក្មេងៗនៅជាមួយផង។ គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ា បេនណាយ៉ាជាកូនយីអែល យីអែលជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្ដាលក្រុមជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក រួចលោកពោលថា៖ «ឱពួកយូដាទាំងអស់គ្នា និងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយេហូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តចំពោះពួកមនុស្សច្រើននេះដែរ ដ្បិតចម្បាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះ។ ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល៍ គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងជួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល។ អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចម្បាំងនេះទេ គ្រាន់តែតម្រៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំភ័យខ្លាចអ្វីឡើយ ក៏កុំស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ព្រោះព្រះយេហូវ៉ាគង់នៅជាមួយអ្នករាល់គ្នាហើយ»។
២ របាក្សត្រ 20:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទយ៉ូសាផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជនជាតិយូដា និងអ្នកក្រុងយេរូសាឡឹម ក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ខាងមុខព្រលានថ្មី។ ស្ដេចមានរាជឱង្ការថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ ព្រះអង្គគង់នៅស្ថានបរមសុខ ព្រះអង្គគ្រប់គ្រងលើនគរទាំងអស់នៃប្រជាជាតិនានា។ ព្រះអង្គប្រកបដោយព្រះចេស្ដា និងឫទ្ធានុភាព គ្មាននរណាអាចតទល់នឹងព្រះអង្គបានឡើយ! ឱព្រះនៃយើងខ្ញុំអើយ ព្រះអង្គបានបណ្ដេញអ្នកស្រុកនេះចេញពីមុខអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រទានស្រុកនេះឲ្យពូជពង្សលោកអប្រាហាំ ជាមិត្តរបស់ព្រះអង្គ រហូតតទៅ។ ពួកគេរស់នៅក្នុងស្រុកនេះ ពួកគេបានសង់ទីសក្ការៈមួយថ្វាយព្រះនាមរបស់ព្រះអង្គ ដោយពោលថា “ប្រសិនបើមានទុក្ខវេទនា សង្គ្រាម ទុក្ខទោស ជំងឺរាតត្បាត ឬទុរ្ភិក្ស កើតមានដល់យើងខ្ញុំ នោះយើងខ្ញុំនឹងមកឈរនៅមុខព្រះដំណាក់នេះ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គស្ថិតនៅក្នុងព្រះដំណាក់នេះ។ ក្នុងពេលមានអាសន្ន យើងខ្ញុំនឹងទូលអង្វរសូមព្រះអង្គជួយ។ ពេលនោះ សូមទ្រង់ព្រះសណ្ដាប់យើងខ្ញុំ ហើយសង្គ្រោះយើងខ្ញុំផង”។ ឥឡូវនេះ ជនជាតិអាំម៉ូន និងជនជាតិម៉ូអាប់ ព្រមទាំងអស់អ្នកដែលរស់នៅភ្នំសៀរ -គឺស្រុកដែលព្រះអង្គហាមអ៊ីស្រាអែលមិនឲ្យឆ្លងកាត់ នៅពេលចាកចេញពីស្រុកអេស៊ីប- ប៉ុន្តែ ជនជាតិទាំងនោះបែរជាសងគុណយើងខ្ញុំ ដោយលើកគ្នាមកដេញយើងខ្ញុំចេញពីទឹកដី ដែលព្រះអង្គប្រទានមកឲ្យយើងខ្ញុំធ្វើជាកម្មសិទ្ធិ។ ឱព្រះនៃយើងខ្ញុំអើយ ម្ដេចក៏ព្រះអង្គមិនដាក់ទោសពួកគេ? យើងខ្ញុំគ្មានកម្លាំងតទល់នឹងកងទ័ពយ៉ាងធំ ដែលកំពុងតែលើកគ្នាមកវាយយើងខ្ញុំនេះទេ។ យើងខ្ញុំពុំដឹងជាត្រូវធ្វើយ៉ាងណា ក្រៅពីសម្លឹងទៅរកព្រះអង្គប៉ុណ្ណោះ»។ អ្នកស្រុកយូដាទាំងមូលឈរនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដោយមានប្រពន្ធកូន និងទារក នៅជាមួយដែរ។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ យាងមកក្នុងចំណោមអង្គប្រជុំ ដោយសណ្ឋិតលើលោកយ៉ាហាសៀល ក្នុងក្រុមលេវី គាត់ត្រូវជាកូនរបស់លោកសាការី ជាចៅរបស់លោកបេនណាយ៉ា ជាចៅទួតរបស់លោកយីអែល និងជាចៅលួតរបស់លោកម៉ាថានា ដែលជាពូជពង្សរបស់លោកអេសាភ។ លោកយ៉ាហាសៀលប្រកាសថា៖ «បពិត្រព្រះករុណាយ៉ូសាផាត ព្រមទាំងអ្នកស្រុកយូដាទាំងមូល និងអ្នកក្រុងយេរូសាឡឹម សូមត្រងត្រាប់ស្ដាប់! ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះករុណា និងបងប្អូនដូចតទៅ: ចូរកុំភ័យខ្លាច និងតក់ស្លុត នៅចំពោះមុខកងទ័ពដ៏ច្រើនសន្ធឹកសន្ធាប់នេះឡើយ ដ្បិតការប្រយុទ្ធមិនមែនសម្រេចលើអ្នករាល់គ្នាទេ តែសម្រេចនៅលើព្រះជាម្ចាស់។ ស្អែក ចូរនាំគ្នាចុះទៅតទល់នឹងពួកគេ ព្រោះពួកគេនឹងឡើងមកតាមផ្លូវស៊ីស។ អ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រោះ ដែលបែរទៅរកវាលរហោស្ថានយេរួល។ អ្នករាល់គ្នាមិនត្រូវការប្រយុទ្ធជាមួយពួកគេឡើយ គឺគ្រាន់តែឈរនៅទីនោះ ហើយអ្នករាល់គ្នានឹងឃើញព្រះអម្ចាស់ប្រទានជ័យជម្នះដល់អ្នករាល់គ្នា។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអើយ កុំភ័យខ្លាច និងតក់ស្លុតឲ្យសោះ ស្អែក ចូរចេញទៅតទល់នឹងពួកគេចុះ ព្រះអម្ចាស់នឹងគង់ជាមួយអ្នករាល់គ្នា!»។
