១ ធីម៉ូថេ 3:1-13
១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពាក្យនេះពិតប្រាកដមែន គឺថា ប្រសិនបើអ្នកណាចង់បានមុខងារជាអភិបាល អ្នកនោះប្រាថ្នាចង់បានកិច្ចការល្អប្រសើរហើយ។ ដូច្នេះ អ្នកអភិបាលត្រូវតែជាមនុស្សរកកន្លែងបន្ទោសមិនបាន មានប្រពន្ធតែមួយ មានចិត្តធ្ងន់ធ្ងរ ចេះគ្រប់គ្រងចិត្ត មានកិរិយាមារយាទល្អ ចេះរាក់ទាក់ ប្រសប់ក្នុងការបង្រៀន មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។ គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? អ្នកដែលទើបនឹងជឿថ្មី ធ្វើពុំបានឡើយ ក្រែងគាត់អាចនឹងអួតបំប៉ោង ហើយធ្លាក់ទៅក្នុងទោសរបស់អារក្ស។ ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ ឯអ្នកជំនួយវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយសម្ដីពីរ មិនចំណូលស្រា មិនលោភចង់បានប្រាក់ គេត្រូវប្រកាន់ខ្ជាប់តាមអាថ៌កំបាំងរបស់ជំនឿ ដោយមនសិការស្អាតបរិសុទ្ធ។ ត្រូវសាកល្បងគេជាមុនសិន ហើយបើឃើញថារកកន្លែងបន្ទោសមិនបាន នោះចូរឲ្យគេធ្វើជាអ្នកជំនួយទៅចុះ។ ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។ អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពាក្យនេះគួរឲ្យជឿ គឺថា ប្រសិនបើបងប្អូនណាម្នាក់ចង់បានមុខងារជាអភិបាល គាត់មានបំណងបំពេញមុខងារដ៏ប្រសើរហើយ។ អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ មិនស្រវឹងស្រា មានចិត្តធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន មិនចំណូលស្រា មិនចេះឈ្លោះប្រកែក គឺមានចិត្តសប្បុរស មិនចេះរករឿង មិនស្រឡាញ់ប្រាក់ឡើយ។ គាត់ត្រូវចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់គាត់ផ្ទាល់ ព្រមទាំងឲ្យកូនចៅរបស់គាត់ចេះស្ដាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរទាំងស្រុង ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំនុំ*របស់ព្រះជាម្ចាស់កើត!។ មិនត្រូវឲ្យអ្នកដែលទើបនឹងជឿធ្វើជាអភិបាលឡើយ ក្រែងលោគាត់អួតបំប៉ោង ហើយទៅជាមានទោសដូចមារ*។ មួយវិញទៀត អ្នកអភិបាលត្រូវតែមានកេរ្តិ៍ឈ្មោះល្អពីសំណាក់អស់អ្នក ដែលមិនមែនជាគ្រិស្តបរិស័ទផងដែរ ក្រែងគេប្រមាថមើលងាយ ហើយធ្លាក់ទៅក្នុងអន្ទាក់របស់មារ។ រីឯអ្នកជំនួយ*វិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ និយាយពាក្យសច្ចៈ មិនចំណូលស្រាជ្រុល មិនរកប្រាក់តាមរបៀបថោកទាប។ គាត់ត្រូវកាន់តាមជំនឿ ដែលព្រះជាម្ចាស់បានសម្តែងឲ្យស្គាល់ ដោយមនសិការបរិសុទ្ធ។ ត្រូវល្បងមើលចិត្តគេជាមុនសិន ប្រសិនបើមិនឃើញមានទាស់ត្រង់ណាទេនោះ ទុកឲ្យគេបំពេញមុខងារជាអ្នកជំនួយទៅចុះ។ ចំពោះស្ត្រីៗវិញក៏ដូច្នោះដែរ ត្រូវតែមានកិរិយាថ្លៃថ្នូរ មិនចេះនិយាយដើមគេ មិនស្រវឹងស្រា និងមានចិត្តស្មោះត្រង់ក្នុងគ្រប់កិច្ចការទាំងអស់។ អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។
១ ធីម៉ូថេ 3:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ពាក្យនេះគួរជឿដែលថា បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានល្អប្រសើរហើយ ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្តដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ងរ កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូត ឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់ ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន មនុស្សណាដែលទើបនឹងជឿថ្មី នោះធ្វើពុំបានទេ ក្រែងកើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់អារក្សវិញ ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។ ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង ឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ ត្រូវជាអ្នកកាន់តាមសេចក្ដីអាថ៌កំបាំងរបស់សេចក្ដីជំនឿ ដោយបញ្ញាចិត្តដ៏ស្អាត មួយទៀត ត្រូវល្បងលចំពោះពួកអ្នកជំនួយទាំងនោះជាមុនដំបូងដែរ រួចបើកាលណាឃើញថា គ្មានកន្លែងចាប់ទោសបានហើយ នោះសឹមឲ្យគេជួយទៅចុះ ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ នឹងផ្ទះខ្លួន ដោយស្រួលបួល ដ្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន នឹងសេចក្ដីក្លាហានក្នុងសេចក្ដីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។