សាការី 2:6-13

សាការី 2:6-13 គខប

«យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក​រាល់​គ្នា ទៅ​តាម​ទិស​ទាំង​បួន! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​គ្នា​ប្រញាប់‌ប្រញាល់ រត់​ចាក​ចេញ​ពី​ស្រុក​ខាង​ជើង​មក! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ដែល​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​បាប៊ី‌ឡូន​អើយ ចូរ​នាំ​គ្នា​រត់​ចេញ​ពី​ទី​នោះ​ជា​ប្រញាប់!»។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ប្រទាន​អំណាច និង​ចាត់​ខ្ញុំ​ឲ្យ​ទៅ ប្រាប់​ប្រជា‌ជាតិ​នានា ដែល​រឹប​អូស​យក​ស្រុក​របស់​អ្នក​រាល់​គ្នា​ថា: «អ្នក​ណា​ប៉ះ‌ពាល់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ប៉ះ‌ពាល់​ប្រស្រី​ភ្នែក​របស់​យើង​ដែរ។ យើង​នឹង​លើក​ដៃ​ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ឈ្លើយ នៃ​ពួក​ទាសករ​របស់​ខ្លួន» ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ពិត​ជា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។ «ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ស្រែក​ហ៊ោ​ដោយ​អំណរ! ចូរ​សប្បាយ​រីក‌រាយ​ឡើង! ដ្បិត​យើង​មក​រក​អ្នក​ហើយ យើង​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក!» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ «នៅ​ថ្ងៃ​នោះ ប្រជា‌ជាតិ​ជា​ច្រើន នឹង​ជំពាក់​ចិត្ត​លើ​យើង ជា​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក»។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល បាន​ចាត់​ខ្ញុំ​ឲ្យ​មក​រក​អ្នក។ ព្រះ‌អម្ចាស់​នឹង​យក​ស្រុក​យូដា ធ្វើ​ជា​ទឹក​ដី​របស់​ព្រះអង្គ​ផ្ទាល់ ក្នុង​ទឹក​ដី​ដ៏វិសុទ្ធ ព្រះអង្គ​នឹង​ជ្រើស​រើស ក្រុង​យេរូ‌សាឡឹម​ដូច​ពី​មុន។ សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។