សាការី 2:6-13
សាការី 2:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ពួកស៊ីយ៉ូនដែលនៅជាមួយកូនស្រីក្រុងបាប៊ីឡូនអើយ ចូររត់ឲ្យរួចចុះ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។ មើល៍! យើងនឹងលាតដៃលើគេ ហើយគេនឹងក្លាយជាឈ្លើយនៃពួកអ្នកបម្រើរបស់គេវិញ» ពេលនោះ ឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ខ្ញុំមកមែន។ ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា «នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។ ព្រះយេហូវ៉ានឹងបានស្រុកយូដាជាមត៌ក នៅក្នុងស្រុកបរិសុទ្ធ ហើយព្រះអង្គនឹងរើសយកក្រុងយេរូសាឡិមទៀត។ មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។
សាការី 2:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«យើងបានកម្ចាត់កម្ចាយអ្នករាល់គ្នា ទៅតាមទិសទាំងបួន! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ឥឡូវនេះ ចូរនាំគ្នាប្រញាប់ប្រញាល់ រត់ចាកចេញពីស្រុកខាងជើងមក! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប្រជាជនក្រុងស៊ីយ៉ូនដែលតាំងទីលំនៅ ក្នុងស្រុកបាប៊ីឡូនអើយ ចូរនាំគ្នារត់ចេញពីទីនោះជាប្រញាប់!»។ ព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ប្រទានអំណាច និងចាត់ខ្ញុំឲ្យទៅ ប្រាប់ប្រជាជាតិនានា ដែលរឹបអូសយកស្រុករបស់អ្នករាល់គ្នាថា: «អ្នកណាប៉ះពាល់អ្នករាល់គ្នា ក៏ដូចជាប៉ះពាល់ប្រស្រីភ្នែករបស់យើងដែរ។ យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ ពួកគេនឹងក្លាយទៅជាឈ្លើយ នៃពួកទាសកររបស់ខ្លួន» ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូល ពិតជាបានចាត់ខ្ញុំឲ្យមកមែន។ «ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់ ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។ ព្រះអម្ចាស់នឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ព្រះអង្គនឹងជ្រើសរើស ក្រុងយេរូសាឡឹមដូចពីមុន។ សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពី ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។
សាការី 2:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហឺយៗ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតអញបានបែងចែកឯងរាល់គ្នាទៅ ដូចជាខ្យល់ទាំង៤នៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ហឺយ ពួកស៊ីយ៉ូន ដែលនៅជាមួយនឹងកូនស្រីក្រុងបាប៊ីឡូនអើយ ចូរដោះខ្លួនឲ្យរួចចុះ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា ក្រោយសិរីល្អ នោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺជាពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ ដ្បិតមើលអញនឹងងាដៃពីលើគេ ហើយគេនឹងត្រឡប់ជារបឹបដល់ពួកអ្នកដែលបំរើគេវិញ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់អញមក ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់ឲ្យអញមកឯឯង ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។