១ ធីម៉ូថេ 3:8-16
១ ធីម៉ូថេ 3:8-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់ គេត្រូវប្រកាន់ខ្ជាប់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការស្អាតបរិសុទ្ធ។ ត្រូវសាកល្បងគេជាមុនសិន ហើយបើឃើញថារកកន្លែងបន្ទោសមិនបាន នោះចូរឲ្យគេធ្វើជាអ្នកជំនួយទៅចុះ។ ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ ខ្ញុំសង្ឃឹមថានឹងមកជួបអ្នកក្នុងពេលឆាប់ៗ ប៉ុន្តែ ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នក ដើម្បីក្រែងបើខ្ញុំក្រមកដល់ នោះអ្នកបានដឹងពីរបៀបដែលត្រូវប្រព្រឹត្តយ៉ាងណា នៅក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
១ ធីម៉ូថេ 3:8-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្តែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។ ចំពោះស្ត្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។ ខ្ញុំសរសេរសំបុត្រនេះ ទាំងសង្ឃឹមថានឹងបានមកជួបអ្នកក្នុងពេលឆាប់ៗ ក៏ប៉ុន្តែ បើខ្ញុំក្រមកដល់ សំបុត្រនេះនឹងជួយអ្នកឲ្យដឹងថា ត្រូវប្រព្រឹត្តយ៉ាងណាខ្លះ ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ គឺក្នុងក្រុមជំនុំ*របស់ព្រះដ៏មានព្រះជន្មរស់។ ក្រុមជំនុំនេះជាសសរ និងជាគ្រឹះទ្រទ្រង់សេចក្ដីពិត។ យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍ព្រះជាម្ចាស់នោះធំណាស់ គឺថា: ព្រះជាម្ចាស់បានបង្ហាញឲ្យយើង ស្គាល់ព្រះគ្រិស្តក្នុងឋានៈជាមនុស្ស ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យសុចរិត ដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ គេប្រកាសអំពីព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើព្រះគ្រិស្ត ព្រះជាម្ចាស់បានលើកព្រះអង្គឡើង ឲ្យមានសិរីរុងរឿង។
១ ធីម៉ូថេ 3:8-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង ឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ ត្រូវជាអ្នកកាន់តាមសេចក្ដីអាថ៌កំបាំងរបស់សេចក្ដីជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត មួយទៀត ត្រូវល្បងលចំពោះពួកអ្នកជំនួយទាំងនោះជាមុនដំបូងដែរ រួចបើកាលណាឃើញថា គ្មានកន្លែងចាប់ទោសបានហើយ នោះសឹមឲ្យគេជួយទៅចុះ ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ នឹងផ្ទះខ្លួន ដោយស្រួលបួល ដ្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន នឹងសេចក្ដីក្លាហានក្នុងសេចក្ដីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។ ខ្ញុំសង្ឃឹមថានឹងមកឯអ្នកជាយ៉ាងឆាប់ ប៉ុន្តែ ខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមកអ្នកសិន ដើម្បីក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្ដីពិត ពិតប្រាកដជាសេចក្ដីអាថ៌កំបាំងរបស់សាសនានៃយើង នោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។