២ របាក្សត្រ 20:1-23

២ របាក្សត្រ 20:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយការ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​ព្រះ​បាទ​យេ‌ហូសា‌ផាត។ មាន​ពួក​អ្នក​នាំ​សារមក​ទូល​ព្រះ​បាទ​យេ‌ហូសា‌ផាត​ថា៖ «មាន​កង‌ទ័ព​យ៉ាង​សន្ធឹកពី​ស្រុកអេដុម មក​ទាស់​នឹងព្រះ​ករុណា មក​ពី​នាយ​សមុទ្រ ហើយ​មើល៍ គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ» (នោះ​គឺ ស្រុក​អេន-កេឌី)។ ព្រះ​បាទ​យេ‌ហូសា‌ផាត​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ហឫ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។ ព្រះបាទ​យេ‌ហូសា‌ផាត​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ចំ​មុខ​ទី‌លាន​ថ្មី នៅ​កណ្ដាល​ជំនុំ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ? តើ​ព្រះ‌អង្គ​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ? ហើយ​នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មាន​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ​ដែរ បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ព្រះ‌អង្គ​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្ត​របស់​ព្រះ‌អង្គ ជា​ដរាប​ត​ទៅ​ទេ​ឬ? គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ពាក្យ​ថា ប្រសិន‌បើ​មាន​សេចក្ដី​អាក្រក់​ណា​មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ព្រះ‌អង្គ (ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​សេចក្ដី​វេទនា​របស់​យើង ព្រះ‌អង្គ​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង។ ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ‌អាករ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក ទុក​ជា​មត៌ក​ដល់​យើង​ខ្ញុំ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​កាត់​ទោស​ដល់​គេ ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​គ្មាន​កម្លាំង​នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​ខ្ញុំរាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែ ភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ព្រះ‌អង្គ​ទេ»។ ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ និង​ប្រពន្ធ ហើយ​ក្មេងៗ​នៅ​ជា‌មួយ​ផង។ គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាកា‌រី ដែល​ជា​កូន​បេន​ណាយ៉ា បេន​ណាយ៉ា​ជា​កូន​យីអែល យីអែល​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្ដាល​ក្រុម​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក រួច​លោក​ពោល​ថា៖ «ឱ​ពួក​យូដា​ទាំង​អស់​គ្នា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យេ‌ហូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ចំពោះ​ពួកមនុស្ស​ច្រើន​នេះ​ដែរ ដ្បិត​ចម្បាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ។ ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល៍ គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ជួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល។ អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចម្បាំង​នេះ​ទេ គ្រាន់​តែ​តម្រៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ព្រោះ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ»។ ពេល​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។ ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ និង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។ ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។ ពេល​ស្ដេច​បាន​ពិគ្រោះ​នឹង​បណ្ដា‌ជន​ហើយ ទ្រង់​ក៏​តម្រូវ​ឲ្យ​មាន​ពួក​អ្នក​ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា៖ «ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ព្រះ‌អង្គ​នៅ​ជាប់​អស់​កល្ប​ជា‌និច្ច»។ ដូច្នេះ គេ​ចាប់ផ្ដើម​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់។ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន និង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។

២ របាក្សត្រ 20:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក​ទៀត ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន រួម​ជា​មួយ​អ្នក​ស្រុក​ម៉ាអូន បាន​លើក​គ្នា​មក​វាយ​ព្រះ‌បាទ​យ៉ូសា‌ផាត។ មាន​គេ​មក​ទូល​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «កង‌ទ័ព​មួយ​យ៉ាង​ធំ​លើក​គ្នា​ពី​ខាង​នាយ​សមុទ្រ គឺ​ពី​ស្រុក​អេដុម មក​វាយ​ព្រះ‌ករុណា។ ឥឡូវ​នេះ ពួក​គេ​មក​ដល់​ហាសា‌សូន-‌តាម៉ារ គឺ​នៅ​អេន‌គេឌី»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ភ័យ​ខ្លាច​ជា​ខ្លាំង ទ្រង់​ក៏​សម្រេច​ចិត្ត​ទូល​សួរ​ព្រះ‌អម្ចាស់ ហើយ​ប្រកាស​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​តម​អាហារ។ អ្នក​ស្រុក​យូដា​ជួប‌ជុំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់ ពួក​គេ​ធ្វើ​ដំណើរ​មក​ពី​គ្រប់​ទីក្រុង​នៃ​ស្រុក​យូដា ដើម្បី​ស្វែង​រក​ព្រះ‌អម្ចាស់។ ព្រះ‌បាទ​យ៉ូសា‌ផាត​ឈរ​នៅ​កណ្ដាល​ចំណោម​អង្គ​ប្រជុំ​របស់​ជន‌ជាតិ​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ខាង​មុខ​ព្រលាន​ថ្មី។ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង​ខ្ញុំ ព្រះអង្គ​គង់​នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រប់‌គ្រង​លើ​នគរ​ទាំង​អស់​នៃ​ប្រជា‌ជាតិ​នានា។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព គ្មាន​នរណា​អាច​តទល់​នឹង​ព្រះអង្គ​បាន​ឡើយ! ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ព្រះអង្គ​បាន​បណ្ដេញ​អ្នក​ស្រុក​នេះ​ចេញ​ពី​មុខ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រម​ទាំង​ប្រទាន​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​លោក​អប្រាហាំ ជា​មិត្ត​របស់​ព្រះអង្គ រហូត​ត​ទៅ។ ពួក​គេ​រស់​នៅ​ក្នុង​ស្រុក​នេះ ពួក​គេ​បាន​សង់​ទីសក្ការៈ​មួយ​ថ្វាយ​ព្រះ‌នាម​របស់​ព្រះអង្គ ដោយ​ពោល​ថា “ប្រសិន​បើ​មាន​ទុក្ខ​វេទនា សង្គ្រាម ទុក្ខ​ទោស ជំងឺ​រាត​ត្បាត ឬ​ទុរ្ភិក្ស កើត​មាន​ដល់​យើង​ខ្ញុំ នោះ​យើង​ខ្ញុំ​នឹង​មក​ឈរ​នៅ​មុខ​ព្រះ‌ដំណាក់​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដ្បិត​ព្រះ‌នាម​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ក្នុង​ពេល​មាន​អាសន្ន យើង​ខ្ញុំ​នឹង​ទូល‌អង្វរ​សូម​ព្រះអង្គ​ជួយ។ ពេល​នោះ សូម​ទ្រង់​ព្រះ‌សណ្ដាប់​យើង​ខ្ញុំ ហើយ​សង្គ្រោះ​យើង​ខ្ញុំ​ផង”។ ឥឡូវ​នេះ ជន‌ជាតិ​អាំម៉ូន