១ របាក្សត្រ 29:22-30

១ របាក្សត្រ 29:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។ នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់។ ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ ក៏​ចុះ​ចូល​នឹង​ព្រះបាទ​សាឡូម៉ូន​ទាំង​អស់​ដែរ។ ព្រះ‌យេហូវ៉ា​ក៏​តម្កើង​ព្រះបាទ​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ ជា​បុត្រ​អ៊ីសាយ បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល។ ពេល​វេលា​ដែល​ស្ដេច​សោយ‌រាជ្យ​លើ​គេ រួម​ទាំង​អស់​បាន​សែសិប​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​បី​ឆ្នាំ រួច​ទ្រង់​ក៏​សុគត ដោយ​មាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ផង នោះ​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ ព្រម​ទាំង​រឿង​ពី​រាជ្យ ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​ផង។:៚

១ របាក្សត្រ 29:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ថ្ងៃ​នោះ ពួក​គេ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្រោម​បរិយា‌កាស​ដ៏​សែន​រីក‌រាយ។ ពួក​គេ​ប្រកាស​សា​ជា​ថ្មី តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះ‌បាទ​ដាវីឌ ជា​ព្រះ‌មហា‌ក្សត្រ ព្រម​ទាំង​ចាក់​ប្រេង​អភិសេក​ស្ដេច​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ចាក់​ប្រេង​តែង‌តាំង​លោក​សាដុក ជា​បូជា‌ចារ្យ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះ‌បាទ​សាឡូម៉ូន។ មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌បាទ​សាឡូម៉ូន។ ព្រះ‌អម្ចាស់​លើក​តម្កើង​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​កាន់​តែ​ឧត្ដុង្គ‌ឧត្ដម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​ស្ដេច​បាន​ថ្កុំ‌ថ្កើង​លើស​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មុនៗ។ ព្រះ‌បាទ​ដាវីឌ ជា​បុត្រ​របស់​លោក​អ៊ីសាយ បាន​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ ស្ដេច​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ គឺ​ប្រាំ‌ពីរ​ឆ្នាំ​នៅ​ក្រុង​ហេប្រូន និង​សាម‌សិប​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ​ត​ពី​បិតា។ រាជ‌កិច្ច​របស់​ព្រះ‌បាទ​ដាវីឌ​តាំង​ពី​ដើម​រហូត​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​កិច្ចការ​របស់​លោក​សាំយូ‌អែល ជា​គ្រូ​ទាយ សៀវភៅ​កិច្ចការ​របស់​លោក​យ៉ូណា‌ថាន ជា​ព្យាការី និង​សៀវភៅ​កិច្ចការ​របស់​លោក​កាដ ជា​គ្រូ​ទាយ​ដែរ។ គេ​ក៏​រៀប​រាប់​អំពី​រាជ​សម្បត្តិ និង​វិរ‌ភាព​ដ៏​អង់‌អាច​របស់​ស្ដេច ព្រម​ទាំង​ហេតុ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​នៅ​រជ្ជ‌កាល​របស់​ស្ដេច ក្នុង​ស្រុក​អ៊ីស្រា‌អែល និង​ក្នុង​អាណា‌ចក្រ​ដទៃ​ទៀត។

១ របាក្សត្រ 29:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គេ​ក៏​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ​ឯង។ រួច​គេ​តាំង​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​នៃ​ដាវីឌ ឡើង​ម្តង​នេះ​ទៀត ឲ្យ​ធ្វើ​ជា​ស្តេច ក៏​ចាក់​ប្រេង​ញែក​ទ្រង់​ចេញ ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ទុក​ជា​អ្នក​គ្រប់‌គ្រង ហើយ​សាដុក​ផង ឲ្យ​ធ្វើ​ជា​សង្ឃ នោះ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់ ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ នឹង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ដាវីឌ នោះ​ក៏​ចុះ​ចូល​នឹង​ស្តេច​សាឡូម៉ូន​ទាំង​អស់​ដែរ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ដំកើង​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រាអែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រាអែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។ រីឯ​ដាវីឌ ជា​បុត្រ​អ៊ីសាយ ទ្រង់​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ពេល​វេលា​ដែល​ទ្រង់​សោយ‌រាជ្យ​លើ​គេ នោះ​រួម​ទាំង​អស់​បាន​៤០​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​៧​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣៣​ឆ្នាំ រួច​ទ្រង់​ក៏​សុគត​ទៅ​បាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ​សម្បត្តិ នឹង​កិត្តិយស​ផង នោះ​សាឡូម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា រីឯ​កិច្ច‌ការ​របស់​ស្តេច​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម រហូត​ដល់​ចុង នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត នឹង​ក្នុង​សៀវភៅ​របស់​ហោរា​ណាថាន់ ហើយ​ក្នុង​សៀវភៅ​របស់​កាឌ់ ជា​អ្នក​មើល‌ឆុត​ហើយ ព្រម​ទាំង​រឿង​ពី​រាជ្យ នឹង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​នោះ​ផង។:៚