១ ថេស្សាឡូនិក 2:5-12
១ ថេស្សាឡូនិក 2:5-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ចើចបញ្ជើ ឬប្រព្រឹត្តដោយចិត្តលោភលន់ឡើយ ដ្បិតមានព្រះជាសាក្សីស្រាប់។ យើងមិនស្វែងរកការសរសើរពីមនុស្សឡើយ ទោះពីអ្នករាល់គ្នា ឬពីអ្នកណាទៀតក្តី ទោះបើយើងមានសិទ្ធិអាចបង្គាប់ ក្នុងនាមជាសាវករបស់ព្រះគ្រីស្ទក៏ដោយ តែយើងបានរស់នៅក្នុងចំណោមអ្នករាល់គ្នា ដោយចិត្តស្លូតបូត ដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ។ ដោយសារយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងយ៉ាងនេះ បានជាយើងមិនត្រឹមតែចែកចាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នាប៉ុណ្ណោះទេ គឺថែមទាំងជីវិតរបស់យើងទៀតផង ព្រោះអ្នករាល់គ្នាជាទីស្រឡាញ់របស់យើងណាស់។ បងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការលំបាក និងការនឿយហត់ ដែលយើងបានធ្វើទាំងយប់ទាំងថ្ងៃ ដោយមិនចង់ឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាពិបាកនឹងយើងឡើយ ក្នុងកាលយើងផ្សាយដំណឹងល្អអំពីព្រះដល់អ្នករាល់គ្នា។ អ្នករាល់គ្នា និងព្រះផងដែរជាស្មរបន្ទាល់ អំពីរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នាដែលជាអ្នកជឿ គឺយើងប្រព្រឹត្តដោយបរិសុទ្ធ សុចរិត និងឥតកន្លែងបន្ទោសបាន ដូចអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តនឹងអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកនឹងកូន ដោយទូន្មាន និងលើកទឹកចិត្ត ហើយសូមឲ្យអ្នករាល់គ្នារស់នៅឲ្យស័ក្តិសមនឹងព្រះ ដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះរាជ្យ និងក្នុងសិរីល្អរបស់ព្រះអង្គ។
១ ថេស្សាឡូនិក 2:5-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនជ្រាបហើយថា យើងមិនដែលពោលពាក្យបញ្ចើចបញ្ចើទាល់តែសោះ យើងក៏មិនដែលធ្វើអ្វី ដោយលាក់គំនិតលោភលន់ចង់បានប្រាក់ដែរ មានព្រះជាម្ចាស់ជាសាក្សីស្រាប់។ យើងពុំបានស្វែងរកកិត្តិយសដែលមកពីមនុស្សទេ ទោះបីពីសំណាក់បងប្អូន ឬពីសំណាក់អ្នកឯទៀតៗក្ដី។ ក្នុងឋានៈជាសាវ័ក*របស់ព្រះគ្រិស្ត ថ្វីដ្បិតតែយើងមានសិទ្ធិបង្គាប់បញ្ជាបងប្អូនក្ដី ក៏យើងរស់ក្នុងចំណោមបងប្អូនដោយស្លូតបូត ដូចមាតាបីបាច់ថែរក្សាកូនខ្ចីដែរ។ ដោយយើងជាប់ចិត្តស្រឡាញ់បងប្អូនខ្លាំងយ៉ាងនេះ យើងមានបំណងមិនត្រឹមតែប្រគល់ដំណឹងល្អជូនបងប្អូនប៉ុណ្ណោះទេ គឺរហូតដល់ទៅស៊ូប្ដូរជីវិតសម្រាប់បងប្អូនថែមទៀតផង ដ្បិតយើងស្រឡាញ់បងប្អូនខ្លាំងណាស់!។ បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។ យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។ បងប្អូនក៏ជ្រាបថា យើងបានប្រព្រឹត្តចំពោះបងប្អូនម្នាក់ៗ ដូចឪពុកប្រព្រឹត្តចំពោះកូនដែរ គឺយើងបានទូន្មាន និងលើកទឹកចិត្តបងប្អូន ហើយយើងក៏បានអង្វរករបងប្អូនឲ្យរស់នៅយ៉ាងសមរម្យ ស្របតាមព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនមកចូលរួមក្នុងព្រះរាជ្យ* និងសិរីរុងរឿងរបស់ព្រះអង្គ។
១ ថេស្សាឡូនិក 2:5-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតយើងខ្ញុំមិនដែលប្រើពាក្យបញ្ចើច ដូចជាអ្នករាល់គ្នាដឹងស្រាប់ ឬប្រព្រឹត្តដោយចិត្តលោភឡើយ សឹងមានព្រះទ្រង់ជាសាក្សីហើយ ហើយទោះបើយើងខ្ញុំមានអំណាច នឹងនៅជាបន្ទុកលើអ្នករាល់គ្នា ទុកដូចជាសាវកនៃព្រះគ្រីស្ទក៏ដោយ គង់តែយើងខ្ញុំមិនរកឲ្យមនុស្សគោរពប្រតិបត្តិដល់យើងខ្ញុំឡើយ ទោះអ្នករាល់គ្នា ឬអ្នកណាទៀតក្តី យើងខ្ញុំបាននៅកណ្តាលអ្នករាល់គ្នា ដោយស្លូតបូតវិញ ប្រៀបដូចជាម្តាយថ្នមកូន ដែលកំពុងនៅបៅ គឺយ៉ាងនោះហើយ ដែលយើងខ្ញុំបានស្រឡាញ់ដល់អ្នករាល់គ្នា ដល់ម៉្លេះបានជាយើងខ្ញុំចូលចិត្តចែកដំណឹងល្អពីព្រះ មកអ្នករាល់គ្នា មិនត្រឹមតែប៉ុណ្ណោះ ក៏ចូលចិត្តចែកទាំងជីវិតយើងខ្ញុំផង ដោយព្រោះអ្នករាល់គ្នាបានត្រឡប់ជាស្ងួនភ្ងាដល់យើងខ្ញុំ ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំពីការយ៉ាងធ្ងន់ ហើយនឿយហត់ ដែលយើងខ្ញុំបានធ្វើ ដោយមិនចង់ឲ្យអ្នកណាព្រួយ ដោយសារយើងខ្ញុំទេ យើងខ្ញុំបានផ្សាយដំណឹងល្អពីព្រះ មកអ្នករាល់គ្នា ដោយខំធ្វើការទាំងយប់ទាំងថ្ងៃ អ្នករាល់គ្នា ហើយព្រះផង ជាស្មរបន្ទាល់អំពីយើងខ្ញុំ ដែលយើងខ្ញុំបាននៅជាមួយនឹងអ្នករាល់គ្នា ជាពួកអ្នកជឿ បែបយ៉ាងណា ដោយបរិសុទ្ធ សុចរិត ហើយឥតកន្លែងបន្ទោសបាន ដូចជាអ្នករាល់គ្នាដឹងហើយថា យើងខ្ញុំបានប្រព្រឹត្តនឹងអ្នករាល់គ្នានិមួយៗ ដូចជាឪពុកនឹងកូន ទាំងទូន្មាន នឹងកំសាន្តចិត្តផង ហើយទាំងធ្វើបន្ទាល់ឲ្យអ្នករាល់គ្នាបានដើរយ៉ាងគួរនឹងព្រះ ដែលទ្រង់ហៅអ្នករាល់គ្នាមកក្នុងនគរ ហើយក្នុងសិរីល្អរបស់ទ្រង់។