និង​ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អស់​អ្នក​ដែល​រស់​នៅ​ភ្នំ​សៀរ -គឺ​ស្រុក​ដែល​ព្រះអង្គ​ហាម​អ៊ីស្រា‌អែល​មិន​ឲ្យ​ឆ្លង​កាត់ នៅ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប- ប៉ុន្តែ ជន‌ជាតិ​ទាំង​នោះ​បែរ​ជា​សង​គុណ​យើង​ខ្ញុំ ដោយ​លើក​គ្នា​មក​ដេញ​យើង​ខ្ញុំ​ចេញ​ពី​ទឹក​ដី ដែល​ព្រះអង្គ​ប្រទាន​មក​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​កម្មសិទ្ធិ។ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ម្ដេច​ក៏​ព្រះអង្គ​មិន​ដាក់​ទោស​ពួក​គេ? យើង​ខ្ញុំ​គ្មាន​កម្លាំង​តទល់​នឹង​កង‌ទ័ព​យ៉ាង​ធំ ដែល​កំពុង​តែ​លើក​គ្នា​មក​វាយ​យើង​ខ្ញុំ​នេះ​ទេ។ យើង​ខ្ញុំ​ពុំ​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ណា ក្រៅ​ពី​សម្លឹង​ទៅ​រក​ព្រះអង្គ​ប៉ុណ្ណោះ»។ អ្នក​ស្រុក​យូដា​ទាំង​មូល​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដោយ​មាន​ប្រពន្ធ​កូន និង​ទារក នៅ​ជា​មួយ​ដែរ។ ពេល​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់ យាង​មក​ក្នុង​ចំណោម​អង្គ​ប្រជុំ ដោយ​សណ្ឋិត​លើ​លោក​យ៉ាហា‌សៀល ក្នុង​ក្រុម​លេវី គាត់​ត្រូវ​ជា​កូន​របស់​លោក​សាកា‌រី ជា​ចៅ​របស់​លោក​បេន‌ណា‌យ៉ា ជា​ចៅ‌ទួត​របស់​លោក​យី‌អែល និង​ជា​ចៅ‌លួត​របស់​លោក​ម៉ាថា‌នា ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អេ‌សាភ។ លោក​យ៉ាហា‌សៀល​ប្រកាស​ថា៖ «បពិត្រ​ព្រះ‌ករុណា​យ៉ូសា‌ផាត ព្រម​ទាំង​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម សូម​ត្រង‌ត្រាប់​ស្ដាប់! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា និង​បងប្អូន​ដូច​ត​ទៅ: ចូរ​កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត នៅ​ចំពោះ​មុខ​កង‌ទ័ព​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឡើយ ដ្បិត​ការ​ប្រយុទ្ធ​មិន​មែន​សម្រេច​លើ​អ្នក​រាល់​គ្នា​ទេ តែ​សម្រេច​នៅ​លើ​ព្រះ‌ជាម្ចាស់។ ស្អែក ចូរ​នាំ​គ្នា​ចុះ​ទៅ​តទល់​នឹង​ពួក​គេ ព្រោះ​ពួក​គេ​នឹង​ឡើង​មក​តាម​ផ្លូវ​ស៊ីស។ អ្នក​រាល់​គ្នា​នឹង​ជួប​ពួក​គេ​នៅ​ខាង​ចុង​ជ្រោះ ដែល​បែរ​ទៅ​រក​វាល​រហោ‌ស្ថាន​យេ‌រួល។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​ប្រយុទ្ធ​ជា​មួយ​ពួក​គេ​ឡើយ គឺ​គ្រាន់​តែ​ឈរ​នៅ​ទី​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ព្រះ‌អម្ចាស់​ប្រទាន​ជ័យ‌ជម្នះ​ដល់​អ្នក​រាល់​គ្នា។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ កុំ​ភ័យ​ខ្លាច និង​តក់‌ស្លុត​ឲ្យ​សោះ ស្អែក ចូរ​ចេញ​ទៅ​តទល់​នឹង​ពួក​គេ​ចុះ ព្រះ‌អម្ចាស់​នឹង​គង់​ជា​មួយ​អ្នក​រាល់​គ្នា!»។ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​អ្នក​ស្រុក​យូដា​ទាំង​មូល និង​អ្នក​ក្រុង​យេរូ‌សាឡឹម ក៏​នាំ​គ្នា​ឱន​កាយ ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​ដែរ។ ក្រុម​លេវី​ដែល​មក​ពី​អំបូរ​កេ‌ហាត់ និង​ពូជ‌ពង្ស​លោក​កូរេ នាំ​គ្នា​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បន្លឺ​សំឡេង​យ៉ាង​រំពង។ ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ ព្រះ‌បាទ​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្ដាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ព្យាកា‌រី​របស់​ព្រះអង្គ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។ បន្ទាប់​មក ព្រះ‌រាជា​ពិភាក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចម្រៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព ដោយ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់​ថា «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។ ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចម្រៀង​សរសើរ​តម្កើង ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។ មុន​ដំបូង កង‌ទ័ព​អាំម៉ូន​ព្រួត​គ្នា​ជា​មួយ​កង‌ទ័ព​ម៉ូអាប់ វាយ​កម្ទេច និង​បំផ្លាញ​អ្នក​ស្រុក​ភ្នំ​សៀរ​ឲ្យ​វិនាស​សូន្យ រួច​ហើយ​ពួក​គេ​កាប់​សម្លាប់​គ្នា​ឯង។

២ របាក្សត្រ 20:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ពួក​កូន​ចៅ​ម៉ូអាប់ នឹង​ពួក​កូន​ចៅ​អាំម៉ូន ព្រម​ទាំង​ពួក​ម៉ាអូន​ខ្លះ ក៏​លើក​គ្នា​មក​ច្បាំង​នឹង​យ៉ូសា‌ផាត មាន​គេ​មក​ទូល​ដល់​យ៉ូសា‌ផាត​ថា មាន​កង‌ទ័ព​យ៉ាង​សន្ធឹក​មក​ទាស់​នឹង​ទ្រង់ គេ​មក​ពី​ស្រុក​ស៊ីរី ខាង​នាយ​សមុទ្រ មើល គេ​មក​ដល់​ហាសា‌លូន-តាម៉ារ​ហើយ (នោះ​គឺ​ជា​ស្រុក​អេន-កេឌី) យ៉ូសា‌ផាត​ទ្រង់​ក៏​ភ័យ​ខ្លាច ហើយ​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ‌យេហូវ៉ា ទ្រង់​ប្រកាស​ប្រាប់​ឲ្យ​មាន​ការ​តម​អត់ នៅ​ពេញ​ក្នុង​ស្រុក​យូដា ហើយ​ពួក​យូដា​ក៏​មូល​គ្នា​មក​រក​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា គឺ​គេ​ចេញ​ពី​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា​មក ដើម្បី​ស្វះ‌ស្វែង​រក​ព្រះ។ រីឯ​យ៉ូសា‌ផាត ទ្រង់​ឈរ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំ​មុខ​ទីលាន​ថ្មី នៅ​កណ្តាល​ជំនុំ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ទូល​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​មែន​ជា​ព្រះ​នៅ​ស្ថាន​សួគ៌​ទេ​ឬ​អី តើ​ទ្រង់​មិន​គ្រប់‌គ្រង​លើ​អស់​ទាំង​នគរ​របស់​សាសន៍​ដទៃ​ទេ​ឬ​អី ហើយ​នៅ​ព្រះ‌ហស្ត​ទ្រង់ នោះ​ក៏​មាន​ព្រះ‌ចេស្តានឹង​ឥទ្ធិ‌ឫទ្ធិ​ដែរ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ទល់​នឹង​ទ្រង់​បាន​ឡើយ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ តើ​ទ្រង់​មិន​បាន​បណ្តេញ​ពួក​អ្នក​ស្រុក​នេះ​ពី​មុខ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ចេញ ហើយ​ប្រទាន​ដល់​ពូជ‌ពង្ស​របស់​លោក​អ័ប្រា‌ហាំ ជា​មិត្រ​សំឡាញ់​ទ្រង់ ជា​ដរាប​ត​ទៅ​ទេ​ឬ​អី គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សំរាប់​ព្រះ‌នាម​ទ្រង់ ដោយ​ពាក្យ​ថា បើ‌សិន​ជា​មាន​សេចក្ដី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្ន‌រោគ ឬ​អំណត់​ក្តី បើ​យើង​រាល់​គ្នា​នឹង​ឈរ​នៅ​មុខ​ព្រះ‌វិហារ​នេះ ហើយ​នៅ​ចំពោះ​ទ្រង់ (ដ្បិត​ព្រះ‌នាម​ទ្រង់​នៅ​ក្នុង​ព្រះ‌វិហារ​នេះ) ហើយ​យើង​រាល់​គ្នា​អំពាវ‌នាវ​ដល់​ទ្រង់ ក្នុង​សេចក្ដី​វេទនា​របស់​យើង នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង ឥឡូវ​នេះ មើល មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​ទ្រង់​មិន​បើក​ឲ្យ​អ៊ីស្រាអែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ សូម​មើល​បែប​យ៉ាង​ណា​ដែល​គេ​សង​គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា គឺ​គេ​មក​ចង់​បណ្តេញ​យើង​ខ្ញុំ​រាល់​គ្នា