១ សាំយូអែល 5:1-12

១ សាំយូអែល 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ ហើយ​គេ​យក​ទៅ​ដាក់​នៅ​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ។ លុះ​ស្អែក​ឡើង ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន​ដាក់​នៅ​កន្លែង​ដើម​វិញ។ លុះ​ស្អែកឡើង ពេល​គេ​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​ពីរ​របស់​ព្រះ​ដាកុន ក៏​បាក់​ដាច់​នៅ​លើក្រប​ទ្វារ សល់​តែ​ដង​ខ្លួន​ព្រះ​ដាកុន​ប៉ុណ្ណោះ។ ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សង្ឃ​របស់​ព្រះ​ដាកុន និង​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​ព្រះ​ដាកុន គេ​មិន​ដែល​ជាន់​លើក្រប​ទ្វារ​នៃ​វិហារ​ព្រះ​ដាកុន នៅ​ក្រុង​អាស‌ដូឌ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ព្រះ‌អង្គ​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​ជំងឺ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ជុំ​វិញ​ទាំង​អស់។ នៅ​ពេល​ដែល​ពួក​អាស‌ដូឌ​ឃើញ​កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា៖ «មិន​ត្រូវ​ទុក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជា‌មួយ​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​របស់​យើង​ដែរ»។ ដូច្នេះ គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក ដោយ​និយាយ​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នឹង​ហិប​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​នេះ?» គេ​ឆ្លើយ​ថា៖ «ចូរ​យកហិប​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្រុង​កាថ​ទៅ» ដូច្នេះ គេ​ក៏​យក​ហិប​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ទី​នោះ។ ក្រោយ​ពី​គេ​បាន​យក​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ​ដែរ ដោយធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា។ ដូច្នេះ គេ​ក៏​នាំ​យក​ហិប​នៃ​ព្រះ​ទៅ​ក្រុង​អេក្រុន​ទៀត។ លុះ​ហិប​នៃ​ព្រះ​បាន​ទៅ​ដល់​អេក្រុន ប្រជាជន​ក្រុង​នោះ​ក៏​ស្រែក​ឡើង​ថា៖ «គេ​យក​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​មក​ដល់​យើង ដើម្បី​សម្លាប់​ពួក​យើង​ទាំង​អស់​គ្នា​ហើយ»។ គេ​ចាត់​មនុស្ស​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលី‌ស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា៖ «ចូរ​បញ្ជូន​ហិប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ​ទៅ ឲ្យ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង និង​ប្រជា​ជន​របស់​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា» ដ្បិត​កើត​មាន​សេចក្ដី​វេទនា​ដែល​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់។ ឯ​ពួក​អ្នក​ដែល​សល់​ពី​ស្លាប់ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត ហើយ​សូរ​សម្រែក​នៅ​ទី​ក្រុង​នោះ ឮ​រំពង​ដល់​ផ្ទៃ​មេឃ។

