១ កូរិនថូស 16:9-17
១ កូរិនថូស 16:9-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមានទ្វារយ៉ាងធំបានបើកចំហរ សម្រាប់ឲ្យខ្ញុំបំពេញការងារយ៉ាងមានប្រសិទ្ធភាព ហើយក៏មានអ្នកប្រឆាំងជាច្រើនដែរ។ ប្រសិនបើធីម៉ូថេមកដល់ សូមរាក់ទាក់ទទួល កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ដូចខ្ញុំដែរ ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់ឡើយ តែត្រូវជួយគាត់ឲ្យបន្តដំណើរដោយសុខសាន្ត ដើម្បីឲ្យគាត់បានមកជួបខ្ញុំ ដ្បិតខ្ញុំ និងពួកបងប្អូនកំពុងរង់ចាំគាត់។ រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។ ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ ត្រូវឲ្យអ្នករាល់គ្នាធ្វើគ្រប់ការទាំងអស់ ដោយសេចក្តីស្រឡាញ់។ បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។ ដូច្នេះ ខ្ញុំសូមដាស់តឿនឲ្យអ្នករាល់គ្នាចុះចូលនឹងមនុស្សបែបនេះចុះ ព្រមទាំងអស់អ្នកដែលធ្វើការនឿយហត់ រួមជាមួយបងប្អូនទាំងនោះផង។ ខ្ញុំត្រេកអរនឹងការមកដល់របស់លោកស្ទេផាណាស លោកភ័រទូណាតុស និងលោកអ័ខៃកុស ព្រោះអ្នកទាំងនោះបានបំពេញសេចក្ដីដែលអ្នករាល់គ្នាខកខាន
១ កូរិនថូស 16:9-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតទ្វារបើកចំហយ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។ ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើព្រះអម្ចាស់ដូចខ្ញុំដែរ។ ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្តដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្តផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។ រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។ ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។ ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។ បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្តបម្រើប្រជាជនដ៏វិសុទ្ធ។ ដូច្នេះ សូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។ ខ្ញុំសប្បាយចិត្ត ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ត
១ កូរិនថូស 16:9-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំ ហើយក៏មានពួកឃាត់ឃាំងជាច្រើនដែរ។ បើធីម៉ូថេមកឯអ្នករាល់គ្នា នោះចូរខំទំនុកបំរុងឲ្យគាត់នៅជាមួយផង កុំឲ្យគាត់ភ័យខ្លាចអ្វីឡើយ ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ ដូចជាខ្ញុំដែរ កុំឲ្យអ្នកណាមើលងាយគាត់ ត្រូវជូនដំណើរគាត់ទៅមុខ ដោយសុខសាន្ត ឲ្យគាត់បានទៅដល់ខ្ញុំផង ដ្បិតខ្ញុំនឹងចាំគាត់ជាមួយនឹងបងប្អូនឯទៀត ឯអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ តែគាត់មិនសុខចិត្តនឹងមកឥឡូវនេះទេ គឺនឹងមកក្នុងកាលដែលមានឱកាសស្រួល ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្ដីស្រឡាញ់។ បងប្អូនអើយ អ្នករាល់គ្នាស្គាល់ពួកផ្ទះស្ទេផាន៉ាស ថាគេជាផលដំបូងពីស្រុកអាខៃ ហើយថា គេបានតាំងខ្លួនគេ សំរាប់នឹងបំរើពួកបរិសុទ្ធ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យចុះចូលនឹងមនុស្សយ៉ាងនោះ ហើយនឹងអស់អ្នកដែលធ្វើការនឿយហត់ជាមួយនឹងយើងខ្ញុំផង ខ្ញុំអរណាស់ ដែលស្ទេផាន៉ាស ភ័រទូន៉ាតុស នឹងអ័ខៃកុស បានទៅដល់ខ្ញុំហើយ ដ្បិតសេចក្ដីណាដែលអ្នករាល់គ្នាខានធ្វើ នោះគេបានធ្វើបំពេញឡើង