សេផានា 2:1-15

សេផានា 2:1-15 គខប

ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ ចូរ​ប្រមូល​ផ្ដុំ​គ្នា​រិះគិត​ពិចារណា មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង ប៉ើង​តាម​ខ្យល់ និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង! អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប នៅ​ក្នុង​ស្រុក​អើយ អ្នក​រាល់​គ្នា​តែងតែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន នោះ​អ្នក​រាល់​គ្នា​ប្រហែល​បាន​រួច​ជីវិត នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ។ ក្រុង​កាសា​នឹង​ត្រូវ​ប្រជា‌ជន​បោះ​បង់​ចោល ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ក្រុង​អាស‌ដូឌ​នឹង​ត្រូវ​គេ​កៀរ​ប្រជា‌ជន​ចេញ ទាំង​កណ្ដាល​ថ្ងៃ​ត្រង់ ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។ ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលីស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។ ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។ កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។ ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន ធ្វើ​ជា​ជម្រក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល ព្រះអង្គ​ស្ដារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។ «យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់ និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ត្រ​របស់​យើង ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។ ហេតុ​នេះ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា: ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​ដែរ គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។ ប្រជា‌រាស្ត្រ​របស់​យើង​ដែល​នៅ​សេស‌សល់ នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្ដាល​មក​ពី ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាច ដ្បិត​ព្រះអង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន ឲ្យ​អស់​ពី​ផែនដី ប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។ «ជន‌ជាតិ​អេត្យូ‌ពី​អើយ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ យើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នា ដោយ​ដាវ​របស់​យើង»។ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ ស្រុក​ខាង​ជើង ព្រះអង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។ ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំ‌ប្រមា ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។ សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។ ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់ ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។ មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។