ចែក​រំលែក
អាន ១ សាំយូអែល 5

១ សាំយូអែល 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​ភីលីស្ទីន​ដណ្ដើម​យក​បាន​ហិប​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដឹក​ពី​អេបេន-‌អេ‌ស៊ើរ​ទៅ​ក្រុង​អាសដូឌ។ ពួក​ភីលីស្ទីន​យក​ហិប​របស់​ព្រះ‌ជាម្ចាស់ ចូល​ទៅ​ក្នុង​វិហារ​របស់​ព្រះ‌ដាកុន ហើយ​តម្កល់​នៅ​ជិត​រូប​សំណាក​របស់​ព្រះ‌ដាកុន។ លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស‌ដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះ‌ដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។ លុះ​ស្អែក​ឡើង ពួក​គេ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់​ទៀត។ ក្បាល និង​ដៃ​ទាំង​ពីរ​របស់​រូប​ព្រះ‌ដាកុន បាក់​ខ្ទាត​ទៅ​នៅ​មាត់​ទ្វារ​វិហារ គឺ​នៅ​សល់​តែ​ដង​ខ្លួន​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ ពួក​បូជា‌ចារ្យ​របស់​ព្រះ‌ដាកុន និង​អស់​អ្នក​ដែល​ចូល​ក្នុង​វិហារ​ព្រះ‌ដាកុន មិន​ហ៊ាន​ដើរ​ជាន់​មាត់​ទ្វារ​វិហារ​នេះ​ឡើយ។ ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​ដាក់​ទោស​អ្នក​ក្រុង​អាស‌ដូឌ គឺ​ព្រះអង្គ​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ឫស‌ដូង‌បាត។ កាល​ពួក​គេ​ឃើញ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ចំពោះ​ខ្លួន​ដូច្នេះ ក៏​និយាយ​ថា៖ «មិន​ត្រូវ​ទុក​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដ្បិត​ឫទ្ធា‌នុភាព​របស់​ព្រះ​នេះ​សង្កត់​មក​លើ​ពួក​យើង និង​ព្រះ‌ដាកុន​របស់​យើង​ខ្លាំង​ណាស់»។ ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ចំពោះ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល?»។ ស្ដេច​ត្រាញ់​ទាំង​នោះ​ឆ្លើយ​ថា៖ «ត្រូវ​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នេះ​ទៅ​ក្រុង​កាថ​វិញ!»។ ពួក​គេ​ក៏​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ក្រុង​នោះ។ កាល​គេ​ផ្ទេរ​ហិប​ទៅ​ដល់​ក្រុង​កាថ​ហើយ ព្រះ‌អម្ចាស់​ក៏​បាន​ដាក់​ទោស​ក្រុង​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​មាន​កើត​វឹក‌វរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីក្រុង គឺ​ព្រះអង្គ​ដាក់​ទណ្ឌ‌កម្ម​ពួក​គេ​ឲ្យ​កើត​ឫស‌ដូង‌បាត តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ។ ដូច្នេះ ពួក​គេ​បញ្ជូន​ហិប​របស់​ព្រះ‌ជាម្ចាស់​ទៅ​ក្រុង​អេក្រូន​វិញ។ ប៉ុន្តែ ពេល​គេ​នាំ​ហិប​របស់​ព្រះ‌ជាម្ចាស់​ចូល​ទៅ​ក្នុង​ក្រុង​អេក្រូន ប្រជា‌ជន​នៅ​ក្រុង​នោះ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «គេ​បាន​ផ្ទេរ​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ក្នុង​ក្រុង​យើង ដើម្បី​សម្លាប់​យើង​ទាំង​អស់​គ្នា​ហើយ»។ ពួក​គេ​ក៏​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​ស្ដេច​ត្រាញ់​ទាំង​អស់​នៃ​ជន‌ជាតិ​ភីលីស្ទីន​មក រួច​ពោល​ថា៖ «ចូរ​បញ្ជូន​ហិប​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​ស្លាប់ ដោយ‌សារ​ហិប​នោះ»។ នៅ​ក្នុង​ទីក្រុង​ទាំង​មូល មាន​កើត​ជ្រួល‌ច្របល់​យ៉ាង​ខ្លាំង ព្រោះ​ព្រះ‌ជាម្ចាស់​បាន​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ។ អស់​អ្នក​ដែល​នៅ​សល់​ពី​ស្លាប់​សុទ្ធ​តែ​កើត​ឫស‌ដូង‌បាត ហើយ​សម្រែក​របស់​ពួក​គេ​លាន់​ឮ​រំពង រហូត​ដល់​លើ​មេឃ។

