១ កូរិនថូស 16:1-9

១ កូរិនថូស 16:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ គឺ​រាល់​ថ្ងៃ​ទីមួយ​ក្នុង​សប្ដាហ៍ ចូរ​អ្នក​រាល់​គ្នា​សន្សំ​ទុក​ដោយ​ឡែក​រៀងខ្លួន តាម​អ្វីៗ​ដែល​ព្រះ​បាន​ចម្រើន​ឲ្យ កុំ​ចាំ​ពេល​ខ្ញុំ​មក​ដល់ ទើប​រៃ​អង្គាស​នោះ​ឡើយ។ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត ឲ្យកា​ន់​សំបុត្រ ហើយ​យក​អំណោយ​របស់​អ្នក​រាល់​គ្នា​ទៅ​ក្រុង​យេរូ‌សាឡិម។ ប្រសិន‌បើ​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​ពួកគេ​នឹង​ធ្វើ​ដំណើរ​ជា​មួយ​ខ្ញុំ។ កាល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​ហើយ ខ្ញុំ​នឹង​មក​ជួប​អ្នក​រាល់​គ្នា (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ា‌សេ‌ដូន​សិន) ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។ ដ្បិត​ខ្ញុំ​មិន​ចង់​មក​ជួប​អ្នក​រាល់​គ្នា ត្រឹម​តែ​ពេល​ឆ្លង​កាត់​ឥឡូវ​នេះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា​មួយ​រយៈ ប្រសិន‌បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ។ ប៉ុន្តែ ខ្ញុំ​នឹង​ស្នាក់​នៅ​ក្រុង​អេភេ‌សូរ រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា​សិប ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ​បាន​បើក​ចំហរ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​ការ​ងារ​យ៉ាង​មាន​ប្រសិទ្ធ‌ភាព ហើយ​ក៏​មាន​អ្នក​ប្រឆាំង​ជា​ច្រើន​ដែរ។

១ កូរិនថូស 16:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ការ​រៃ​ប្រាក់​ផ្ញើ​ទៅ​ជូន​បងប្អូន​នៅ​យេរូ‌សាឡឹម​វិញ សូម​បងប្អូន​ចាត់​ចែង​ដូច​ខ្ញុំ​បាន​ផ្ដែ‌ផ្ដាំ​ដល់​ក្រុម‌ជំនុំ​នានា នៅ​ស្រុក​កាឡាទី​ដែរ គឺ​រាល់​ថ្ងៃ​អាទិត្យ សូម​បងប្អូន​យក​ប្រាក់​ទុក​ដោយ​ឡែក​នៅ​ផ្ទះ​ឲ្យ​ហើយ តាម​តែ​ម្នាក់ៗ​អាច​សន្សំ​បាន មិន​បាច់​ចាំ​ខ្ញុំ​មក​ដល់ ទើប​នាំ​គ្នា​រៃ​ប្រាក់​នោះ​ឡើយ។ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ចាត់​អស់​អ្នក​ដែល​បងប្អូន​ជ្រើស​រើស ឲ្យ​យក​អំណោយ​ទាន​នេះ ទៅ​ក្រុង​យេរូ‌សាឡឹម ទាំង​កាន់​សំបុត្រ​ទៅ​ជា​មួយ​ផង។ បើ​យល់​ឃើញ​ថា គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ​នោះ ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ។ ពេល​ណា​ខ្ញុំ​បាន​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន​រួច​ហើយ ខ្ញុំ​នឹង​មក​សួរ​សុខ​ទុក្ខ​បងប្អូន​ដែរ (ដ្បិត​ខ្ញុំ​ត្រូវ​តែ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន)។ ខ្ញុំ​ប្រហែល​ជា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន ឬ​ត្រូវ​នៅ​ជា​មួយ​បងប្អូន​ក្នុង​រដូវ​រងា​នេះ​ផង ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ លើក​នេះ ខ្ញុំ​មិន​ចង់​មក​ជួប​បងប្អូន ដោយ​គ្រាន់​តែ​ឆៀង​ចូល​មួយ‌ភ្លែត​នោះ​ទេ ប្រសិន​បើ​ព្រះ‌អម្ចាស់​អនុញ្ញាត​ឲ្យ ខ្ញុំ​សង្ឃឹម​ថា​នឹង​ស្នាក់​នៅ​ជា​មួយ​បងប្អូន​បាន​យូរ​ក្រែល​បន្តិច។ ប៉ុន្តែ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ក្រុង​អេភេសូ​នេះ​រហូត​ដល់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ដ្បិត​ទ្វារ​បើក​ចំហយ៉ាង​ធំ សម្រាប់​ឲ្យ​ខ្ញុំ​បំពេញ​កិច្ចការ​នៅ​ទី​នោះ ទោះ​បី​មាន​អ្នក​ប្រឆាំង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

១ កូរិនថូស 16:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សំរាប់​ពួក​បរិសុទ្ធ នោះ​ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ផ្តាំ​ទុក​ក្នុង​ពួក​ជំនុំ​នៅ​ស្រុក​កាឡាទី​ទាំង​ប៉ុន្មាន​ដែរ គឺ​រាល់​តែ​អាទិត្យ ក្នុង​ថ្ងៃ​ដំបូង នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ប្រមូល​ដាក់​ទុក​នូវ​អ្វីៗ​ដោយ‌ឡែក តាម​ដែល​ព្រះ​បាន​ចំរើន​ឲ្យ ដើម្បី​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​បាច់​នឹង​រៃ​ទៀត កាល​ណា​ខ្ញុំ​មក​ដល់ នោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ណា​ដែល​ពេញ​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​កាន់​សំបុត្រ នឹង​យក​ទេយ្យ‌ទាន​របស់​អ្នក​រាល់​គ្នា ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​បើ​សិន​ជា​គួរ​ឲ្យ​ខ្ញុំ​ទៅ​ដែរ នោះ​គេ​នឹង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង កាល​ណា​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន​ហើយ នោះ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា ដ្បិត​ខ្ញុំ​ត្រូវ​ដើរ​កាត់​ស្រុក​ម៉ាសេដូន​សិន ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជា​១​នឹង​អ្នក​រាល់​គ្នា​បន្តិច ឬ​អស់​១​រដូវ​រងា​ផង​ទេ​ដឹង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ ទៅ​ឯ​ទី​កន្លែង​ណា ដែល​ខ្ញុំ​នឹង​ទៅ​ត​ទៅ​មុន​ទៀត ដ្បិត​ខ្ញុំ​មិន​ចូល​ចិត្ត​មក​សួរ​អ្នក​រាល់​គ្នា​តាម​ផ្លូវ​ឥឡូវ​នេះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​បន្តិច បើ​សិន​ជា​ព្រះ‌អម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ ប៉ុន្តែ ខ្ញុំ​នឹង​នៅ​ក្រុង​អេភេសូរ ទាល់​តែ​ដល់​បុណ្យ​ថ្ងៃ​ទី​៥០ ដ្បិត​មាន​ទ្វារ​យ៉ាង​ធំ ហើយ​ស្រួល​បាន​បើក​ចំហ​ឲ្យ​ខ្ញុំ ហើយ​ក៏​មាន​ពួក​ឃាត់‌ឃាំង​ជា​ច្រើន​ដែរ។