សេផានា 3:9-20

សេផានា 3:9-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។ ពួក​អ្នក​ថ្វាយ‌បង្គំ​យើង គឺ​កូន​ស្រី​នៃ​ពួក​អ្នក​ដែល​យើង​បាន​កម្ចាត់​កម្ចាយ​ទៅ គេ​នឹង​នាំ​យក​តង្វាយ​ពី​ខាង​នាយ​ទន្លេ ស្រុក​អេធីយ៉ូពី មក​ថ្វាយ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​មិន​ត្រូវ​ខ្មាស ដោយ​ព្រោះ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ត ជា​ការ​ដែល​អ្នក​បាន​បះ​បោរ ទាស់​នឹង​យើង​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត។ ប៉ុន្ដែ យើង​នឹង​ទុក​ប្រជាជន​មួយ​ពួក​ដែល​ទន់​ទាប ហើយ​កម្សត់​ទុគ៌ត​នៅ​កណ្ដាល​អ្នក គេ​នឹង​ស្វែង​រក​ទី​ពួន​ជ្រក​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​នៅ​សេស​សល់ក្នុង​ពួក​អ៊ីស្រា‌អែល គេ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​ពាក្យ​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្ដាត​ឆបោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​ពី​ចិត្ត​ទៅ! ព្រះ‌យេហូវ៉ា​បាន​លើក​លែង​ទោស​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​បង្វែរ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ។ ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​របស់​អ៊ីស្រា‌អែល គង់​នៅ​កណ្ដាល​អ្នក អ្នក​នឹង​មិន​ខ្លាច​សេចក្ដី​អាក្រក់​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។ យើង​នឹង​ប្រមូល​អស់​អ្នកក្នុង​ចំណោម ឯង​រាល់​គ្នា​ដែល​ស្តាយ​ស្រណោះ​ថ្ងៃ​បុណ្យ​ដ៏​សំខាន់ ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​រង​ដំណៀល​ទៀត​ឡើយ។ មើល៍ នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ទោស​អស់​អ្នក​ដែល​សង្កត់​សង្កិន​អ្នក យើង​នឹង​សង្គ្រោះ​អ្នក​ដែល​ខ្វិន ហើយ​ប្រមូល​អ្នក​ដែល​គេ​បណ្តេញ​ចេញ​មក​វិញ យើង​នឹង​បំផ្លាស់​សេចក្ដី​អាម៉ាស់​របស់​គេ ឲ្យទៅ​ជា​ទី​សរសើរ ហើយឲ្យ​មាន​កេរ្ដិ៍​ឈ្មោះ​ល្បី​ពាស​ពេញ​លើ​ផែន‌ដី។ នៅ​គ្រា​នោះ យើង​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក នៅ​គ្រា​នោះ យើង​នឹង​ប្រមូល​ផ្ដុំ​ឯង​រាល់​គ្នា ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​មាន​កេរ្ដិ៍​ឈ្មោះ ហើយ​ឲ្យ​បាន​ជា​ទី​សរសើរ​ក្នុង​ចំណោម អស់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី នៅ​ពេល​ដែល​យើង​ស្ដារ​ស្ថាន​ភាព​របស់​អ្នក​ឡើង​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន សេផានា 3

