ដាវីឌបានរត់ចេញពីណាយ៉ូតនៅស្រុករ៉ាម៉ានោះ ទៅឯយ៉ូណាថានសួរថា៖ «តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ?» យ៉ូណាថានឆ្លើយថា៖ «សូមកុំឲ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល៍ បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឲ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ»។ ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។ នោះយ៉ូណាថាននិយាយនឹងដាវីឌថា៖ «ការអ្វីដែលចិត្តអ្នកប្រាថ្នាចង់បាន នោះខ្ញុំនឹងសម្រេចឲ្យ» ដាវីឌឆ្លើយថា៖ «មើល៍ ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទីបីវិញ បើបិតាអ្នកសួររកខ្ញុំ នោះសូមទូលថា ដាវីឌបានសូមច្បាប់ទូលបង្គំដោយអស់ពីចិត្ត ដើម្បីនឹងទៅឯបេថ្លេហិម ជាទីក្រុងរបស់គាត់ហើយ ដ្បិតត្រូវកំណត់ដែលពួកញាតិគាត់ទាំងប៉ុន្មានថ្វាយយញ្ញបូជា ដែលតែងថ្វាយក្នុងមួយឆ្នាំម្តង ប្រសិនបើស្ដេចមានរាជឱង្ការយ៉ាងនេះថា "អើ" ដូច្នេះ ខ្ញុំជាអ្នកបម្រើរបស់អ្នកនឹងបានសេចក្ដីសុខ តែបើស្ដេចខ្ញាល់វិញ នោះត្រូវដឹងថា ស្ដេចមានបំណងនឹងធ្វើអាក្រក់ដល់ខ្ញុំហើយ។ ដូច្នេះ សូមប្រព្រឹត្តនឹងខ្ញុំ ជាបម្រើរបស់អ្នកដោយសប្បុរសផង ដ្បិតអ្នកបាននាំខ្ញុំឲ្យចុះសេចក្ដីសញ្ញានៅចំពោះព្រះយេហូវ៉ាជាមួយគ្នាហើយ តែបើមានអំពើទុច្ចរិតណានៅខ្លួនខ្ញុំវិញ នោះសូមឲ្យអ្នកសម្លាប់ខ្ញុំចុះ ដ្បិតគ្មានទំនងឲ្យអ្នកនាំខ្ញុំទៅឯបិតាអ្នកទេ»។
អាន ១ សាំយូអែល 20
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 20:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