១ កូរិនថូស 5:1-12
១ កូរិនថូស 5:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន តែអ្នករាល់គ្នានៅតែមានឫកធំ! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខ ហើយដកជនដែលប្រព្រឹត្តការនោះ ចេញពីចំណោមអ្នករាល់គ្នាទេឬ? ដ្បិតទោះជាខ្ញុំមិននៅជាមួយអ្នករាល់គ្នាខាងរូបកាយមែន តែវិញ្ញាណរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នា ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តដូច្នោះរួចហើយ គឺដូចជាខ្ញុំនៅជាមួយគ្នាអ្នករាល់គ្នាដែរ ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ពេលអ្នករាល់គ្នាជួបប្រជុំគ្នា ហើយវិញ្ញាណខ្ញុំនៅទីនោះ ទាំងមានព្រះចេស្តារបស់ព្រះអម្ចាស់យេស៊ូវនៃយើងគង់ជាមួយ អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។ អំនួតរបស់អ្នករាល់គ្នាមិនល្អទេ! តើអ្នករាល់គ្នាមិនដឹងថា ដំបែតែបន្តិចអាចធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬ? ចូរសម្អាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាជាម្សៅឥតដំបែហើយ ព្រោះព្រះគ្រីស្ទ ជាកូនចៀមបុណ្យរំលង នោះត្រូវបានថ្វាយជាយញ្ញបូជាជំនួសយើងរួចហើយ។ ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។ ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរប្រាប់អ្នករាល់គ្នាកុំឲ្យភប់ប្រសព្វជាមួយមនុស្សសហាយស្មន់ឡើយ តែពាក្យនេះមិនសំដៅលើមនុស្សសហាយស្មន់ទួទៅក្នុងលោកនេះ មនុស្សលោភលន់ មនុស្សបោកប្រាស់ ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះមែន មានតែចេញឲ្យផុតពីលោកនេះទៅ។ ប៉ុន្តែ ពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នា កុំឲ្យភប់ប្រសព្វជាមួយអ្នកណាដែលហៅខ្លួនថាជាបងប្អូន តែជាមនុស្សសហាយស្មន់ លោភលន់ ថ្វាយបង្គំរូបព្រះ ជេរប្រមាថ ប្រមឹក ឬបោកបា្រស់ឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយជនប្រភេទនោះផង។ ដ្បិតតើត្រូវឲ្យខ្ញុំជំនុំជម្រះអស់អ្នកដែលនៅខាងក្រៅធ្វើអ្វី? តើអ្នករាល់គ្នាមិនជំនុំជម្រះអស់អ្នកដែលនៅខាងក្នុងទេឬ?
១ កូរិនថូស 5:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ ប៉ុណ្ណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិននាំគ្នាកាន់ទុក្ខ ដកជនដែលប្រព្រឹត្តអំពើថោកទាបនោះ ចេញពីចំណោមបងប្អូនទៅ!។ ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូន តែវិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ វិញ្ញាណខ្ញុំក៏នៅជាមួយ ហើយឫទ្ធានុភាពរបស់ព្រះអង្គក៏ស្ថិតនៅជាមួយដែរ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារ*សាតាំង ដើម្បីឲ្យរូបកាយរបស់គាត់វិនាស តែវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃព្រះអម្ចាស់យាងមក។ បងប្អូនមិនគួរអួតខ្លួនសោះឡើយ! បងប្អូនមិនជ្រាបទេឬ “មេតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន!”។ សូមបងប្អូនជម្រះខ្លួនឲ្យបរិសុទ្ធ*ផុតពីមេម្សៅចាស់នោះទៅ ដើម្បីឲ្យបងប្អូនបានទៅជាម្សៅថ្មី ដែលគ្មានមេ ដ្បិតគេបានសម្លាប់ព្រះគ្រិស្តធ្វើជាយញ្ញបូជារបស់យើង ក្នុងឱកាសបុណ្យចម្លង* រួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។ ក្នុងសំបុត្ររបស់ខ្ញុំ ខ្ញុំបានសរសេរមកជម្រាបបងប្អូនថា កុំទាក់ទងនឹងអ្នកដែលប្រព្រឹត្តកាមគុណថោកទាប ឲ្យសោះ។ ខ្ញុំនិយាយដូច្នេះ មិនមែនសំដៅទៅលើអ្នកដែលប្រព្រឹត្តកាមគុណថោកទាបទួទៅក្នុងលោកនេះ ឬសំដៅទៅលើអ្នកលោភលន់ចង់បានទ្រព្យគេ អ្នកប្លន់យកទ្រព្យគេ ឬអ្នកថ្វាយបង្គំព្រះក្លែងក្លាយនោះឡើយ បើដូច្នេះមានតែចាកចេញពីលោកនេះ! ខ្ញុំសរសេរមកបងប្អូន ដើម្បីកុំឲ្យបងប្អូនទាក់ទងនឹងអស់អ្នកដែលមានឈ្មោះថាជាគ្រិស្តបរិស័ទ ហើយបែរជាប្រព្រឹត្តកាមគុណថោកទាប មានចិត្តលោភលន់ចង់បានទ្រព្យគេ ថ្វាយបង្គំព្រះក្លែងក្លាយ ជេរប្រមាថគេ ប្រមឹក ឬប្លន់យកទ្រព្យគេ។ មួយវិញទៀត សូមកុំបរិភោគរួមជាមួយជនប្រភេទនេះឡើយ។ ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង!
១ កូរិនថូស 5:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានឮរន្ទឺសុលសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម្យ៉ាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថា មានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ ឯខ្ញុំ ទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ គឺក្នុងកាលដែលអ្នករាល់គ្នា នឹងវិញ្ញាណខ្ញុំបានប្រជុំគ្នា ព្រមទាំងមានព្រះចេស្តានៃព្រះអម្ចាស់យេស៊ូវនៃយើងផង នោះខ្ញុំបានកាត់ទោសអ្នកនោះ ដោយនូវព្រះនាមព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ សេចក្ដីអំនួតរបស់អ្នករាល់គ្នាមិនល្អទេ តើមិនដឹងថា ដំបែតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬអី ចូរសំអាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នករាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្ដីអាក្រក់ នឹងសេចក្ដីកំណាចនោះទៀតឡើយ។ ខ្ញុំបានធ្វើសំបុត្រផ្ញើមកប្រាប់អ្នករាល់គ្នាថា កុំឲ្យភប់ប្រសព្វនឹងមនុស្សកំផិតឡើយ តែពាក្យនោះមិនសំដៅចំពោះមនុស្សកំផិតរបស់ផងលោកីយនេះ ឬមនុស្សលោភ មនុស្សប្លន់កំហែង ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះ នោះត្រូវតែចេញឲ្យផុតពីលោកីយនេះទៅ គឺខ្ញុំបានសរសេរមកអ្នករាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិត ឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹក ឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង ដ្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជំរះដល់មនុស្សខាងក្រៅ តើអ្នករាល់គ្នាមិនជំនុំជំរះមនុស្សក្នុងពួកជំនុំទេឬអី