១ ពង្សាវតារក្សត្រ 12:16-33

១ ពង្សាវតារក្សត្រ 12:16-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ ព្រះបាទ​រេហូ‌បោម​គ្រប់​គ្រង​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​ពួក​យូដា។ រួច​មក​ស្តេច​រេហូ‌បោម​ចាត់​អ័ដូ‌រ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​យក​ដុំ​ថ្ម​គប់​លោក​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។ គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ពេល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ពន័្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​ព្រះបាទ​សាឡូម៉ូន​វិញ ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេនយ៉ាមីន ហើយ​ប្រជា​ជន​ឯ​ទៀត​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ផ្ទះ​របស់​អ្នក​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​យើង​បាន​បង្កើត​ឡើង"»។ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក យេរ៉ូ‌បោម​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត។ យេរ៉ូ‌បោម​ទ្រង់​ព្រះ‌តម្រិះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ ប្រសិន‌បើ​ប្រជាជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សម្លាប់​យើង​ចោល ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា»។ ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ស្ដេច​ក៏​តម្កល់​ទុក​មួយ​នៅ​ក្រុង​បេត-អែល ហើយ​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ដំណើរ​នេះ​ត្រឡប់​ជា​មាន​បាប ដ្បិត​ប្រជា​ជន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​រូប​មួយ​នោះ ដែល​នៅ​ក្រុង​ដាន់។ ស្ដេច​ក៏​សង់​វិហារ​នៅ​លើ​ទី​ខ្ពស់ៗ ហើយ​បាន​យក​មនុស្ស​ពីចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។ ដល់​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ជា​វេលា​ដែល​ទ្រង់​បាន​គិត​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ហើយ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនា។

១ ពង្សាវតារក្សត្រ 12:16-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម‌ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង ព្រះ‌បាទ​ដាវីឌ​ទេ! ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។ រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់ លំនៅ​របស់​ខ្លួន​វិញ។ ព្រះ‌បាទ​រេហូបោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ព្រះ‌បាទ​រេហូបោម​ចាត់​លោក​អដូ‌រ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន ឲ្យ​ទៅ​ជួប​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះ‌បាទ​រេហូបោម​ក៏​ប្រញាប់‌ប្រញាល់​ឡើង​រាជ‌រថ ភៀស​ខ្លួន​ចូល​ក្រុង​យេរូ‌សាឡឹម​វិញ។ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូ‌បោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួប‌ជុំ​គ្នា ហើយ​ចាត់​មនុស្ស​ឲ្យ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិ‌សេក​លោក​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល។ មាន​តែ​កុល‌សម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ។ ពេល​ព្រះ‌បាទ​រេហូបោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ទ្រង់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រា‌អែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រេហូបោម ជា​បុត្រ​របស់​ព្រះ‌បាទ​សាឡូម៉ូន​វិញ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖ «ចូរ​ប្រាប់​រេហូបោម បុត្រ​សាឡូម៉ូន ជា​ស្ដេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ី‌គែម​ទៅ​សង់​ក្រុង​ពេនួល។ ព្រះ‌បាទ​យេរ៉ូ‌បោម​រិះគិត​ថា៖ «យោងតាម​សភាព​ការណ៍​ពេល​នេះ អាណា‌ចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​មិន​ខាន។ ប្រសិន​បើ​ប្រជា‌ជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយ‌យញ្ញ‌បូជា​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា​មិន​ខាន»។ ស្ដេច​បាន​រិះគិត​អំពី​មធ្យោ‌បាយ​មួយ គឺ​ឲ្យ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រា‌អែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ ស្ដេច​តម្កល់​រូប​គោ​មួយ​នៅ​បេត‌អែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ស្ដេច​បាន​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជា‌ជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។ ព្រះ‌បាទ​យេរ៉ូ‌បោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជា‌ជន ដែល​មិន​មែន​ជា​ពួក​លេវី ឲ្យ​ធ្វើ​ជា​បូជា‌ចារ្យ*។ ព្រះ‌បាទ​យេរ៉ូ‌បោម​បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ទី​ប្រាំ​បី សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្ដេច​យាង​ទៅ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ។ ស្ដេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេត‌អែល​ដែរ គឺ​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​រូប​គោ​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជា‌ចារ្យ​ដែល​ស្ដេច​តែង‌តាំង សម្រាប់​បម្រើ​ការ‌ងារ​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ ឲ្យ​មក​បម្រើ​ការ​នៅ​បេត‌អែល​ផង។ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្ដេច​កំណត់​ខ្លួន​ឯង ទ្រង់​យាង​ទៅ​អាសនៈ​ដែល​ទ្រង់​បាន​សង់​នៅ​បេត‌អែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល។ ក្នុង​ឱកាស​នោះ ស្ដេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។

១ ពង្សាវតារក្សត្រ 12:16-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ​ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែលក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ ឯ​ត្រង់​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យូដា នោះ​រេហូ‌បោម​បាន​គ្រង​រាជ្យ​លើ​គេ​វិញ រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ចាត់​អ័ដូរ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​គេ​ចោល​លោក​នឹង​ថ្ម​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ នឹង​ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រាអែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គ្រា​នោះ កាល​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ទៅ​អញ្ចើញ​លោក​មក​ក្នុង​ជំនុំ​គេ រួច​គេ​តាំង​លោក​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រាអែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជវង្ស​របស់​ដាវីឌ​ឡើយ មាន​តែ​ពូជ​អំបូរ​យូដា​១​ប៉ុណ្ណោះ។ លុះ​កាល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម នោះ​ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ នឹង​ពូជ​អំបូរ​បេន‌យ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​១​សែន​៨​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចំបាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រាអែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​សាឡូម៉ូន​វិញ ប៉ុន្តែព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា នឹង​បេន‌យ៉ាមីន ហើយ​នឹង​ពួក​ជន​ឯ​ទៀត​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​កុំ​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ឯ​ផ្ទះ​របស់​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​អញ​បាន​បង្កើត​ឡើង​ទេ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទៅ។ ក្រោយ​នោះ​មក យេរ៉ូ‌បោម​ទ្រង់​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រា‌អិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត យេរ៉ូ‌បោម​ទ្រង់​ព្រះ‌ដំរិះ​ក្នុង​ព្រះ‌ទ័យ​ថា រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ បើ‌សិន​ជា​បណ្តាជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់ ទៅ​ឯ​ចៅហ្វាយ​គេ​វិញ​គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សំឡាប់​អញ​បង់ ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា ដូច្នេះ ស្តេច​ទ្រង់​ក៏​ជំនុំ​ការ រួច​ធ្វើ​រូប​កូន​គោ​មាស​២ ហើយ​មាន​បន្ទូល​ថា ឱ​អ៊ីស្រាអែល​អើយ ឯង​រាល់​គ្នា​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ជា​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល នេះ​នែ ព្រះ​របស់​ឯង ដែល​បាន​នាំ​ឯង​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ទ្រង់​ក៏​ដំកល់​ទុក​១​នៅ​ក្រុង​បេត-អែល ហើយ​១​ទៀត​នៅ​ក្រុង​ដាន់ ដំណើរ​នោះ​ក៏​ត្រឡប់​ជា​ហេតុ​ឲ្យ​មាន​បាប​ឡើង ពី​ព្រោះ​ពួក​ជន​ទាំង‌ឡាយ គេ​ខំ​ទៅ​ថ្វាយ‌បង្គំ នៅ​ចំពោះ​រូប​១​នោះ ដែល​នៅ​ក្រុង​ដាន់ ទ្រង់​ក៏​ស្អាង​វិហារ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​បាន​យក​មនុស្ស​ពី​បណ្តាជន​ទាំង‌ឡាយ ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ រួច​ទ្រង់​ដំរូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​១៥​ខែ​កត្តិក ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សំរាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល ដល់​ថ្ងៃ​១៥ ខែ​កត្តិក ជា​វេលា​ដែល​ទ្រង់​បាន​គិត​សំរេច​ក្នុង​ព្រះ‌ទ័យ​ហើយ នោះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ នៅ​លើ​អាសនា​ផង។