១ របា‌ក្សត្រ 29:22-30

១ របា‌ក្សត្រ 29:22-30 គកស១៦

គេ​ក៏​បរិ‌ភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​អំណរ​ជា​ខ្លាំង​នៅ​ថ្ងៃ​នោះ។ គេ​ក៏​តាំង​សាឡូម៉ូន ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌជា​លើក​ទី​ពីរ គឺ​គេ​ក៏​ចាក់​ប្រេង​តាំង​ទ្រង់​ឲ្យ​ធ្វើ​ជាអ្នក​គ្រប់​គ្រង ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​សាដុក ឲ្យ​ធ្វើ​ជា​សង្ឃ។ នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់។ ចំណែក​ពួក​អ្នក​ដែល​ជា​កំពូល​ទាំង​អស់ និង​ពួក​ខ្លាំង​ពូកែ ព្រម​ទាំង​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ ក៏​ចុះ​ចូល​នឹង​ព្រះបាទ​សាឡូម៉ូន​ទាំង​អស់​ដែរ។ ព្រះ‌យេហូវ៉ា​ក៏​តម្កើង​ព្រះបាទ​សាឡូម៉ូន​ឡើង​យ៉ាង​ក្រៃ‌លែង នៅ​ភ្នែក​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​ទ្រង់​មាន​តេជា‌នុភាព​ដ៏​ខ្ពង់‌ខ្ពស់​ផង ដល់​ម៉្លេះ​បាន​ជា​កាល​មុន​ជំនាន់​ទ្រង់ មិន​ដែល​មាន​ស្តេច​ណា​ក្នុង​ពួក​អ៊ីស្រា‌អែល​ដែល​មាន​យ៉ាង​នោះ​ឡើយ។ ព្រះបាទ​ដាវីឌ ជា​បុត្រ​អ៊ីសាយ បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល។ ពេល​វេលា​ដែល​ស្ដេច​សោយ‌រាជ្យ​លើ​គេ រួម​ទាំង​អស់​បាន​សែសិប​ឆ្នាំ គឺ​ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​ហេប្រុន​បាន​ប្រាំពីរ​ឆ្នាំ ហើយ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សាមសិប​បី​ឆ្នាំ រួច​ទ្រង់​ក៏​សុគត ដោយ​មាន​ព្រះ‌ជន្ម​វែង​ល្អ ហើយ​បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម ទ្រព្យ‌សម្បត្តិ និង​កិត្តិ‌យស​ផង នោះ​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។ រីឯ​កិច្ច‌ការ​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ចាប់​តាំង​ពី​ដើម​រហូត​ដល់​ចុង នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​របស់​ហោរា​សាំយូ‌អែល ក្នុង​សៀវភៅ​ហោរា​ណាថាន់ និង​ក្នុង​សៀវភៅហោរា​កាដ​ហើយ ព្រម​ទាំង​រឿង​ពី​រាជ្យ ឥទ្ធា‌នុភាព​របស់​ទ្រង់ ពី​ជំនាន់​ទ្រង់ និង​ពួក​អ៊ីស្រា‌អែល ហើយ​អស់​ទាំង​រាជ្យ​របស់​នគរ​ផ្សេងៗ​ផង។:៚