ចេញ​ពី​កេរ្ដិ៍‌អាករ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ប្រទាន​មក ទុក​ជា​មរដក​ដល់​យើង​ខ្ញុំ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេ ពី​ព្រោះ​យើងខ្ញុំ​រាល់​គ្នា​គ្មាន​កំឡាំង នឹង​ទប់‌ទល់​ចំពោះ​ពួក​យ៉ាង​ធំ ដែល​មក​ទាស់​នឹង​យើង​រាល់​គ្នា​នេះ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ដែរ ប៉ុន្តែភ្នែក​យើង​ខ្ញុំ​ទន្ទឹង​មើល​តែ​ទ្រង់​ទេ ពួក​យូដា​ទាំង​អស់​គ្នា​ក៏​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មាន​ទាំង​កូន​តូចៗ នឹង​ប្រពន្ធ​ហើយ​ក្មេងៗ​នៅ​ជា​មួយ​ផង។ គ្រា​នោះ យ៉ាហា‌សៀល ជា​កូន​សាការី ដែល​ជា​កូន​បេនណាយ៉ាៗ​ជា​កូន​យីអែលៗ​ជា​កូន​ម៉ាថានា ដែល​ជា​ពួក​លេវី ខាង​ពួក​កូន​ចៅ​អេសាភ លោក​នៅ​កណ្តាល​ពួក​ជំនុំ ហើយ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​លោក រួច​លោក​ពោល​ថា ឱ​ពួក​យូដា​ទាំង​អស់​គ្នា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ព្រះ‌ករុណា​យ៉ូសា‌ផាត​អើយ ចូរ​ស្តាប់​ចុះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​មក​អ្នក​រាល់​គ្នា​ដូច្នេះ​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ពួក​ធំ​ទាំង​ម៉្លេះ​នេះ​ដែរ ដ្បិត​ចំបាំង​នេះ​មិន​មែន​ស្រេច​នៅ​អ្នក​រាល់​គ្នា​ទេ គឺ​ស្រេច​នៅ​ព្រះ​វិញ ស្អែក​ឡើង ចូរ​អ្នក​រាល់​គ្នា​ចុះ​ទៅ​ទាស់​នឹង​គេ​ចុះ មើល គេ​កំពុង​តែ​ឡើង​មក​តាម​ផ្លូវ​ភ្នំ​ស៊ីស អ្នក​រាល់​គ្នា​នឹង​ចួប​គេ​នៅ​ចុង​ច្រក​ភ្នំ ទល់​មុខ​នឹង​ទី​រហោ‌ស្ថាន​យេរួល អ្នក​រាល់​គ្នា​មិន​បាច់​នឹង​តស៊ូ​ក្នុង​ចំបាំង​នេះ​ទេ ឲ្យ​គ្រាន់​តែ​ដំរៀប​គ្នា​ឈរ​ស្ងៀម ហើយ​ចាំ​មើល​សេចក្ដី​សង្គ្រោះ ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ឱ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ កុំ​ឲ្យ​ភ័យ​ខ្លាច​អ្វី​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ស្អែក​នេះ ចូរ​ចេញ​ទៅ​ទាស់​នឹង​គេ​ចុះ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ នោះ​យ៉ូសា‌ផាត​ទ្រង់​ក្រាប​ព្រះ‌ភក្ត្រ​ចុះ​ដល់​ដី ហើយ​ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា ក៏​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ ឯ​ពួក​លេវី ខាង​ពួក​កូន​ចៅ​កេហាត់ នឹង​ពួក​កូន​ចៅ​កូរេ គេ​ឈរ​ឡើង សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដោយ​សំឡេង​យ៉ាង​ខ្លាំង​ក្រៃ‌លែង។ ស្អែក​ឡើងគេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ នោះ​យ៉ូសា‌ផាត​ទ្រង់​ឈរ​មាន​បន្ទូល​ថា ពួក​យូដា នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ទ្រង់ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកប ដោយ​សេចក្ដី​ចំរើន រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច ដូច្នេះ កាល​គេ​ចាប់​តាំង​ច្រៀង ហើយ​សរសើរ​ឡើង នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្កប់​ទ័ព​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ នឹង​ពួក​ភ្នំ​សៀរ ដែល​មក​ចង់​ច្បាំង​នឹង​ពួក​យូដា ឲ្យ​គេ​ត្រូវ​ចាញ់ ដ្បិត​ពួក​កូន​ចៅ​អាំម៉ូន នឹង​ម៉ូអាប់ គេ​លើក​គ្នា​បំផ្លាញ​ពួក​អ្នក​នៅ​ស្រុក​ភ្នំ​សៀរ​អស់​រលីង​ទៅ រួច​កាល​គេ​បាន​បំផ្លាញ​ពួក​នោះ​អស់​ហើយ នោះ​ក៏​ព្រួត​គ្នា​បំផ្លាញ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។