សេផានា 3:9-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ យើង​នឹង​ជម្រះ​បបូរ​មាត់ ជាតិ​សាសន៍​នានា​ឲ្យ​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​អង្វរ​រក នាម​យើង​ជា​ព្រះ‌អម្ចាស់ ហើយ​ព្រម​ព្រៀង​គ្នា​គោរព​បម្រើ​យើង។ អ្នក​ថ្វាយ‌បង្គំ​យើង ដែល​យើង​កម្ចាត់‌កម្ចាយ ឲ្យ​ទៅ​នៅ​ខាង​នាយ​ទន្លេ​ស្រុក​អេត្យូ‌ពី នឹង​នាំ​គ្នា​យក​តង្វាយ​មក​ឲ្យ​យើង។ នៅ​ថ្ងៃ​នោះ អ្នក​នឹង​លែង​អាម៉ាស់ ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​អំពើ​បាប​ប្រឆាំង​នឹង​យើង ដ្បិត​យើង​ដក​មនុស្ស​ក្អេង‌ក្អាង ចេញ​ពី​ចំណោម​អ្នក ហើយ​អ្នក​ក៏​លែង​វាយ‌ឫក​ខ្ពស់​នៅ​លើ ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ដែរ។ យើង​នឹង​ទុក​ប្រជា‌ជន​មួយ​ចំនួន ដែល​ទន់‌ទាប ហើយ​ក្រ‌ខ្សត់ ឲ្យ​នៅ​សេស‌សល់​ក្នុង​អ្នក ប្រជា‌ជន​នេះ​នឹង​ផ្ញើ​ជីវិត​លើ​នាម​យើង ដែល​ជា​ព្រះ‌អម្ចាស់។ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សេស‌សល់ លែង​ប្រព្រឹត្ត​បទ​ល្មើស លែង​និយាយ​កុហក និង​លែង​និយាយ​បោក​បញ្ឆោត​ទៀត​ហើយ ពួក​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត គ្មាន​នរណា​មក​បំភ័យ​ពួក​គេ​ទៀត​ឡើយ»។ ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។ «យើង​នឹង​ប្រមូល​អស់​អ្នក​ដែល​កើត​ទុក្ខ​ព្រួយ ដោយ​មិន​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ដ៏​សំខាន់ៗ គឺ​អស់​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​អ្នក ហើយ​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​សង្កត់‌សង្កិន​អ្នក។ យើង​នឹង​សង្គ្រោះ​ចៀម​ដែល​ដើរ​ពុំ​រួច ហើយ​ប្រមូល​ចៀម​ដែល​វង្វេង។ យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កិត្តិយស និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រូវ​អាម៉ាស់។ នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:9-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន‌ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់ ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​ដង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ នៅ​ថ្ងៃ​នោះ ឯង​មិន​ត្រូវ​ខ្មាស​ដោយ​ព្រោះ​អស់​ទាំង​កិរិយា ដែល​ឯង​បាន​ធ្វើ គឺ​ជា​ការ​ដែល​ឯង​បាន​រំលង​ទាស់​នឹង​អញ​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​កណ្តាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ពួក​សំណល់​នៃ​អ៊ីស្រាអែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ ព្រះ‌យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូ‌សាឡិម​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់‌ថយ​ឲ្យ​សោះ ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង អញ​នឹង​ប្រមូល​អស់​អ្នក ក្នុង​ពួក​ឯង ដែល​ស្តាយ​ជំនុំ​មុត‌មាំ ជា​ពួក​អ្នក​ដែល​សេចក្ដី​ដំនៀល​នោះ បាន​សង្កត់‌សង្កិន​លើ មើល នៅ​គ្រា​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​អស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង អញ​នឹង​ជួយ​សង្គ្រោះ​ណា​ដែល​ខ្វិន ហើយ​នឹង​ប្រមូល​ណា​ដែល​ត្រូវ​បណ្តេញ​ឲ្យ​មក​វិញ រួច​អញ​នឹង​តាំង​គេ​ដែល​ពី​ដើម​មាន​សេចក្ដី​ខ្មាស​នៅ​ពេញ​លើ​ផែនដី ឲ្យ​ឡើង​ជា​ទី​សរសើរ នឹង​ជា​កិត្តិសព្ទ​វិញ នៅ​គ្រា​នោះ អញ​នឹង​នាំ​ឯង​រាល់​គ្នា​ចូល​មក ហើយ​នៅ​គ្រា​នោះ អញ​នឹង​ប្រមូល​ឯង​ឲ្យ​មូល​គ្នា ដ្បិត​អញ​នឹង​លើក​ឯង​រាល់​គ្នា​ឲ្យ​មាន​ឈ្មោះ ហើយ​ឲ្យ​ជា​ទី​សរសើរ នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី គឺ​ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឯង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ នៅ​ចំពោះ​ភ្នែក​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។:៚

ចែក​រំលែក
អាន សេផានា 3