១ ពេត្រុស 3:1-12

១ ពេត្រុស 3:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ប្រពន្ធ​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​បើ​មាន​អ្នក​ខ្លះ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​អាច​នឹង​ទាក់​ទាញ​ចិត្ត​ប្តីរបស់​ខ្លួន ដោយ​សារ​កិរិយា​ល្អ ក្រៅ​ពី​ពាក្យ​សម្ដី នៅ​ពេល​គេ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច។ កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។ ដ្បិត​ពី​ដើម ពួក​ស្រ្តី​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តុប​តែង​ខ្លួន​ដូច្នោះ​ដែរ ដោយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួ​ន ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្តាប់​បង្គាប់​លោក​អ័ប្រា‌ហាំ ហើយ​ហៅ​លោក​ថា លោក​ម្ចាស់ផង។ អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ពូជ‌ពង្ស​របស់​លោក ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ហើយ​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​មួយ​ដែល​បំភ័យ​អ្នក​ឡើយ។ រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។ ជា​ទី​បញ្ចប់ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​មួយ មាន​ចិត្ត​អាណិត‌អាសូរ មាន​ចិត្ត​ស្រឡាញ់​គ្នា​ជា​បង‌ប្អូន មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព។ កុំ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌ពរ​ជា​មត៌ក។ ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​បងប្អូន​ស្ត្រីៗ​ដែល​មាន​ស្វាមី​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​កិរិយា​មារយាទ​របស់​បងប្អូន​ទាក់‌ទាញ​ចិត្ត​ស្វាមី​ខ្លះ​ដែល​មិន​ជឿ​ព្រះ‌បន្ទូល ឲ្យ​បាន​ស្គាល់​ព្រះអង្គ ដោយ​មិន​បាច់​បញ្ចេញ​ពាក្យ​សម្ដី​ទេ គឺ​គេ​គ្រាន់​តែ​ឃើញ​បងប្អូន​មាន​កិរិយា​បរិសុទ្ធ* និង​ចេះ​គោរព​កោតខ្លាច។ កុំ​តុប‌តែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ តែ​ត្រូវ​តុប‌តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត​របស់​បងប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើស‌លុប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូត‌បូត ស្រគត់‌ស្រគំ។ នៅ​ជំនាន់​ដើម ស្ត្រីៗ​ដ៏វិសុទ្ធ*​ដែល​សង្ឃឹម​លើ​ព្រះ‌ជា‌ម្ចាស់ តែង​កាន់​ចិត្ត​គំនិត​យ៉ាង​នេះ​ឯង គឺ​បាន​តុប‌តែង​ខ្លួន ដោយ​ការ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្ដាប់​បង្គាប់​លោក​អប្រាហាំ ទាំង​ហៅ​លោក​ថា «លោក​ម្ចាស់»ផង។ ប្រសិន​បើ​បងប្អូន​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​មិន​ភ័យ​ខ្លាច​អ្វី​ទេ​នោះ បងប្អូន​នេះ​ហើយ​ជា​ពូជ‌ពង្ស​របស់​គាត់។ រីឯ​បងប្អូន​ដែល​ជា​ស្វាមី​ក៏​ដូច្នោះ​ដែរ ម្នាក់ៗ​ត្រូវ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រីៗ​ជា​មនុស្ស​ទន់​ខ្សោយ​ជាង​ខ្លួន។ ត្រូវ​គោរព​នាង​ទុក​ដូច​ជា​អ្នក​ត្រូវ​រួម​ទទួល​ជីវិត ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស‌ប្រណី​ប្រទាន​មក​បងប្អូន​ជា​មត៌ក ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ការ​អធិស្ឋាន​របស់​បងប្អូន​ឡើយ។ នៅ​ទី​បញ្ចប់ ត្រូវ​មាន​ចិត្ត​គំនិត​តែ​មួយ និង​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា។ ត្រូវ​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​បងប្អូន​បង្កើត មាន​ចិត្ត​អាណិត​មេត្តា និង​សុភាព។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ កុំ​ជេរ​ប្រមាថ​តប​នឹង​អ្នក​ដែល​ជេរ​ប្រមាថ​បងប្អូន គឺ​ត្រូវ​ជូន​ពរ​គេ​វិញ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ប្រព្រឹត្ត​ដូច្នេះ​ឯង ដើម្បី​ឲ្យ​បងប្អូន​បាន​ទទួល​ព្រះ‌ពរ​របស់​ព្រះអង្គ​តាម​ព្រះ‌បន្ទូល​សន្យា។ «អ្នក​ណា​ស្រឡាញ់​ជីវិត និង​ចង់​បាន​សុភមង្គល អ្នក​នោះ​ត្រូវ​ទប់​មាត់​កុំ​ពោល​ពាក្យ​អាក្រក់ ព្រម​ទាំង​ទប់​បបូរ​មាត់ កុំ​ឲ្យ​និយាយ​បោក​បញ្ឆោត។ អ្នក​នោះ​ត្រូវ​ចៀស‌វាង​កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ និង​ខិត‌ខំ​ស្វែង​រក​សេចក្ដី​សុខ‌សាន្ត ដ្បិត​ព្រះ‌អម្ចាស់​ទត​មើល​មក​មនុស្ស​សុចរិត* ហើយ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​គេ ប៉ុន្តែ ព្រះអង្គ​ជំទាស់​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​អាក្រក់» ។

