ពេលពួកភីលីស្ទីនបានចាប់យកហិបនៃព្រះ ក៏យកចេញពីអេបេន-អេស៊ើរ ទៅក្រុងអាសដូឌ ហើយគេយកទៅដាក់នៅក្នុងវិហារនៃព្រះដាកុន គឺនៅក្បែរព្រះនោះ។ លុះស្អែកឡើង ពួកក្រុងអាសដូឌបានក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហិបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុនដាក់នៅកន្លែងដើមវិញ។ លុះស្អែកឡើង ពេលគេក្រោកពីព្រលឹម ក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដីនៅចំពោះហិបនៃព្រះយេហូវ៉ាទៀត ហើយក្បាល និងដៃទាំងពីររបស់ព្រះដាកុន ក៏បាក់ដាច់នៅលើក្របទ្វារ សល់តែដងខ្លួនព្រះដាកុនប៉ុណ្ណោះ។ ដោយហេតុនោះបានជាពួកសង្ឃរបស់ព្រះដាកុន និងពួកអ្នកដែលចូលទៅក្នុងវិហារព្រះដាកុន គេមិនដែលជាន់លើក្របទ្វារនៃវិហារព្រះដាកុន នៅក្រុងអាសដូឌ រហូតដល់សព្វថ្ងៃនេះ។ ព្រះហស្តនៃព្រះយេហូវ៉ាក៏សង្កត់លើពួកក្រុងអាសដូឌយ៉ាងធ្ងន់ ព្រះអង្គបំផ្លាញគេ ហើយវាយគេដោយជំងឺឫសដូងបាត នៅក្រុងអាសដូឌ និងស្រុកជុំវិញទាំងអស់។ នៅពេលដែលពួកអាសដូឌឃើញកើតមានយ៉ាងដូច្នោះ នោះគេជំនុំគ្នាថា៖ «មិនត្រូវទុកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលឲ្យនៅជាមួយយើងទៀតឡើយ ដ្បិតព្រះហស្តរបស់ព្រះអង្គសង្កត់លើយើងរាល់គ្នាធ្ងន់ណាស់ ហើយលើព្រះដាកុនជាព្រះរបស់យើងដែរ»។ ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមក ដោយនិយាយថា៖ «តើយើងត្រូវធ្វើដូចម្តេចនឹងហិបព្រះរបស់សាសន៍អ៊ីស្រាអែលនេះ?» គេឆ្លើយថា៖ «ចូរយកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ទៅក្រុងកាថទៅ» ដូច្នេះ គេក៏យកហិបរបស់ព្រះនៃសាសន៍អ៊ីស្រាអែលទៅទីនោះ។ ក្រោយពីគេបានយកទៅដល់ក្រុងកាថហើយ ព្រះហស្តនៃព្រះយេហូវ៉ាក៏ទាស់នឹងទីក្រុងនោះដែរ ដោយធ្វើឲ្យមានសេចក្ដីវេទនាយ៉ាងខ្លាំង ព្រះអង្គវាយពួកក្រុងនោះទាំងតូចទាំងធំ ឲ្យកើតឫសដូងបាតទាំងអស់គ្នា។ ដូច្នេះ គេក៏នាំយកហិបនៃព្រះទៅក្រុងអេក្រុនទៀត។ លុះហិបនៃព្រះបានទៅដល់អេក្រុន ប្រជាជនក្រុងនោះក៏ស្រែកឡើងថា៖ «គេយកហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលមកដល់យើង ដើម្បីសម្លាប់ពួកយើងទាំងអស់គ្នាហើយ»។ គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។ ឯពួកអ្នកដែលសល់ពីស្លាប់ នោះក៏កើតមានឫសដូងបាត ហើយសូរសម្រែកនៅទីក្រុងនោះ ឮរំពងដល់ផ្ទៃមេឃ។
អាន ១ សាំយូអែល 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 5:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