១ ពង្សាវ‌តារ‌ក្សត្រ 12:16-33

១ ពង្សាវ‌តារ‌ក្សត្រ 12:16-33 គកស១៦

កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​ឆ្លើយ​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ ព្រះបាទ​រេហូ‌បោម​គ្រប់​គ្រង​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ទី​ក្រុង​នានា​ក្នុង​ស្រុក​ពួក​យូដា។ រួច​មក​ស្តេច​រេហូ‌បោម​ចាត់​អ័ដូ‌រ៉ាម ដែល​ត្រួត​លើ​ពួក​កំណែន​ឲ្យ​ទៅ តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​យក​ដុំ​ថ្ម​គប់​លោក​ឲ្យ​ស្លាប់​ទៅ ដូច្នេះ ស្តេច​រេហូ‌បោម​ក៏​ប្រញាប់‌ប្រញាល់ ឡើង​ព្រះ‌រាជ‌រថ​រត់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម។ គឺ​យ៉ាង​នោះ ដែល​ពួក​អ៊ីស្រា‌អែល​បាន​បះ‌បោរ​នឹង​រាជ្យ​វង្ស​របស់​ដាវីឌ​រហូត​ដល់​សព្វ​ថ្ងៃ។ គ្រា​នោះ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ឮ​ថា យេរ៉ូ‌បោម​បាន​ត្រឡប់​មក​វិញ​ហើយ នោះ​ក៏​ចាត់​គ្នា​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គ្មាន​អ្នក​ណា​បាន​តាម​ព្រះ‌រាជ្យ​របស់​ដាវីឌ​ឡើយ មាន​តែ​កុល‌សម្ពន័្ធ​យូដា​មួយ​ប៉ុណ្ណោះ។ ពេល​រេហូ‌បោម​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ប្រមូល​ពូជ‌ពង្ស​យូដា​ទាំង​អស់ និង​កុល‌សម្ពន័្ធ​បេនយ៉ាមីន រួម​ទាំង​អស់​បាន​ប្រុសៗ​មួយ​សែន​ប្រាំបី​ម៉ឺន​នាក់ សុទ្ធ​តែ​ជា​អ្នក​ជ្រើស‌រើស ហើយ​ថ្នឹក​ចម្បាំង ដើម្បី​លើក​ទៅ​ច្បាំង​នឹង​ពួក​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដោយ​ប្រាថ្នា​ចង់​បង្វិល​រាជ្យ​មក​ឲ្យ​រេហូ‌បោម ជា​កូន​ព្រះបាទ​សាឡូម៉ូន​វិញ ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «ចូរ​ប្រាប់​ដល់​រេហូ‌បោម ជា​កូន​សាឡូម៉ូន ស្តេច​ស្រុក​យូដា ព្រម​ទាំង​ពូជ‌ពង្ស​យូដា និង​បេនយ៉ាមីន ហើយ​ប្រជា​ជន​ឯ​ទៀត​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ផ្ទះ​របស់​អ្នក​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​យើង​បាន​បង្កើត​ឡើង"»។ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។ ក្រោយ​មក យេរ៉ូ‌បោម​សង់​ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម រួច​ទ្រង់​គង់​នៅ​ទី​នោះ ហើយ​ចេញ​ពី​ទី​នោះ​ទៅ​សង់​ក្រុង​ពេនួល​ទៀត។ យេរ៉ូ‌បោម​ទ្រង់​ព្រះ‌តម្រិះ​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «រាជ្យ​នេះ​នឹង​ត្រឡប់​ទៅ​ឯ​រាជ‌វង្ស​ដាវីឌ​វិញ ប្រសិន‌បើ​ប្រជាជន​ទាំង​នេះ ចេះ​តែ​ឡើង​ទៅ​ថ្វាយ​យញ្ញ‌បូជា ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នោះ​ចិត្ត​គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​គេ​វិញ គឺ​ឯ​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា គេ​នឹង​សម្លាប់​យើង​ចោល ហើយ​ត្រឡប់​ទៅ​គោរព​តាម​រេហូ‌បោម ជា​ស្តេច​ស្រុក​យូដា»។ ដូច្នេះ ស្ដេច​ក៏មាន​គំនិត​ធ្វើ​រូប​កូន​គោ​មាស​ពីរ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជាជន ថា៖ «ឱ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​យូរ​ណាស់​ហើយ ឥឡូវ​នេះ មើល៍! នេះ​នែ ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​រាល់​គ្នា ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក»។ ស្ដេច​ក៏​តម្កល់​ទុក​មួយ​នៅ​ក្រុង​បេត-អែល ហើយ​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ដំណើរ​នេះ​ត្រឡប់​ជា​មាន​បាប ដ្បិត​ប្រជា​ជន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​រូប​មួយ​នោះ ដែល​នៅ​ក្រុង​ដាន់។ ស្ដេច​ក៏​សង់​វិហារ​នៅ​លើ​ទី​ខ្ពស់ៗ ហើយ​បាន​យក​មនុស្ស​ពីចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពូជ​លេវី តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។ ដល់​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ជា​វេលា​ដែល​ទ្រង់​បាន​គិត​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ហើយ ទ្រង់​ក៏​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា​នោះ ដែល​ទ្រង់​បាន​ស្អាង នៅ​ក្រុង​បេត-អែល ហើយ​ទ្រង់​ក៏​តាំង​ថ្ងៃ​នោះ ទុក​ជា​ថ្ងៃ​បុណ្យ​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួច​ទ្រង់​ឡើង​ទៅ​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនា។