១ ធីម៉ូថេ 3:8-15

១ ធីម៉ូថេ 3:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឯ​អ្នក​ជំនួយ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​សម្ដី​ពីរ មិន​ចំណូល​ស្រា មិន​លោភ​ចង់​បាន​ប្រាក់ គេត្រូវ​ប្រកាន់​ខ្ជាប់​តាម​អាថ៌‌កំបាំង​របស់​ជំនឿ ដោយ​មន‌សិការ​ស្អាត​បរិសុទ្ធ។ ត្រូវ​សាក​ល្បង​គេ​ជា​មុន​សិន ហើយ​បើ​ឃើញ​ថា​រក​កន្លែង​បន្ទោស​មិន​បាន នោះ​ចូរ​ឲ្យ​គេ​ធ្វើ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​តែជា​អ្នក​មាន​ប្រពន្ធ​តែ​មួយ ហើយ​ចេះ​គ្រប់​គ្រង​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​បានល្អ ដ្បិត​អស់​អ្នក​ដែល​បំពេញ​មុខ​ងារ​ជា​អ្នក​ជំនួយ​បាន​ល្អ គេ​នឹង​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន ហើយ​មាន​សេចក្តី​ក្លា‌ហាន​ជា​ខ្លាំង​ក្នុង​ជំនឿ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក ដើម្បី​ក្រែង​បើ​ខ្ញុំ​ក្រមក​ដល់ នោះ​អ្នក​បាន​ដឹង​ពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្តយ៉ាង​ណា នៅ​ក្នុង​ដំណាក់​របស់​ព្រះ ដែល​ជា​ក្រុម​ជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​សសរ និង​ជា​គ្រឹះទ្រទ្រង់​សេចក្ដី​ពិត។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។ គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​ស្គាល់ ដោយ​មន‌សិការ​បរិសុទ្ធ។ ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។ ចំពោះ​ស្ត្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។ អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង ដ្បិត​បងប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់‌អាច​មោះ‌មុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ។ ខ្ញុំ​សរសេរ​សំបុត្រ​នេះ ទាំង​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​អ្នក​ក្នុង​ពេល​ឆាប់ៗ ក៏​ប៉ុន្តែ បើ​ខ្ញុំ​ក្រ​មក​ដល់ សំបុត្រ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា ត្រូវ​ប្រព្រឹត្ត​យ៉ាង​ណា​ខ្លះ ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​ក្នុង​ក្រុម‌ជំនុំ*​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់។ ក្រុម‌ជំនុំ​នេះ​ជា​សសរ និង​ជា​គ្រឹះ​ទ្រ​ទ្រង់​សេចក្ដី​ពិត។

ចែក​រំលែក
អាន ១ ធីម៉ូថេ 3

១ ធីម៉ូថេ 3:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​អ្នក​ជំនួយ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង‌ធឹង ឥត​និយាយ​សំដី​២ ឥត​ចំណូល​ស្រា ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​ជា​អ្នក​កាន់​តាម​សេចក្ដី​អាថ៌‌កំបាំង​របស់​សេចក្ដី​ជំនឿ ដោយ​បញ្ញា​ចិត្ត​ដ៏​ស្អាត មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់ ត្រូវ​ឲ្យ​អ្នក​ជំនួយ​មាន​ប្រពន្ធ​តែ​១ ទាំង​ត្រួត‌ត្រា​កូន​ចៅ នឹង​ផ្ទះ​ខ្លួន ដោយ​ស្រួល‌បួល ដ្បិត​ពួក​អ្នក​ដែល​បាន​ជួយ​យ៉ាង​ល្អ នោះ​នឹង​បាន​ថ្នាក់​ល្អ​សំរាប់​ខ្លួន នឹង​សេចក្ដី​ក្លាហាន​ក្នុង​សេចក្ដី​ជំនឿ ដោយ‌សារ​ព្រះ‌គ្រីស្ទ​យេស៊ូវ។ ខ្ញុំ​សង្ឃឹម​ថា​នឹង​មក​ឯ​អ្នក​ជា​យ៉ាង​ឆាប់ ប៉ុន្តែ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​ផ្ញើ​មក​អ្នក​សិន ដើម្បី​ក្រែង​ខ្ញុំ​ក្រ​មក នោះ​ឲ្យ​អ្នក​បាន​ដឹង​ពី​របៀប​យ៉ាង​ណា ដែល​គួរ​ប្រព្រឹត្ត​ក្នុង​ដំណាក់​នៃ​ព្រះ គឺ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ជា​សសរ ហើយ​ជា​ជើង​ថ្កល់​របស់​សេចក្ដី​ពិត

ចែក​រំលែក
អាន ១ ធីម៉ូថេ 3