សេផានា 2:1-15
សេផានា 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ម្នាល សាសន៍ដែលមិនចេះខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា មុនដែលត្រូវសម្រេចតាមច្បាប់ មុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័ស របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា គឺមុនដែលថ្ងៃនៃសេចក្ដីក្រោធ របស់ព្រះយេហូវ៉ាធ្លាក់មកលើឯងរាល់គ្នា។ អ្នកទាំងអស់គ្នាដែលរាបសានៅក្នុងស្រុក ដែលធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកព្រះអង្គ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីរាបសាចុះ ប្រហែលជាឯងរាល់គ្នានឹងបានបិទបាំង នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា។ ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ។ វេទនាដល់ឯងរាល់គ្នាដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ម្នាលឯងរាល់គ្នាជាសាសន៍កេរេធីមអើយ! ព្រះបន្ទូលរបស់ព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នាហើយ ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នកមិនឲ្យមាន អ្នកណាសល់នៅទៀតឡើយ។ ឯឯង ឱស្រុកតាមឆ្នេរសមុទ្រអើយ ឯងនឹងបានជាវាលស្មៅ ជាកន្លែងឃ្វាលសត្វសម្រាប់ពួកគង្វាល និងក្រោលសម្រាប់ហ្វូងចៀម។ ស្រុកតាមឆ្នេរសមុទ្រនឹងក្លាយជាកេរអាករ នៃសំណល់ពូជពង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះ នៅក្នុងក្រុងអាសកាឡូន ដ្បិតព្រះយេហូវ៉ា ជាព្រះរបស់គេ ព្រះអង្គនឹងប្រោសគេ ហើយស្ដារស្ថានភាពរបស់គេឡើងវិញ។ យើងបានឮពាក្យដំណៀលរបស់សាសន៍ម៉ូអាប់ និងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀល ដល់ប្រជារាស្ត្ររបស់យើង ហើយបានអួតខ្លួនគេទាស់នឹង ទឹកដីប្រជារាស្ត្ររបស់យើង។ ហេតុនេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គស្បថថា៖ ដរាបណាយើងមានជីវិតគង់នៅ ពិតប្រាកដជាស្រុកម៉ូអាប់ នឹងបានដូចជាក្រុងសូដុម ហើយពួកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ ជាស្រុកដែលមានសុទ្ធតែដើមកន្ទេចអាល និងអណ្តូងអំបិល ហើយជាទីស្មសានរហូតតទៅ។ ឯសំណល់នៃប្រជារាស្ត្ររបស់យើង នឹងរឹបអូសយកទ្រព្យសម្បត្តិរបស់គេ ហើយពួកអ្នកនៅមានជីវិតនៃសាសន៍របស់យើង នឹងកាន់កាប់ស្រុករបស់គេ។ នេះជាហេតុការណ៍ដែលនឹងកើតមានដល់គេ សម្រាប់អំនួតរបស់គេ ដោយព្រោះគេបានត្មះតិះដៀល ហើយអួតខ្លួនទាស់នឹងប្រជារាស្ត្រ របស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះយេហូវ៉ានឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតព្រះអង្គនឹងធ្វើឲ្យព្រះទាំងប៉ុន្មាន នៅផែនដីរៀវសូន្យទៅ ហើយមនុស្សទាំងឡាយនឹងថ្វាយបង្គំព្រះអង្គវិញ គ្រប់គ្នានឹងថ្វាយបង្គំនៅតាមកន្លែងរបស់គេរៀងខ្លួន គឺអស់ទាំងឆ្នេរ និងកោះទាំងប៉ុន្មាន របស់សាសន៍ទាំងឡាយ។ ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់យើងដែរ។ ព្រះអង្គនឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើង ក៏នឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចទីរហោស្ថាន។ អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្ដាលនោះ សត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ និងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងរបស់វាយំនៅមាត់បង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំង ក៏ត្រូវរបើកអស់ដែរ។ នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាជម្រកសម្រាប់ពពួកសត្វព្រៃយ៉ាងណាហ្ន៎! អស់អ្នកណាដែលដើរតាមទីនោះ នឹងហួចចំអក ហើយរលាស់ដៃ។
សេផានា 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា មុនពេលព្រះអម្ចាស់ប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលព្រះអម្ចាស់ធ្វើទោសអ្នករាល់គ្នា នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង! អ្នកទាំងអស់គ្នាជាមនុស្សទន់ទាប នៅក្នុងស្រុកអើយ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះអង្គ ដូច្នេះ ចូរស្វែងរកព្រះអម្ចាស់ទៅ។ ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត នៅថ្ងៃព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ក្រុងកាសានឹងត្រូវប្រជាជនបោះបង់ចោល ក្រុងអាស្កាឡូននឹងក្លាយទៅជាទីស្មសាន ក្រុងអាសដូឌនឹងត្រូវគេកៀរប្រជាជនចេញ ទាំងកណ្ដាលថ្ងៃត្រង់ ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។ ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ មុខជាត្រូវវេទនាពុំខាន ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹង អ្នករាល់គ្នាថា៖ «ទឹកដីកាណាន ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។ ស្រុកដែលនៅតាមឆ្នេរសមុទ្រនឹងក្លាយទៅជា វាលស្មៅសម្រាប់សត្វ ជាកន្លែងឃ្វាលហ្វូងសត្វ និងជាកន្លែងដែលគេទុកឲ្យហ្វូងសត្វនៅ»។ កូនចៅយូដាដែលនៅសេសសល់នឹង ប្រើទឹកដីនេះសម្រាប់ឃ្វាលហ្វូងសត្វរបស់ខ្លួន។ ពួកគេនឹងយកផ្ទះនានានៅក្នុងក្រុងអាស្កាឡូន ធ្វើជាជម្រកស្នាក់អាស្រ័យនៅពេលយប់។ ព្រះអម្ចាស់ជាព្រះរបស់ពួកគេធ្វើដូច្នេះ ដើម្បីជាប្រយោជន៍ដល់ពួកគេ នៅពេល ព្រះអង្គស្ដារស្រុករបស់ពួកគេឡើងវិញ។ «យើងបានឮពាក្យដែលអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកអាំម៉ូនជេរប្រមាថ ត្មះតិះដៀលប្រជារាស្ត្ររបស់យើង ព្រមទាំងឈ្លានពានទឹកដីរបស់គេផង។ ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ហេតុការណ៍កើតមានដូច្នេះ បណ្ដាលមកពី ពួកគេមានអំនួត ពួកគេត្មះតិះដៀល ប្រជារាស្ត្ររបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រមទាំងឈ្លានពានទឹកដីរបស់គេទៀតផង។ ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេស្ញែងខ្លាច ដ្បិតព្រះអង្គនឹងលុបបំបាត់ព្រះទាំងប៉ុន្មាន ឲ្យអស់ពីផែនដី ប្រជាជាតិដែលរស់នៅតាមកោះទាំងឡាយ នឹងនាំគ្នាក្រាបថ្វាយបង្គំព្រះអង្គ នៅតាមកន្លែងរបស់គេរៀងៗខ្លួន។ «ជនជាតិអេត្យូពីអើយ អ្នករាល់គ្នាក៏ដូច្នោះដែរ យើងនឹងចាក់ទម្លុះអ្នករាល់គ្នា ដោយដាវរបស់យើង»។ ព្រះអម្ចាស់នឹងលើកព្រះហស្ដវាយប្រហារ ស្រុកខាងជើង ព្រះអង្គនឹងកម្ទេចស្រុកអាស្ស៊ីរី ព្រះអង្គនឹងធ្វើឲ្យក្រុងនីនីវេ ក្លាយទៅជាទីស្មសាន ជាកន្លែងហួតហែងដូចវាលរហោស្ថាន។ ហ្វូងសត្វនឹងមកធ្វើជម្រកនៅកណ្ដាលក្រុងនោះ ហើយសត្វគ្រប់ប្រភេទ គឺមានសត្វទុង កាំប្រមា ក៏មកជ្រកនៅតាមសសរអាគាររបស់ក្រុងនោះដែរ។ សំឡេងសត្វព្រៃនឹងលាន់ឮនៅតាមបង្អួច។ ក្របទ្វារផ្ទះបាក់បែកអស់ ហើយឈើដ៏មានតម្លៃក៏បាក់ជ្រុះអស់ដែរ។ មើល៍! ទីក្រុងដែលធ្លាប់តែសប្បាយ ស្គាល់តែសេចក្ដីសុខសាន្ត ហើយតែងគិតថា គ្មាននរណាផ្ទឹមស្មើនឹងខ្លួន បានក្លាយទៅជាទីស្មសាន ជាជម្រកសត្វព្រៃ។ អស់អ្នកដែលដើរកាត់តាមនោះ នាំគ្នាស្រឡាំងកាំង ហើយព្រឺសម្បុរ។
សេផានា 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម្នាល នគរឥតខ្មាសអើយ ចូរមូលគ្នាមក អើ ចូរមូលគ្នា មុនកំណត់ដែលត្រូវសំរេចតាមច្បាប់ គឺមុនដែលថ្ងៃនោះកន្លងបាត់ទៅដូចជាអង្កាម មុនដែលសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អើមុនដែលថ្ងៃមកដល់ ក្នុងកាលដែលសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាមកលើអ្នករាល់គ្នា អស់អ្នករាបសានៅផែនដីដែលរក្សាអស់ទាំងបញ្ញត្តច្បាប់របស់ព្រះយេហូវ៉ាអើយ ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង។ ដ្បិតក្រុងកាសានឹងត្រូវស្ងាត់ច្រៀប ហើយក្រុងអាសកាឡូននឹងត្រូវខូចបង់ ឯពួកក្រុងអាសដូឌ នឹងត្រូវបណ្តេញចេញទៅទាំងថ្ងៃត្រង់ ហើយក្រុងអេក្រុននឹងត្រូវរំលើងទៅដែរ វេទនាដល់ពួកអ្នកដែលអាស្រ័យនៅតាមឆ្នេរសមុទ្រ ជាសាសន៍កេរេធីមនោះ ព្រះបន្ទូលនៃព្រះយេហូវ៉ាទាស់នឹងឯងរាល់គ្នា ម្នាលកាណាន ជាស្រុករបស់ពួកភីលីស្ទីនអើយ អញនឹងបំផ្លាញឯង មិនឲ្យមានអ្នកណាគង់នៅទៀតឡើយ នោះស្រុកតាមឆ្នេរសមុទ្រនឹងបានជាទីសំរាប់ឃ្វាលសត្វ មានទាំងទីលំនៅសំរាប់ពួកអ្នកគង្វាល នឹងក្រោលសំរាប់ហ្វូងចៀមដែរ ស្រុកនោះនឹងបានសំរាប់សំណល់នៃពួកវង្សយូដា គេនឹងឃ្វាលហ្វូងសត្វរបស់គេនៅទីនោះ នៅពេលយប់ គេនឹងដេកក្នុងផ្ទះនៅក្នុងអាសកាឡូន ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃគេទ្រង់នឹងប្រោសគេ ហើយនាំពួកគេដែលជាប់ជាឈ្លើយមកវិញ។ អញបានឮពាក្យដំនៀលរបស់សាសន៍ម៉ូអាប់ នឹងពាក្យជេរប្រមាថរបស់ពួកកូនចៅអាំម៉ូន គឺជាពាក្យដែលគេត្មះតិះដៀលដល់រាស្ត្រអញ ហើយបានដំកើងខ្លួនគេទាស់នឹងព្រំស្រុករបស់រាស្ត្រអញផង ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ស្បថថា ដូចជាអញរស់នៅ ពិតប្រាកដជាស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុំម ហើយពួកកូនចៅអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាទីមានសុទ្ធតែដើមកន្ទេចអាល នឹងអណ្តូងអំបិល ជាទីខូចបង់នៅជានិច្ច ឯសំណល់នៃរាស្ត្រអញ នឹងប្លន់គេ ហើយសំណល់នៃនគរអញ នឹងចាប់យកគេជាមរដក នេះជាសេចក្ដីដែលនឹងកើតមានដល់គេ ដោយព្រោះសេចក្ដីអំនួតរបស់គេ ពីព្រោះគេបានត្មះតិះដៀល ហើយដំកើងខ្លួន ទាស់នឹងរាស្ត្ររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះយេហូវ៉ាទ្រង់នឹងបានជាទីស្ញែងខ្លាចដល់គេ ដ្បិតទ្រង់នឹងធ្វើឲ្យអស់ទាំងរូបព្រះ នៅផែនដីរៀវសូន្យទៅ នោះមនុស្សទាំងឡាយនឹងថ្វាយបង្គំដល់ទ្រង់វិញ គ្រប់គ្នានឹងថ្វាយបង្គំនៅកន្លែងរបស់ខ្លួន គឺអស់ទាំងកោះរបស់សាសន៍ផ្សេងៗផង។ ឯឯងរាល់គ្នា ជាសាសន៍អេធីយ៉ូពី ក៏នឹងត្រូវស្លាប់ដោយដាវរបស់អញដែរ ទ្រង់នឹងលូកព្រះហស្តទៅទាស់នឹងស្រុកខាងជើងដែរ គឺនឹងបំផ្លាញស្រុកអាសស៊ើរ ហើយធ្វើឲ្យក្រុងនីនីវេខូចបង់ ជាទីហួតហែង ដូចជាទីរហោស្ថាន អស់ទាំងហ្វូងសត្វនឹងដេកនៅកណ្តាលនោះ ព្រមទាំងសត្វគ្រប់ពូជទាំងអស់ ទាំងស្មោញ នឹងខ្វែក នឹងទំលើក្បាលសសរ នឹងឮសំឡេងវាយំត្រង់អស់ទាំងបង្អួច ហើយនៅមាត់ទ្វារទាំងប៉ុន្មាន នោះសុទ្ធតែខូចបង់ទទេ ដ្បិតឈើតាត្រៅដែលស្រោបជញ្ជាំងត្រូវគាស់បើកទាំងអស់ នោះហើយ ជាទីក្រុងដែលតែងតែបានសប្បាយ ហើយឥតកង្វល់ ជាក្រុងដែលរមែងគិតក្នុងចិត្តថា «មានតែអញទេ ក្រៅពីអញគ្មានទីក្រុងណាសោះ» ទីក្រុងនោះបានត្រឡប់ជាស្ងាត់ច្រៀប ជាទីសំរាប់ឲ្យអស់ទាំងសត្វដេកចុះយ៉ាងណាហ្ន៎ អស់អ្នកណាដែលដើរតាមទីនោះ នឹងធ្វើស៊ីសស៊ូសឲ្យ ហើយរាដៃ។