យេហូសាផាត ជាកូនអេសា បានឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីបួន ក្នុងរាជ្យព្រះបាទអ័ហាប់ ជាស្តេចអ៊ីស្រាអែល។ ព្រះបាទយេហូសាផាតមានព្រះជន្មសាមសិបប្រាំឆ្នាំ ពេលឡើងសោយរាជ្យ ទ្រង់សោយរាជ្យនៅក្រុងយេរូសាឡិមបានម្ភៃប្រាំឆ្នាំ។ មាតាទ្រង់ គឺព្រះនាងអ័ស៊ូបា បុត្រីស៊ីលហ៊ី។ ទ្រង់ក៏ដើរតាមគ្រប់ទាំងផ្លូវរបស់អេសា ជាបិតាទ្រង់ ឥតងាកបែរចេញឡើយ គឺបានប្រព្រឹត្តសេចក្ដីដែលត្រឹមត្រូវនៅព្រះនេត្រព្រះយេហូវ៉ា ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចេញទេ ពួកប្រជាជនគេនៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ យេហូសាផាតក៏បានចងស្ពានមេត្រីនឹងស្តេចអ៊ីស្រាអែលដែរ។ រីឯកិច្ចការឯទៀតពីយេហូសាផាត និងអំណាចដែលទ្រង់បានសម្ដែង ហើយពីការសង្គ្រាម តើមិនបានកត់ទុកក្នុងសៀវភៅ ជាពង្សាវតាររបស់ពួកស្តេចយូដាឬទេ? ឯសំណល់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅសល់ពីក្នុងរាជ្យអេសា ជាបិតា ទ្រង់ក៏បណ្តេញគេចេញពីស្រុក។ គ្រានោះ នៅស្រុកអេដុមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ។ យេហូសាផាតក៏បានធ្វើក្រុមនាវាតើស៊ីស ដើម្បីទៅយកមាសពីស្រុកអូភារមក តែនាវាទាំងនោះមិនបានចេញទៅទេ ព្រោះត្រូវបាក់បែកទាំងអស់ នៅត្រង់ក្រុងអេស៊ាន-គេប៊ើរ។ ពេលនោះ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ក៏ទូលដល់យេហូសាផាតថា៖ «សូមឲ្យពួកបម្រើទូលបង្គំ បានចុះនាវាទៅជាមួយពួកបម្រើទ្រង់ផង»។ ប៉ុន្តែ យេហូសាផាតមិនព្រមទេ។ យេហូសាផាតក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរស ក្នុងក្រុងរបស់ដាវីឌ ជាបុព្វបុរស រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ អ័ហាស៊ីយ៉ា ជាបុត្រអ័ហាប់ ចាប់ផ្ដើមសោយរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក្នុងឆ្នាំទីដប់ប្រាំពីរនៃរាជ្យយេហូសាផាត ជាស្តេចយូដា ក៏សោយរាជ្យលើពួកអ៊ីស្រាអែលបានពីរឆ្នាំ។ ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺបានដើរតាមផ្លូវរបស់បិតា និងមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ។ ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ ដូចជាបិតាបានធ្វើដែរ។:៚
អាន ១ ពង្សាវតារក្សត្រ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 22:41-53
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