២ របាក្សត្រ 20:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯយ៉ូសាផាត ទ្រង់ឈរនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំមុខទីលានថ្មី នៅកណ្តាលជំនុំពួកយូដា នឹងពួកក្រុងយេរូសាឡិម ទូលថា ឱព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនមែនជាព្រះនៅស្ថានសួគ៌ទេឬអី តើទ្រង់មិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬអី ហើយនៅព្រះហស្តទ្រង់ នោះក៏មានព្រះចេស្តានឹងឥទ្ធិឫទ្ធិដែរ ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងទ្រង់បានឡើយ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ តើទ្រង់មិនបានបណ្តេញពួកអ្នកស្រុកនេះពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញ ហើយប្រទានដល់ពូជពង្សរបស់លោកអ័ប្រាហាំ ជាមិត្រសំឡាញ់ទ្រង់ ជាដរាបតទៅទេឬអី គេបានអាស្រ័យនៅ ហើយក៏បានស្អាងទីបរិសុទ្ធនៅស្រុកនេះ សំរាប់ព្រះនាមទ្រង់ ដោយពាក្យថា បើសិនជាមានសេចក្ដីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី បើយើងរាល់គ្នានឹងឈរនៅមុខព្រះវិហារនេះ ហើយនៅចំពោះទ្រង់ (ដ្បិតព្រះនាមទ្រង់នៅក្នុងព្រះវិហារនេះ) ហើយយើងរាល់គ្នាអំពាវនាវដល់ទ្រង់ ក្នុងសេចក្ដីវេទនារបស់យើង នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង ឥឡូវនេះ មើល មានពួកកូនចៅអាំម៉ូន ម៉ូអាប់ នឹងពួកភ្នំសៀរ ដែលទ្រង់មិនបើកឲ្យអ៊ីស្រាអែលទន្ទ្រានចូលស្រុកគេ ក្នុងកាលដែលចេញ ពីស្រុកអេស៊ីព្ទមក គឺបានឲ្យដើរវាងពីគេ ឥតបំផ្លាញគេឡើយ សូមមើលបែបយ៉ាងណាដែលគេសងគុណដល់យើងខ្ញុំរាល់គ្នា គឺគេមកចង់បណ្តេញយើងខ្ញុំរាល់គ្នា ចេញពីកេរ្ដិ៍អាកររបស់ទ្រង់ ដែលទ្រង់បានប្រទានមក ទុកជាមរដកដល់យើងខ្ញុំ ឱព្រះនៃយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់កាត់ទោសដល់គេ ពីព្រោះយើងខ្ញុំរាល់គ្នាគ្មានកំឡាំង នឹងទប់ទល់ចំពោះពួកយ៉ាងធំ ដែលមកទាស់នឹងយើងរាល់គ្នានេះបានទេ យើងខ្ញុំក៏មិនដឹងធ្វើដូចម្តេចដែរ ប៉ុន្តែភ្នែកយើងខ្ញុំទន្ទឹងមើលតែទ្រង់ទេ ពួកយូដាទាំងអស់គ្នាក៏ឈរនៅចំពោះព្រះយេហូវ៉ា មានទាំងកូនតូចៗ នឹងប្រពន្ធហើយក្មេងៗនៅជាមួយផង។ គ្រានោះ យ៉ាហាសៀល ជាកូនសាការី ដែលជាកូនបេនណាយ៉ាៗជាកូនយីអែលៗជាកូនម៉ាថានា ដែលជាពួកលេវី ខាងពួកកូនចៅអេសាភ លោកនៅកណ្តាលពួកជំនុំ ហើយព្រះវិញ្ញាណនៃព្រះយេហូវ៉ា ក៏មកសណ្ឋិតលើលោក រួចលោកពោលថា ឱពួកយូដាទាំងអស់គ្នា នឹងពួកអ្នកនៅក្រុងយេរូសាឡិម ព្រមទាំងព្រះករុណាយ៉ូសាផាតអើយ ចូរស្តាប់ចុះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកអ្នករាល់គ្នាដូច្នេះថា កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម៉្លេះនេះដែរ ដ្បិតចំបាំងនេះមិនមែនស្រេចនៅអ្នករាល់គ្នាទេ គឺស្រេចនៅព្រះវិញ ស្អែកឡើង ចូរអ្នករាល់គ្នាចុះទៅទាស់នឹងគេចុះ មើល គេកំពុងតែឡើងមកតាមផ្លូវភ្នំស៊ីស អ្នករាល់គ្នានឹងចួបគេនៅចុងច្រកភ្នំ ទល់មុខនឹងទីរហោស្ថានយេរួល អ្នករាល់គ្នាមិនបាច់នឹងតស៊ូក្នុងចំបាំងនេះទេ ឲ្យគ្រាន់តែដំរៀបគ្នាឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះ ដែលព្រះយេហូវ៉ានឹងប្រោសដល់អ្នករាល់គ្នាប៉ុណ្ណោះ ឱពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមអើយ កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្តដែរ ស្អែកនេះ ចូរចេញទៅទាស់នឹងគេចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