១ ធីម៉ូថេ 2:8-15
១ ធីម៉ូថេ 2:8-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។ ឯស្ត្រីៗក៏ដូច្នោះដែរ ត្រូវតែងខ្លួនតាមបែបសមរម្យ មិនឆើយឆាយ ហើយចេះប្រមាណខ្លួន មិនមែនដោយក្រងសក់ ពាក់មាស កែវមុក្តា ឬអលង្ការថ្លៃៗឡើយ តែធ្វើឲ្យសមជាស្ត្រី ដែលប្រកាសខ្លួនថាជាអ្នកគោរពប្រតិបត្តិដល់ព្រះ គឺដោយការប្រព្រឹត្តអំពើល្អវិញ។ ត្រូវឲ្យស្ត្រីៗរៀនដោយស្ងាត់ស្ងៀម ទាំងចុះចូលគ្រប់ជំពូក។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬប្រើអំណាចលើបុរសឡើយ ត្រូវឲ្យនាងនៅស្ងាត់ស្ងៀមវិញ។ ដ្បិតព្រះបានបង្កើតលោកអ័ដាមជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអ័ដាមទេដែលចាញ់បញ្ឆោត គឺស្ត្រីទេតើដែលចាញ់បញ្ឆោត ហើយបានត្រឡប់ជាអ្នកប្រព្រឹត្តរំលង។ ក៏ប៉ុន្ដែ ប្រសិនបើនាងនៅជាប់ក្នុងជំនឿ សេចក្ដីស្រឡាញ់ និងកិរិយាបរិសុទ្ធ ទាំងមានគំនិតមារយាទត្រឹមត្រូវ នាងនឹងបានសង្គ្រោះតាមរយៈការបង្កើតកូន។
១ ធីម៉ូថេ 2:8-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិស្ឋាន* ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។ ខ្ញុំក៏ចង់ឲ្យស្ត្រីៗស្លៀកពាក់បែបសមរម្យ រាបសាមិនសង្ហា។ នាងមិនត្រូវតែងខ្លួនដោយក្រងសក់ឲ្យឆើតឆាយហួស ឬដោយពាក់មាសពេជ្រ និងគ្រឿងអលង្ការថ្លៃៗឡើយ តែត្រូវតុបតែងខ្លួនដោយប្រព្រឹត្តអំពើល្អ ឲ្យបានសមរម្យជាស្ត្រីដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ពេលរៀនព្រះគម្ពីរ ស្ត្រីៗត្រូវនៅស្ងៀម ហើយស្ដាប់បង្គាប់ទាំងស្រុង។ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីណាបង្រៀន ឬត្រួតត្រាលើប្ដីឡើយ គឺឲ្យនាងនៅស្ងៀមវិញ ដ្បិតព្រះជាម្ចាស់បានបង្កើតលោកអដាំជាមុន រួចបង្កើតនាងអេវ៉ាតាមក្រោយ។ មិនមែនលោកអដាំទេដែលចាញ់បោក គឺនាងអេវ៉ាវិញទេតើដែលចាញ់បោក ទាំងរំលោភលើបញ្ញត្តិរបស់ព្រះជាម្ចាស់ទៀតផង។ ប៉ុន្តែ ព្រះអង្គសង្គ្រោះស្ត្រីមកពីនាងបង្កើតកូន ហើយលុះត្រាតែនាងមានជំនឿខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ មានកិរិយាវិសុទ្ធ* និងសុភាពរាបសាផង។
១ ធីម៉ូថេ 2:8-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ ត្រូវឲ្យស្រីៗរៀនដោយសំងាត់ ទាំងចុះចូលគ្រប់ជំពូក ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។