១ ពង្សាវតារក្សត្រ 22:41-53

១ ពង្សាវតារក្សត្រ 22:41-53 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យេ‌ហូសា‌ផាត ជា​កូន​អេសា បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​បួន ក្នុង​រាជ្យ​ព្រះ​បាទ​អ័ហាប់ ជា​ស្តេច​អ៊ីស្រា‌អែល។ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​ព្រះ‌ជន្ម​សាមសិប​ប្រាំ​ឆ្នាំ ពេល​ឡើង​សោយ‌រាជ្យ ទ្រង់សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ម្ភៃប្រាំ​ឆ្នាំ។ មាតា​ទ្រង់ គឺ​ព្រះ‌នាង​អ័ស៊ូ‌បា បុត្រី​ស៊ីល‌ហ៊ី។ ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែ មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​ប្រជាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ។ យេ‌ហូសា‌ផាត​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រា‌អែល​ដែរ។ រីឯកិច្ច​ការ​ឯ​ទៀត​ពី​យេ‌ហូសា‌ផាត និង​អំណាច​ដែល​ទ្រង់​បាន​សម្ដែង ហើយ​ពី​ការ​សង្គ្រាម តើ​មិន​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ឬ​ទេ? ឯ​សំណល់​ពួក​រួម​សង្វាស់​ភេទ​ដូច​គ្នា ដែល​នៅ​សល់​ពី​ក្នុង​រាជ្យ​អេសា ជា‌បិតា ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក។ គ្រា​នោះ នៅ​ស្រុក​អេដុម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​តំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ។ យេ‌ហូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ។ ពេល​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យេ‌ហូសា‌ផាត​ថា៖ «សូម​ឲ្យ​ពួក​បម្រើ​ទូល‌បង្គំ បាន​ចុះ​នាវា​ទៅ​ជា‌មួយ​ពួក​បម្រើ​ទ្រង់​ផង»។ ប៉ុន្តែ យេ‌ហូសា‌ផាត​មិន​ព្រម​ទេ។ យេ‌ហូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា‌មួយ​បុព្វ‌បុរស ក្នុង​ក្រុង​របស់​ដាវីឌ ជា​បុព្វបុរស រួច​យេ‌ហូរ៉ាម ជា​‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ចាប់​ផ្ដើម​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល នៅ​ក្រុង​សាម៉ារី ក្នុង​ឆ្នាំ​ទី​ដប់ប្រាំ​ពីរ​នៃ​រាជ្យ​យេ‌ហូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល​បាន​ពីរ​ឆ្នាំ។ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា គឺ​បាន​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្ដាល​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ដែរ។ ទ្រង់​បាន​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ​បង្គំ​ព្រះ‌បាល ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល មាន​សេចក្ដី​ក្រោធ ដូច​ជា​បិតា​បាន​ធ្វើ​ដែរ។:៚

១ ពង្សាវតារក្សត្រ 22:41-53 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ​របស់​ព្រះ‌បាទ​អេសា បាន​ឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​ឡើង​គ្រង​រាជ្យ​នោះ ទ្រង់​មាន​ជន្មាយុ‌សាម‌សិប‌ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អស៊ូ‌បា ជា​កូន​របស់​លោក​ស៊ីល‌ហ៊ី។ ព្រះ‌បាទ​យ៉ូសា‌ផាត​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា ជា​បិតា ដោយ​មិន​ងាក‌រេ​ឡើយ ស្ដេច​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ប៉ុន្តែ ទ្រង់​ពុំ​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​ទេ គឺ​ប្រជា‌ជន​នៅ​តែ​នាំ​គ្នា​ថ្វាយ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប​នៅ​តាម​កន្លែង​នោះ​ដដែល។ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។ រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូសា‌ផាត គឺ​វីរ‌ភាព​ដ៏​អង់‌អាច​ក្នុង​កិច្ចការ​ដែល​ស្ដេច​បាន​ធ្វើ និង​ក្នុង​សង្គ្រាម សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ ស្ដេច​បាន​កម្ចាត់​ប្រុសៗ​ទាំង​ប៉ុន្មាន​ដែល​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ្យ​សក្ការៈ គឺ​ពួក​ដែល​នៅ​សេស‌សល់​ពី​ជំនាន់​ព្រះ‌បាទ​អេសា ជា​បិតា។ គ្រា​នោះ នៅ​ស្រុក​អេដុម គ្មាន​ស្ដេច​សោយ​រាជ្យ​ទេ គឺ​មាន​តែ​រាជ​ប្រតិភូ​ម្នាក់ ដែល​ស្ដេច​យូដា​តែង‌តាំង។ ព្រះ‌បាទ​យ៉ូសា‌ផាត​បាន​ឲ្យ​គេ​សង់​សំពៅ​ធំៗ ដើម្បី​ទៅ​ស្វែង​រក​មាស​នៅ​ស្រុក​អូភារ ប៉ុន្តែ គម្រោង‌ការ​នេះ​ពុំ​បាន​សម្រេច​ទេ ព្រោះ​សំពៅ​ទាំង​នោះ​លិច​នៅ​ក្រុង​អេស៊ាន-‌គេប៊ើរ។ ពេល​នោះ ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌បាទ​យ៉ូសា‌ផាត​ថា៖ «សូម​ឲ្យ​រាជ‌បម្រើ​របស់​ទូលបង្គំ ចុះ​សំពៅ​ទៅ​ជា​មួយ​រាជ‌បម្រើ​របស់​ព្រះ‌ករុណា​ផង!»។ ប៉ុន្តែ ព្រះ‌បាទ​យ៉ូសា‌ផាត​ពុំ​យល់​ព្រម​ឡើយ។ កាល​ព្រះ‌បាទ​យ៉ូសា‌ផាត​សោយ​ទិវង្គត គេ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្រុង​សា‌ម៉ារី ទ្រង់​សោយ​រាជ្យ​បាន​ពីរ​ឆ្នាំ នៅ​ស្រុក​អ៊ីស្រា‌អែល។ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ស្ដេច​ដើរ​តាម​ផ្លូវ​របស់​បិតា និង​មាតា ព្រម​ទាំង​ផ្លូវ​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត ដែល​នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប។ ព្រះ‌បាទ​អហា‌ស៊ីយ៉ា​បាន​គោរព​ថ្វាយ‌បង្គំ​ព្រះ​បាល ដូច​បិតា​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ទ្រង់​ព្រះ‌ពិរោធ។

