១ សាំយូអែល 20:1-8

១ សាំយូអែល 20:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដាវីឌ​បាន​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?» យ៉ូណា‌ថាន​ឆ្លើយ​ថា៖ «សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល៍ បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ»។ ប៉ុន្តែ ដាវីឌ​និយាយ​ដោយ​ស្បថ​ថា៖ «បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ និង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​មួយ​ជំហានពី​គ្នា​ទេ»។ នោះ​យ៉ូណា‌ថាន​និយាយ​នឹង​ដាវីឌ​ថា៖ «ការ​អ្វី​ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ» ដាវីឌ​ឆ្លើយ​ថា៖ «មើល៍ ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិ‌ភោគ​ភោជ‌នាហារ​ជា‌មួយ​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​បី​វិញ បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូល‌បង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​មួយ​ឆ្នាំ​ម្តង ប្រសិន​បើ​ស្ដេច​មាន​រាជ‌ឱង្ការ​យ៉ាង​នេះ​ថា "អើ" ដូច្នេះ ខ្ញុំ​ជា​អ្នក​បម្រើ​របស់​អ្នក​នឹង​បាន​សេចក្ដី​សុខ តែ​បើ​ស្ដេច​ខ្ញាល់​វិញ នោះ​ត្រូវ​ដឹង​ថា ស្ដេច​មាន​បំណង​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ។ ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បម្រើ​របស់​អ្នក​ដោយ​សប្បុ‌រស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សេចក្ដី​សញ្ញា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា‌មួយ​គ្នា​ហើយ តែ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សម្លាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ»។

១ សាំយូអែល 20:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ដាវីឌ​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្ដេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​បិតា​របស់​បង បាន​ជា​ស្ដេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។ សម្ដេច​យ៉ូណា‌ថាន​ឆ្លើយ​តប​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​អី! ប្អូន​មិន​ត្រូវ​ស្លាប់​ទេ! បិតា​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ដោយ​ឥត​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ជា​មុន​ឡើយ ទោះ​បី​ការ​នោះ​ធំ ឬ​តូច​ក្ដី។ បើ​បិតា​ចង់​សម្លាប់​ប្អូន ទ្រង់​មុខ​ជា​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​មិន​ខាន ទ្រង់​មិន​លាក់​ទេ»។ លោក​ដាវីឌ​មាន​ប្រសាសន៍​ទៀត​ថា៖ «បិតា​របស់​បង​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​មិត្ត​សម្លាញ់​របស់​បង បាន​ជា​ស្ដេច​គិត​ថា “មិន​ត្រូវ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ទេ ក្រែង​លោ​គេ​ពិបាក​ចិត្ត”។ ប៉ុន្តែ ខ្ញុំ​សូម​ស្បថ​ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ និង​ក្នុង​នាម​បង​ផ្ទាល់​ដែល​នៅ​មាន​ជីវិត​ថា សេចក្ដី​ស្លាប់​នៅ​ឃ្លាត​ពី​ខ្ញុំ​តែ​មួយ​ចង្អាមប៉ុណ្ណោះ»។ សម្ដេច​យ៉ូណា‌ថាន​ពោល​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «បើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី ខ្ញុំ​ធ្វើ​តាម​ទាំង​អស់»។ លោក​ដាវីឌ​តប​ទៅ​សម្ដេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។ បិតា​របស់​បង​មុខ​ជា​សួរ​រក​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​នៅ សូម​ទូល​ស្ដេច​ថា “ដាវីឌ​ទទូច​សូម​អនុញ្ញាត​ពី​ទូលបង្គំ ធ្វើ​ដំណើរ​ទៅ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​គេ​យ៉ាង​ប្រញាប់ ដើម្បី​ចូល​រួម​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ឆ្នាំ ជា​មួយ​នឹង​អំបូរ​ទាំង​មូល”។ ប្រសិន​បើ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា “មិន​អី​ទេ!” នោះ​ខ្ញុំ​នឹង​បាន​សុខ‌សាន្ត! ផ្ទុយ​ទៅ​វិញ បើ​ស្ដេច​ខ្ញាល់ នោះ​បង​នឹង​ដឹង​ច្បាស់​ថា ស្ដេច​បាន​សម្រេច​ចិត្ត​ធ្វើ​បាប​ខ្ញុំ​ហើយ។ ដូច្នេះ សូម​បង​សម្តែង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាម​ព្រះ‌អម្ចាស់។ ម្យ៉ាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ថ្វាយ​បិតា​របស់​បង​អី»។

១ សាំយូអែល 20:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ដាវីឌ លោក​រត់​ចេញ​ពី​ណា‌យ៉ូត​នៅ​ស្រុក​រ៉ាម៉ា​នោះ ទៅ​ឯ​យ៉ូណា‌ថាន​សួរ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អ្វី ខ្ញុំ​មាន​ទោស​ជា​យ៉ាង​ណា ឬ​បាន​ធ្វើ​បាប​ដូច​ម្តេច​ខ្លះ​នៅ​ចំពោះ​បិតា​អ្នក បាន​ជា​ទ្រង់​រក​សំឡាប់​ខ្ញុំ​ដូច្នេះ យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​កុំ​ឲ្យ​បាន​ដូច្នេះ​ឡើយ អ្នក​មិន​ត្រូវ​ស្លាប់​ទេ មើល បិតា​ខ្ញុំ​មិន​ដែល​ធ្វើ​ការ​អ្វី ទោះ​ធំ ឬ​តូច​ក្តី ដែល​មិន​ប្រាប់​ដល់​ខ្ញុំ​នោះ​ទេ ចុះ​មាន​ទំនង​អ្វី​ឲ្យ​ទ្រង់​លាក់​ការ​នេះ​នឹង​ខ្ញុំ​វិញ ការ​នោះ​មិន​ត្រូវ​ទេ ប៉ុន្តែដាវីឌ​និយាយ​ដោយ​ស្បថ​ថា បិតា​អ្នក​ជ្រាប​ច្បាស់​ថា ខ្ញុំ​ជា​ទី​គាប់​ចិត្ត​ដល់​អ្នក​បាន​ជា​ទ្រង់​នឹក​ថា កុំ​ឲ្យ​យ៉ូណា‌ថាន​ដឹង​ឡើយ ក្រែង​ទាស់​ចិត្ត ប៉ុន្តែខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​អ្នក​ដែល​រស់​នៅ​ដែរ​ថា ពិត​ប្រាកដ​ជា​ខ្ញុំ នឹង​សេចក្ដី​ស្លាប់ នៅ​ឃ្លាត​តែ​១​ជំហានពី​គ្នា​ទេ នោះ​យ៉ូណា‌ថាន​និយាយ​នឹង​ដាវីឌ​ថា ការ​អ្វី​ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាន នោះ​ខ្ញុំ​នឹង​សំរេច​ឲ្យ ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ បើ​បិតា​អ្នក​សួរ​រក​ខ្ញុំ នោះ​សូម​ទូល​ថា ដាវីឌ​បាន​សូម​ច្បាប់​ទូលបង្គំ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ទៅ​ឯ​បេថ្លេ‌ហិម ជា​ទី​ក្រុង​របស់​គាត់​ហើយ ដ្បិត​ត្រូវ​កំណត់​ដែល​ពួក​ញាតិ​គាត់​ទាំង​ប៉ុន្មាន​ថ្វាយ​យញ្ញ‌បូជា ដែល​តែង​ថ្វាយ​ក្នុង​១​ឆ្នាំ​ម្តង បើ​ទ្រង់​មាន​បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្ដី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្ដី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