សេផានា 3:1-8

សេផានា 3:1-8 គខប

យេរូ‌សាឡឹម​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​ក្រុង​នេះ​ជា​ជន​បះ‌បោរ ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជិះ‌ជាន់​សង្កត់‌សង្កិន​គ្នា។ ពួក​គេ​មិន​ស្ដាប់​ព្រះ​សូរ‌សៀង​របស់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ទទួល​ការ​ប្រដៅ​ពី​ព្រះអង្គ​ដែរ។ ពួក​គេ​មិន​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ចូល​មក​ជិត​ព្រះ​របស់​ខ្លួន​ទេ។ មេ​ដឹក​នាំ​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​សិង្ហ ដែល​គិត​តែ​ពី​គ្រហឹម។ ចៅ‌ក្រម​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ចចក ដែល​រក​ស៊ី​នៅ​ពេល​ល្ងាច ហើយ​ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​សម្រាប់​កកេរ នៅ​ពេល​ព្រឹក​ឡើយ។ ព្យាការី​របស់​ពួក​គេ​ជា​មនុស្ស​ក្អេង‌ក្អាង ហើយ​ក្បត់​មុខងារ​របស់​ខ្លួន។ បូជា‌ចារ្យ​របស់​ពួក​គេ​នាំ​គ្នា​បន្ថោក​អ្វីៗ ដែល​ជា​ទីសក្ការៈ ព្រម​ទាំង​បំពាន​លើ​ក្រឹត្យ‌វិន័យ។ ប៉ុន្តែ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ចំណោម​ពួក​គេ ព្រះអង្គ​សុចរិត ឥត​ធ្វើ​អ្វី​ខុស​សោះ រៀង​រាល់​ព្រឹក ព្រះអង្គ​បង្ហាញ​យុត្តិធម៌ ឲ្យ​ពួក​គេ​ឃើញ​ច្បាស់ មិន​ដែល​អាក់‌ខាន​ទេ។ ប៉ុន្តែ មនុស្ស​ប្រព្រឹត្ត​ល្មើស​មិន​ចេះ​ខ្មាស​ឡើយ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​កម្ទេច​ប្រជា‌ជាតិ​នានា យើង​បំផ្លាញ​ប៉ម​ការពារ​ក្រុង​របស់​ពួក​គេ យើង​ធ្វើ​ឲ្យ​ផ្លូវ​របស់​គេ​នៅ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​ដើរ! ក្រុង​របស់​គេ​នឹង​ត្រូវ​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត។ យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោតខ្លាច និង​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំនៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។ ហេតុ​នេះ ចូរ​ចាំ​យើង​សិន! ចូរ​រង់‌ចាំ​ថ្ងៃ​យើង​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា។ យើង​នឹង​ប្រមូល​ប្រជា‌ជាតិ និង​នគរ​ទាំង‌ឡាយ យើង​នឹង​ជះ​កំហឹង​ដ៏​ខ្លាំង​របស់​យើង ទៅ​លើ​ពួក​គេ ដូច​ភ្លើង​ឆាប‌ឆេះ ដ្បិត​ភ្លើង​នៃ​កំហឹង​របស់​យើង​នឹង​ឆាប‌ឆេះ ផែនដី​ទាំង​មូល -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។