ចែក​រំលែក
អាន ១ ពេត្រុស 3

១ ពេត្រុស 3:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ពួក​ស្រីៗ ត្រូវ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​បែប​ដូច្នោះ​ដែរ ដើម្បី​បើ​មាន​អ្នក​ណា ដែល​មិន​ព្រម​ស្តាប់​បង្គាប់ តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​នឹង​ទាញ​ចិត្ត​មក​បាន ដោយ‌សារ​កិរិយា​ល្អ ក្រៅ​ពី​ព្រះ‌បន្ទូល ដោយ​អ្នក​នោះ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​យ៉ាង​កោត‌ខ្លាច​ដល់​ព្រះ ទាំង​តែង​ខ្លួន​មិន​មែន​ដោយ​បែប​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សំលៀក‌បំពាក់​ផ្សេងៗ​ឡើយ គឺ​តែង​ចំពោះ​មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត​វិញ ដោយ​គ្រឿង​ដ៏​មិន​ចេះ​ពុក‌រលួយ​របស់​វិញ្ញាណ​សំឡូត ហើយ​រម្យ‌ទម នោះ​ឯង​ជា​សេចក្ដី ដែល​មាន​ដំឡៃ​វិសេស​នៅ​ចំពោះ​ព្រះ ដ្បិត​ពី​ដើម ពួក​ស្រីៗ បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តែង​ខ្លួន​យ៉ាង​ដូច្នោះ ទាំង​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​ដែរ ដូច​ជា​នាង​សារ៉ា​បាន​ចុះ​ចូល​នឹង​លោក​អ័ប្រា‌ហាំ ព្រម​ទាំង​ហៅ​លោក​ជា​ម្ចាស់​ផង ឯ​អ្នក​រាល់​គ្នា ក៏​បាន​ត្រឡប់​ជា​ពូជ​នាង​នោះ ដោយ​បាន​ប្រព្រឹត្ត​ល្អ ឥត​ភិត‌ភ័យ​នឹង​សេចក្ដី​ស្ញែង​ខ្លាច​ណា​ឡើយ ឯ​ពួក​ប្រុសៗ នោះ​ក៏​ត្រូវ​នៅ​ជា​មួយ​នឹង​ប្រពន្ធ​ដោយ​ប្រាជ្ញា​ដែរ ដូច​នឹង​គ្រឿង​ភាជនៈ​ដែល​ខ្សោយ​ជាង គឺ​ជា​មនុស្ស​ស្រី ព្រម​ទាំង​រាប់​អាន​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មរដក​ជា​មួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​បង្អាក់ ដល់​សេចក្ដី​អធិស្ឋាន​របស់​អ្នក​រាល់​គ្នា​ឡើយ។ ក្រោយ​បង្អស់​នេះ ចូរ​ឲ្យ​គ្រប់​គ្នា​មាន​គំនិត​តែ​១ ព្រម​ទាំង​មាន​ចិត្ត​អាណិត‌អាសូរ ហើយ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន នឹង​មាន​ចិត្ត​ទន់​សន្តោស ហើយ​សុភាព ឥត​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់ ឬ​ពាក្យ​ប្រមាថ​ស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ គឺ​ត្រូវ​ឲ្យ​ពរ​វិញ ដោយ​ដឹង​ថា ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា មក​ឯ​សេចក្ដី​នោះ​ឯង ដើម្បី​ឲ្យ​បាន​ព្រះ‌ពរ​ទុក​ជា​មរដក ដ្បិត​«អ្នក​ណា​ដែល​ចូល​ចិត្ត​ចង់​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ដ៏​ល្អ នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ពី​សេចក្ដី​អាក្រក់​ចេញ ហើយ​បបូរ​មាត់​ក៏​ដែរ កុំ​ឲ្យ​ពោល​ពាក្យ​ប្រកប​ដោយ​ឧបាយ‌កល​ឡើយ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ប្រយោជន៍​ឲ្យ​បាន​ធ្វើ​ការ​ល្អ​វិញ ត្រូវ​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រី‌ភាព ពី​ព្រោះ​ព្រះ‌នេត្រ​នៃ​ព្រះ‌អម្ចាស់ តែង​ទត​មក​លើ​មនុស្ស​សុចរិត ឯ​ព្រះ‌កាណ៌​ទ្រង់​ក៏​ផ្ទៀង​ស្តាប់​ពាក្យ​ទូល​អង្វរ​របស់​គេ តែ​ព្រះ‌ភក្ត្រ ព្រះ‌អម្ចាស់​តែង​ទាស់​ទទឹង​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​វិញ»។

ចែក​រំលែក
អាន ១ ពេត្រុស 3