១ ពង្សាវតារក្សត្រ 22:41-53 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ឆ្នាំ​ទី​៤ ក្នុង​រាជ្យ​អ័ហាប់ ស្តេច​អ៊ីស្រាអែល នោះ​យ៉ូសា‌ផាត ជា​កូន​អេសា ក៏​ចាប់​តាំង​សោយ‌រាជ្យ​ឡើង​លើ​ស្រុក​យូដា កាល​យ៉ូសា‌ផាត​ចាប់​តាំង​សោយ‌រាជ្យ នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​អ័ស៊ូបា បុត្រី​ស៊ីលហ៊ី ទ្រង់​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ គឺ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ប៉ុន្តែមិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ទេ ពួក​បណ្តាជន​គេ​នៅ​តែ​ថ្វាយ​យញ្ញ‌បូជា ហើយ​ដុត​កំញាន​នៅ​លើ​ទី​ខ្ពស់​ទាំង​នោះ​នៅ​ឡើយ យ៉ូសា‌ផាត​ទ្រង់​ក៏​បាន​ចង​ស្ពាន​មេត្រី​នឹង​ស្តេច​អ៊ីស្រាអែល​ដែរ។ រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសា‌ផាត នឹង​អំណាច​ដែល​ទ្រង់​បាន​សំដែង ហើយ​ពី​ការ​សង្គ្រាម​របស់​ទ្រង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ ឯ​សំណល់​ពួក​កូន​ជឹង ដែល​នៅ​សល់ ពី​ក្នុង​រាជ្យ​អេសា ជា​ព្រះ‌បិតា នោះ​ទ្រង់​ក៏​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ គ្រា​នោះ នៅ​ស្រុក​អេដំម​គ្មាន​ស្តេច​ទេ មាន​តែ​អ្នក​ដំណាង​រាជ‌ការ ដែល​កាន់‌កាប់​ត្រួត‌ត្រា​ប៉ុណ្ណោះ យ៉ូសា‌ផាត​ក៏​បាន​ធ្វើ​ក្រុម​នាវា​តើស៊ីស ដើម្បី​នឹង​ទៅ​យក​មាស​ពី​ស្រុក​អូភារ​មក តែ​នាវា​ទាំង​នោះ​មិន​បាន​ចេញ​ទៅ​ទេ ពី​ព្រោះ​ត្រូវ​បាក់​បែក​ទាំង​អស់ នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ​វិញ គ្រា​នោះ អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ក៏​ទូល​ដល់​យ៉ូសា‌ផាត​ថា សូម​ឲ្យ​ពួក​បំរើ​ទូលបង្គំ បាន​ចុះ​នាវា​ទៅ​ជា​មួយ​នឹង​ពួក​បំរើ​ទ្រង់​ផង តែ​យ៉ូសា‌ផាត​ទ្រង់​មិន​ព្រម​ទេ រួច​មក​យ៉ូសា‌ផាត​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ ក្នុង​ក្រុង​របស់​ដាវីឌ ជា​ឰយុកោ រួច​យ៉ូរ៉ាម ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ ឯ​អ័ហា‌ស៊ីយ៉ា ជា​បុត្រ​អ័ហាប់ ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី លើ​ពួក​អ៊ីស្រាអែល ក្នុង​ឆ្នាំ​ទី​១៧​នៃ​រាជ្យ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រាអែល​បាន​២​ឆ្នាំ ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ក៏​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌បិតា នឹង​ព្រះ‌មាតា​ទ្រង់ ហើយ​តាម​ផ្លូវ​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​នោះ​ដែរ ទ្រង់​បាន​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌បាល ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល មាន​សេចក្ដី​ក្រោធ ដូច​ជា​ព្រះ‌បិតា​បាន​ធ្វើ​ដែរ។:៚