សេផានា 3:9-20

សេផានា 3:9-20 គខប

ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។ អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។ យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួន ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក ប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។ «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។ នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។