១ កូរិនថូស 10:6-12
១ កូរិនថូស 10:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។ កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។ យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក ក៏មិនត្រូវរអ៊ូរទាំ ដូចពួកលោកខ្លះបានរអ៊ូរទាំ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ។ ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល
១ កូរិនថូស 10:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។ សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ» ។ យើងមិនត្រូវបណ្ដោយខ្លួនឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។
១ កូរិនថូស 10:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល