១ ថេស្សាឡូនិក 5:23-28

១ ថេស្សាឡូនិក 5:23-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។ បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បង‌ប្អូន​ទាំង​អស់ ដោយ​ការ​ថើប​បរិសុទ្ធ។ ខ្ញុំ​សូម​បង្គាប់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌អម្ចាស់​ថា សូមអាន​សំបុត្រ​នេះ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​ស្តាប់​កុំ​ខាន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ អាម៉ែន។:៚

១ ថេស្សាឡូនិក 5:23-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែរក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះអង្គ​ដែល​បាន​ត្រាស់​ហៅ​បងប្អូន​មក ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​នឹង​សម្រេច​ការ​នេះ​ជា​ពុំ‌ខាន។ បងប្អូន​អើយ សូម​អធិស្ឋាន*​ឲ្យ​យើង​ផង។ សូម​ជម្រាប​សួរ​ពួក​បងប្អូន​ទាំង​អស់ ដោយ​ស្និទ្ធ‌ស្នាល។ ខ្ញុំ​សូម​អង្វរ​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា សូម​អាន​សំបុត្រ​នេះ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ស្ដាប់​ផង។ សូម​ឲ្យ​បងប្អូន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។

១ ថេស្សាឡូនិក 5:23-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ​សព្វ​គ្រប់ ហើយ​ឲ្យ​ទាំង​ព្រលឹង​នឹង​វិញ្ញាណ ហើយ​រូប‌កាយ​ទាំង​មូល​បាន​បំរុង​ទុក​ឥត​សៅ‌ហ្មង ដរាប​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ទ្រង់​យាង​មក ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ។ បង​ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ខ្ញុំ​ផង សូម​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​ទាំង​អស់ ដោយ​ថើប​បរិសុទ្ធ​ដែរ ខ្ញុំ​ផ្តាំ​មក​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌អម្ចាស់​ថា សូម​អាន​មើល​សំបុត្រ​នេះ ឲ្យ​ពួក​បង​ប្អូន​បរិសុទ្ធ​គ្រប់​គ្នា​ស្តាប់​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