ចែក​រំលែក
អាន ១ សាំយូអែល 5

១ សាំយូអែល 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ពួក​ភីលីស្ទីន គេ​ចាប់​យក​បាន​ហឹប​នៃ​ព្រះ រួច​ក៏​នាំ​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ឯ​ក្រុង​អាស‌ដូឌ​ទៅ ហើយ​គេ​យក​ទៅ​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គឺ​នៅ​ក្បែរ​ព្រះ​នោះ លុះ​ស្អែក​ឡើង កាល​ពួក​ក្រុង​អាស‌ដូឌ​បាន​ក្រោក​ឡើង​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា រួច​គេ​លើក​ព្រះ​ដាកុន ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ លុះ​ដល់​ថ្ងៃ​ស្អែក​ទៀត កាល​គេ​ក្រោក​ពី​ព្រលឹម នោះ​ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល នឹង​ដៃ​ទាំង​២​នៃ​ព្រះ​ដាកុន ក៏​បាក់​ដាច់ នៅ​លើ​ក្រប​ទ្វារ សល់​នៅ​តែ​តួ​ព្រះ​ដាកុន​ប៉ុណ្ណោះ ដោយ​ហេតុ​នោះ​បាន​ជា​ពួក​សង្ឃ​របស់​ព្រះ​ដាកុន នឹង​ពួក​អ្នក​ដែល​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​ដាកុន គេ​មិន​ដែល​ជាន់​លើ​ក្រប​ទ្វារ​នៃ​វិហារ​ព្រះ​ដាកុន នៅ​ក្រុង​អាស‌ដូឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។ ឯ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ក៏​សង្កត់​លើ​ពួក​ក្រុង​អាស‌ដូឌ​យ៉ាង​ធ្ងន់ ទ្រង់​បំផ្លាញ​គេ ហើយ​វាយ​គេ​ដោយ​រោគ​ឫស‌ដូង‌បាត នៅ​ក្រុង​អាស‌ដូឌ នឹង​ស្រុក​ជុំវិញ​ទាំង​អស់ កាល​ពួក​អាស‌ដូឌ​ឃើញ​ថា កើត​មាន​យ៉ាង​ដូច្នោះ នោះ​គេ​ជំនុំ​គ្នា​ថា មិន​ត្រូវ​ឲ្យ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​នៅ​ជា​មួយ​នឹង​យើង​ទៀត​ឡើយ ដ្បិត​ព្រះ‌ហស្ត​នៃ​ទ្រង់​សង្កត់​លើ​យើង​រាល់​គ្នា​ធ្ងន់​ណាស់ ហើយ​លើ​ព្រះ​ដាកុន​ជា​ព្រះ​នៃ​យើង​ដែរ ដូច្នេះគេ​ក៏​ចាត់​ឲ្យ​ទៅ ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន​មក​ជំនុំ​គ្នា​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​នឹង​ហឹប​ព្រះ របស់​សាសន៍​អ៊ីស្រាអែល​នេះ គេ​ឆ្លើយ​ថា ចូរ​នាំ​យក​ទៅ​ឯ​ក្រុង​កាថ​ទៅ ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ របស់​សាសន៍​អ៊ីស្រាអែល ទៅ​ឯ​ទី​នោះ កាល​គេ​បាន​នាំ​យក​ទៅ​ឯ​ណោះ​ហើយ នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ទាស់​នឹង​ទី​ក្រុង​នោះ ដោយ​សេចក្ដី​វេទនា​យ៉ាង​ខ្លាំង​ដែរ ទ្រង់​វាយ​ពួក​ក្រុង​នោះ​ទាំង​តូច​ទាំង​ធំ ឲ្យ​កើត​មាន​ឫស‌ដូង‌បាត​ទាំង​អស់​គ្នា ដូច្នេះ គេ​ក៏​នាំ​យក​ហឹប​នៃ​ព្រះ​ទៅ​ឯ​ក្រុង​អេក្រុន​ទៀត កាល​បាន​ដល់​អេក្រុន​ហើយ ពួក​ក្រុង​នោះ​ស្រែក​ឡើង​ថា គេ​បាន​យក​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​មក​ឯ​យើង ដើម្បី​នឹង​សំឡាប់​យើង នឹង​ពួក​យើង​ផង​ហើយ នោះ​គេ​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ទាំង​ប៉ុន្មាន មក​ជំនុំ​គ្នា​ថា ចូរ​ផ្ញើ​ហឹប​នៃ​ព្រះ​របស់​សាសន៍​អ៊ីស្រាអែល​ទៅ​វិញ​ទៅ ឲ្យ​បាន​ត្រឡប់​ទៅ​ឯ​កន្លែង​ដើម​វិញ ដើម្បី​កុំ​ឲ្យ​យើង នឹង​ពួក​យើង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ដូច្នេះ​ឡើយ ពី​ព្រោះ​កើត​មាន​សេចក្ដី​វេទនា​ដ៏​នាំ​ឲ្យ​ស្លាប់​សន្ធឹក នៅ​ពេញ​ក្នុង​ទី​ក្រុង ដ្បិត​ព្រះ‌ហស្ត​នៃ​ព្រះ​សង្កត់​លើ​គេ​ជា​យ៉ាង​ធ្ងន់ ឯ​ពួក​មនុស្ស​ដែល​មិន​បាន​ស្លាប់​ទេ នោះ​ក៏​កើត​មាន​ឫស‌ដូង‌បាត​វិញ ហើយ​សូរ​សំរែក​នៅ​ទី​ក្រុង​នោះ ក៏​ឮ​រហូត​ដល់​ផ្ទៃ​មេឃ។

ចែក​រំលែក
អាន ១ សាំយូអែល 5